នេះជាអាថ៌កំបាំងរឿងរ៉ាវដ៏អស្ចារ្យទាំង ៥ ពាក់ព័ន្ធទៅនឹងប្រវត្តិនៃការកកើតទឹកដីកម្ពុជា(មានវីដេអូ)

កម្ពុជាគឺជាប្រទេសដែលបានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែល អ្នកស្រាវជ្រាវតែងតែបន្តរុករក ដើម្បីធ្វើការបកស្រាវពីទឹកដីដ៏អច្ឆិរយមួយនេះ។ ប្រាង្គប្រាសាទ សិលាចារឹក មានស្ទើតែគ្រប់ទីកន្លែង ហើយសុទ្ធតែបង្កប់ដោយអាថ៌កំបាំង និងចម្ងល់រាប់ពាន់ឆ្នាំដោយបង្កើតបានជាចម្ងល់មិនចេះចប់ដល់កូនខ្មែរជំនាន់ក្រោយ។ នៅពេលថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញនូវអាថ៌កំបាំងថ្មីៗដែលពាក់ព័ន្ធទៅនឹងប្រវត្ថិនៃការកកើតទឹកដីកម្ពុជា ដែលអស្ចារ្យបំផុត។ រឿងរ៉ាវទាំងអស់នោះរួមមាន៖

*ទី១-រកឃើញដើមធ្លក និងគ្រាប់ធ្លកកប់នៅក្រោមបាតប្រាសាទភិមានអាកាស៖ ដែលអាចមានទាក់ទងទៅនឹងរឿងព្រេងនគរគោកធ្លក ។ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយរកឃើញមានដើមធ្លកនិងគ្រាប់ធ្លកនៅក្រោមបាតប្រាសាទភិមានអាកាស និងបានដាក់ការសន្និដ្ឋានថា អាចមានការទាក់ទងជាមួយនិងរឿងព្រេងនគរគោកធ្លក។ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាម៉ូឌែលធំ របស់វិទ្យាដ្ឋានសាលាបារាំងចុងបូព៌ា សហការគ្នាជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការស្រាវជ្រាវជុំវិញទីតាំងអតីតព្រះបរមរាជវាំងអង្គរធំអស់រយៈកាលជិត២០ឆ្នាំមកហើយ ។ អ្វីដែលអស្ចារ្យនោះគឺរឿងរ៉ាវនគរគោកធ្លកដែលកើតឡើងនៅរយៈកាលសតវត្សទី១៩នោះគឺពិតជាមានកំណើតនៅក្នុងទឹកដីអង្គរ ពោលគឺមានការទាក់ទងនៅនឹងប្រាសាទភិមានអាកាស ត្បិតដើមធ្លោក និងក្រោយធ្លកបានប្រទះឃើញនៅបាតប្រាសាទនេះឯង ។

*ទី២-រកឃើញភស្តុតាងទីតាំងថ្មីប្រហែលជាអតីតរាជវាំងនៅខ្នងភ្នំគូលែន៖ កំណាយស្រាយជ្រាវនៅខ្នងភ្នំគូលែនកាលពីថ្មីៗនេះ បានរកឃើញភស្តុតាងថ្មីប្រហែលជាអតីតរាជវាំងបុរាណនៅក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៩។ ការធ្វើកំណាយស្រាវជ្រាវនេះ ស្ថិតទៅលើទីតាំងនៃឈ្មោះបន្ទាយ បច្ចុប្បន្នហៅថាផ្ទះគូចា នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ស្ថិតនៅក្នងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំ អណ្ដូងធំ ។នៅក្នុងកំណាយស្រាវជ្រាវនោះបានរកឃើញនូវចំនុចដែលទាក់ទងទៅនឹងរាជវាំងខ្មែររបុរាណដូចជា រកឃើញផ្លូវចូលពីទិសខាងកើតអាគារសងពីឥដ្ឋ សំណងកណ្ដាលនៃអាគារនេះមាន៣ដំណាក់កាល ៖

-ដំណាក់កាលទី១ ប្រហែលជាស្ថិតនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ស្ថិតនៅក្នុងសតវត្សទី៩បច្ចេកទេសសំណង់មានបង្កើបគ្រឹះដោយប្រើដីលាយជាមួយកម្ទេចថ្ម បាយគ្រាម គ្រួស បន្ទាប់មករៀបក្រវាត់ពីឥដ្ឋ និងធ្វើសំណង់ខាងលើ។ -ដំណាក់កាលទី២ គឺចាក់ដីកម្រាស់30cm នៅលើកម្រាលឥដ្ឋដំណាក់កាលទី១ បន្ទាប់មកក៏រៀបកម្រាលឥដ្ឋនៅពីលើ។ ក្នុងដំណាក់កាលនេះមិនទាន់អាចសន្និដ្ឋានបានថា ធ្វើពេលណានៅឡើយនោះទេ ដោយសារតែមិនទាន់មានភស្តុតាងគ្រប់គ្រាន់ នៅក្នុងការសន្និដ្ឋានបឋម។ -ដំណាក់កាលទី៣ ស្ថិតនៅក្នុងកំឡុងសតវត្សទី៦០ រហូតដល់ពេលប្រទេសមានសង្រ្គាម តាមការសាកសួរពីចាស់ទុំនៅតំបន់នោះបានឲ្យដឹងថា ៖នៅក្នុងទសវត្សទី៦០មានលោកតាចាស់ម្នាក់បានមកសងផ្ទះនៅទីនេះដើម្បីមកសិក្សាធម៌ បន្ទាប់ពីប្រទេសមានសង្រ្គាមក៏បាត់ដំណឹងលោកតាចាប់ពីពេលនោះមក។

