ម៉ៅ ស៊ីណាត ទម្លាយមូលហេតុវេចខោអាវដាក់ឡានលក់តាមផ្លូវ ក្រោយឃ្លាតពីសិល្បៈមួយរយៈ (មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ជាមិនខានតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ៅ ស៊ីណាត ក្រោយពីបាន​បាត់មុខឈឹងពីវិស័យសិល្បៈ​អស់មួយរយៈធំ ​កាលពីថ្មីកន្លងទៅ បាន​ធ្វើ​ឱ្យ​​មហាជន​អ្នកគាំទ្រហាក់មានការស្រឡាំង​កាំងជាខ្លាំង ដែលធ្លាប់តែឃើញ តារាចម្រៀងល្បីឈ្មោះរូបនេះ រស់នៅក្នុងជីវិតហាយសូរ តុបតែងខ្លួនស្អាតៗនៅលើឆាក តែបែរជាពេលនេះ ស៊ូ​បើក​ឡាន​លក់សម្លៀកបំពាក់​តាមដងផ្លូវទៅវិញ ​ខណៈពេលដែលធ្លាក់ខ្លួនអស់​ទ្រព្យចាប់តាំងពីចែកផ្លូវ​ជាមួយនឹងស្វាមី និងត្រូវចិញ្ចឹមកូន ២ នាក់តែម្នាក់ឯង។

ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ត្រូវបានអញ្ជើញចូលកម្មវិធីកិច្ចសម្ភាសន៍ 3FUN ដែលអ្នកនាង​បាននិយាយរៀបរាប់​ពីជីវិតឯកជនរបស់អ្នកនាងខ្លះៗ ​ព្រមទាំងរៀបរាប់ទាក់​ទង​នឹង​ឈា​ន​ជើងចូលសិល្បៈវិញ ​ក្រោយពីឃ្លាតឆ្ងាយសិល្បៈ​ជាងមួយឆ្នាំ។ ក្នុងកិច្ចសម្ភាសន៍នេះ ​អ្នកនាង ម៉ៅ ស៊ីណាត ក៏បានធ្វើការទម្លាយពីមូលហេតុ ដែលមួយរយៈក្រោយនេះ អ្នកនាង​ស៊ូ​ល​ក់​សម្លៀក​បំពាក់តាមដងផ្លូវ ឆ្លើយតបទៅកាន់​មហាជនដែលកំពុងតែមាន​ចម្ងល់ទាក់ទិននឹងរឿងនេះ​ឱ្យបានដឹងថា ​ក៏ព្រោះតែ អ្នកនាង ​តស៊ូរកស៊ីដើម្បីកូនៗរបស់អ្នកនាង ​លះបង់មិនខ្វល់ពីមុខ​មាត់ ​ដើម្បីតែអនាគតកូន។

ដោយក្នុងវីដេអូកិច្ចសម្ភាន៍នេះ អ្នកនាងបានរៀបរាប់ថា ៖ «កុំថាតែខ្ញុំលក់ឥវ៉ាន់តាមផ្លូវ ទោះបីខ្ញុំត្រូវធ្វើឆ្កែឆ្មាដើម្បីកូនខ្ញុំ ក៏ខ្ញុំសុខចិត្ត ពីព្រោះមានតែមនុស្សដែលមានកូនទេ បានយល់​ពី​អារម្មណ៍​ថាលះបង់ ហើយអារម្មណ៍លះបង់ ​គឺធ្វើជាតួនាទីម្ដាយពិតប្រាកដ​លះបង់គ្រប់កាលៈទេសៈ ​ដើម្បីជីវិតកូន ​រឿងមុខមាត់គឺទុកមួយឡែក ​តែអ្វីដែលសំខាន់អនាគតកូន ​ជីវិត​របស់​កូន ​ជារឿងសំខាន់ដែលមិនអាចយកអ្វីមកប្រៀបបាន»។

តារាចម្រៀងស្រីរូនេះ បានបន្តទៀតថា «ខ្ញុំជូតទឹកភ្នែក ស្រែកយំខ្លាំង ពេលដែលខ្ញុំធ្លាប់នៅផ្ទះរាប់លាន ខ្ញុំធ្លាប់មានលុយ ខ្ញុំធ្លាប់មានអ្នកបម្រើ ខ្ញុំធ្លាប់មានឡានទំនើប តែខ្ញុំបែរទៅជា​លីខោ​អាវ ​សែងខោអាវពីលើកាំជណ្ដើរទម្លាក់មកក្រោម យកលក់ទៅតាមថ្នល់ ដោយខ្ញុំអត់បានគិតអ្វីទាំងអស់ គឺអ្វីដែលសំខាន់ គឺកូនខ្ញុំហៅខ្ញុំ ពាក្យថាម៉ាក់ ​ម្ដាយគ្រប់រូបបើ​ឱ្យគាត់ពិត​ជាយក​បេះ​ដូង ​និងជីវិតដើម្បីកូនមែន ​គាត់នឹងយល់អ្វីដែលខ្ញុំកំពុងតែនិយាយ ​គាត់អាចលះបង់គ្រប់កាលៈទេសៈ​មិនថាជីវិត កុំថាមួយជាតិ ​ទោះដប់ជាតិក៏យើងអាចលះបង់ដើម្បីកូនបានដែរ ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំខ្លាំងណាស់»៕

ប្រភព ប្រជាប្រិយ