រដ្ឋបាលរាជធានី ប្រកាសឱ្យជិះវាងទីតាំងទាំងនេះ ៣ យប់សិន ព្រោះតែមូលហេតុនេះ

រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ បានចេញ សេចក្ដីជូនដំណឹងពីការពង្វាងចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាក់ស្ដែង លទ្ធផលនៃការសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បានបញ្ចប់ការងារសាងសង់សរសរគ្រឹះស្ពានទាំងស្រុងហើយ នៅខណៈពេលនេះ ការដ្ឋានសាងសង់ឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន។

អាស្រ័យហេតុនេះ ដើម្បីដំណើរការអនុវត្តការងារនេះទទួលបាននូវប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួន នៅក្បែរការដ្ឋាន រយៈពេលបីយប់ គឺនៅយប់ថ្ងៃទី ២៩, យប់ថ្ងៃទី ៣១ ខែតុលា និងយប់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ចាប់ពីម៉ោង ១៨:០០ យប់ ដល់ម៉ោង ៧:00 ព្រឹក ដូចខាងក្រោម៖ ១. យប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និង មហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ ABA Bank ដល់ផ្លូវលេខ ១២២។ ២. យប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ ២៥៣ ផ្លូវលេខ ២៣៣ និង មហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ ១៣៤។

៣. យប់ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ ២៥៣ និង កំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ABA Bank ដល់ផ្លូវលេខ ២៣៣។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ចំណែកបងប្អូន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីតាំងការដ្ឋាន ក្រុមការងារនឹងសម្រួលជូនឆ្លងកាត់បាន។ ផុតរយៈពេលនេះការដ្ឋាន និងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ប្រភព ប្រជាប្រិយ