*ទី៣-កំណាយពីល្អាងនៅបាត់ដំបង រកឃើញពីជីវិតរស់នៅរបស់មនុស្សរាប់ពាន់ឆ្នាំមុន៖ ក្រុមអ្នកស្រាវជ្រាវនៅកម្ពុជានិងបារាំង បានធ្វើកំណាយនៅក្នុងល្អាងស្ពានដែលមានអាយុកាលប្រហែល៧ពាន់ឆ្នាំ ដែលស្ថិតនៅក្នុងភូមិទាក់ទ្រែង ក្នុងខេត្តបាត់ដំបង ដោយបានរកឃើញវត្ថុប្រើប្រាស់និងសាកសពមនុស្សដែលមានអាយុកាលរាប់ពាន់ឆ្នាំ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅក្នុងកំណាយសកម្មភាពស្វែងរកកំណាយនៃការរស់នៅរបស់មនុស្សនោះ ក្រុមអ្នកស្រាវជ្រាវកម្ពុជានិងបារាំងបានប្រទះឃើញកំណាយក្នុង៣ដំណាក់កាល៖

-ដំណាក់កាលទី១ គឺដំណាក់កាលថ្មបំបែក ស្ថិតក្នុងជម្រៅជ្រៅនិងមានអាយុកាល៧ម៉ឺនឆ្នាំ -ដំណាក់កាលទី២ គឺជាដំណាក់កាលថ្មបំបែកមួយទៀត ដែលជាភាសាបច្ចេកទេសហៅថាវប្បធម៌ហៅវិញ្ញាណ ដោយរកឃើញនូវរបស់របរប្រើប្រាស់ដូចជា ឧបករណ៍ថ្មបំបែក ឧបករណ៍ថ្មរំលីង ឃាជ គ្រឿងលំអកាយ មានដូចជា អង្កាំ កងដៃធ្វើពីថ្ម និងបន្តោងខ្សែករធ្វើពីចង្កោម និងសំណល់ឆ្អឹងសត្វដែលមានអាយុកាលពី៥ពាន់ឆ្នាំ ទៅ១ម៉ឺនឆ្នាំ ។

-ដំណាក់កាលទី៣ គឺការរុករកឃើញកន្លែងកប់សព មានន័យថាក្រោយពីវប្បធម៌ថ្មបំបែក មនុស្សមួយក្រុមទៀតដែលស្ថិតនៅក្នុងយុគថ្មរំលីង ចេះធ្វើកសិកម្មលែងរស់នៅក្នុងល្អាងនេះ ហើយបានយកល្អាងស្ពានធ្វើជាកន្លែងកប់សពរហូតមកដល់ពេលនេះក្រុមស្រាវជ្រាវបានរកឃើញសពចំនួន៦ហើយដោយផ្នូរនីមួយៗមានអាយុកាលប្រហែល៣ពាន់ឆ្នាំ ។

*ទី៤-រកឃើញគំនូរដែលមានអាយុកាលជាង៣ពាន់ឆ្នាំនៅកម្ពុជាក្នុងតំបន់មួយដែលគ្មានមនុស្សទៅដល់៖ កាលពីចុងឆ្នាំ២០១៧ក្រុមសិក្សាស្រាវជ្រាវឧទ្យាននុរៈ បានទៅកាន់កន្លែងគំនូរប្រវត្ថិសាស្រ្តរបស់មនុស្សដែលមានអាយុកាលជាង៣ពាន់ នៅចំនុចក្រសាំងកំណម តំបន់់ឧទ្យានជាតិ ជួរភ្នំក្រវ៉ាញកណ្ដាល ខេត្តពោធិសាត់។ ទីតាំងនោះគ្មានប្រជាជនណាម្នាក់ទៅដល់នោះទេ ព្រោះទីតាំងនោះស្ថិតនៅក្នុងព្រៃស្តោងផង ឆ្ងាយពីភូមិហើយផ្លូវលំបាកខ្លាំង ។

*ទី៥-រកឃើញផូស៊ីលអាយុរាប់លានឆ្នាំ បង្កប់អាថ៌កំបាំង ការកកើតប្រទេសកម្ពុជា៖ កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រុមស្រាវជ្រាវនៃនាយកបេតិកភ័ណ្ឌនៃក្រសួងបរិស្ថាន បានរកឃើញផូស៊ីលខ្ចង់ គ្រំ និងាវសមុទ្រ ក្នុងដែនជម្រកសត្វព្រៃគូលែន ព្រំទេពក្នុងខេត្តព្រះវិហារ ដែលអាចមានអាយុរាប់លានឆ្នាំ។ តាមរយៈនៃការរកឃើញនេះ ក្រុមបច្ចេកទេសអាចសន្និដ្ឋានថា ប្រទេសកម្ពុជាអាចធ្លាប់ជាបាតសមុទ្រ ដោយកង្វះនៃអ្នកជំនាញផូស៊ីលនេះ និងមិនអាចវាសអាយុកាលផូស៊ីលនេះបានពិតប្រាកដនៅឡើយទេ ប៉ុន្តែគេអាចសន្និដ្ឋានបានថាផូស៊ីលនេះ មានអាយុកាលមិនតិចជាងរាប់លានឆ្នាំនោះទេ។ ដុំផូស៊ីលទាំងនេះមានរាងជាដុំថ្មដោយមានរុំព័ទ្ធទៅដោយងាវសមុទ្រ ងាវនិងគ្រំ ដែលត្រូវបានរកឃើញនៅលើទួលមួយនៅក្នុងភូមិសាស្រ្តនៃដែនជម្រកសត្វគូលែនព្រំទេព្វ។