ក្តុកក្តួលណាស់! ដើរប្រកាសពីជោគជ័យបងស្រី តែនាទីចុងក្រោយប្អូនប្រុស ឆន ស្រីណេត មិនធ្វើបានសូម្បីរឿងនេះ…

កាលពីពេលថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម និង អ្នកគាំទ្ររបស់លំដាប់រងទី ១ MUC 2021 កញ្ញា ឆន ស្រីណេត ហាក់មានការតក់ស្លុត និង ចូលរួមរំលែកទុក្ខយ៉ាងខ្លាំងដល់រូបនាង និង ក្រុមគ្រួសារកំពុងជួបទុក្ខធំ ដោយប្អូនប្រុសជាទីស្រឡាញ់ បានទទួលមរណភាពទាំងវ័យក្មេង បន្ទាប់ពីនាងទើបតែទទួលបានភាពជោគជ័យលើឆាកប្រកួត Miss Universe Cambodia 2021 បានត្រឹមមួយថ្ងៃ។

អ្វីដែលកាន់តែសោកស្ដាយបំផុតទៀតនោះ ប្អូនប្រុស កញ្ញា ឆន ស្រីណេត មិនទាន់បានអបអរសាទរបងស្រីនៅនឹងមុខនាងផ្ទាល់ ដែលទទួលបានជ័យលាភីរងទី ១ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2021 ផង រូបគេក៏បានទទួលមរណភាពទៅហើយ។

ស្រីណេត បានបង្ហាញអារម្មណ៍សោកសៅ និង ក្រៀមក្រំបំផុតចំពោះការបាត់បង់ប្អូនប្រុសយ៉ាងខ្លាំង ដោយនៅថ្ងៃ ៣០ ខែតុលា ឆ្នាំ ២០២១ នេះ សពប្អូនប្រុសរបស់នាងត្រូវបានធ្វើពិធីបូជាហើយ តែគួរឱ្យសោកស្ដាយ សូម្បីឱកាសជូនដំណើរប្អូនជាលើកចុងក្រោយ ក៏ ឆន ស្រីណេត មិនបានធ្វើដែរ។

ជាងនេះទៅទៀត នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ឆន ស្រីណេត បានរៀបរាប់នូវរឿងមួយកាន់តែស្លុតចិត្តធ្វើឱ្យអ្នកគាំទ្រកាន់តែស្រណោះស្រណោកទៀតនោះ គឺមុននឹងប្អូនប្រុសលាចាកលោកគេបានដើរប្រកូកប្រកាសរំភើបរីករាយ ក្រោយរូបនាងទទួលបានភាពជោគជ័យ តែចុងក្រោយគេមិនអាចបានអបអរបងស្រីនៅនឹងមុខផ្ទាល់បាន។

កញ្ញា ឆន ស្រីណេត បានរៀបរាប់ថា ៖ «មុនប្អូនប្រុសរបស់ ណេត លាចាកលោក គាត់បានសប្បាយចិត្តខ្លាំងណាស់ គាត់បានដើរអួតគេពេញភូមិថាបងស្រីខ្ញុំប្រឡងជាប់ហើយៗ ហើយញញឹមរហូត។ សោកស្តាយណាស់ ដែលបងមិនមានឱកាសជួបប្អូនប្រុសរបស់បងទៀតឡើយ។ ប្អូនខ្ញុំគាត់មោទកភាពលើខ្ញុំខ្លាំងណាស់»៕