នេះជាទិដ្ឋភាពទឹកស្ទឹងព្រែកត្នោត ដែលហូរផ្ទះពលរដ្ឋកាលពីយប់មិញ

ក្នុងរាត្រីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ នេះស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត បានកំពុងវាយលុកក្នុងភូមិសាស្ត្រ រហូតឈានទៅដល់ការប្រកាសអាសន្នទាំងយប់ ខណៈប្រជាពលរដ្ឋ ៥ សង្កាត់ ដែលរស់នៅក្នុងខណ្ឌដង្កោ ត្រូវបានសុំឱ្យជម្លៀសខ្លួន ទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់។

ទក់ទិនទៅនឹងរឿងនេះ បើយើងក្រឡេកទៅមើលស្ថានភាពនៅជិតស្ទឹងព្រែកត្នោត ក្នុងតំបន់ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គេឃើញមានផ្ទះប្រជាពលរដ្ឋជាច្រើន ត្រូវបានលិចលង់ជាគំហុក ស្ទើរតែពាក់កណ្ដាលផ្ទះទៅហើយ បង្កជាក្ដីបារម្ភ និង គួរឱ្យសោកស្ដាយសម្រាប់ម្ចាស់លំនៅដ្ឋាន ដែលរងគ្រោះដោយសារជំន់ទឹកភ្លៀងមួយនេះ។

ក្នុងនោះ បើតាមគណនីមួយដែលមានឈ្មោះ Marady LY បានបង្ហោះនៅលើគណនីរបស់លោកពីស្ថានភាពលិចលង់ នៃលំនៅឋានរបស់ខ្លួនក្នុងភូមិបាគូរ គួរឱ្យស្រណោះ ព្រមទាំងបង្ហោះសារបញ្ជាក់ឱ្យបានដឹងថា ៖ «ស្ថានភាពទឹកលិចផ្ទះរបស់ខ្ញុំ ២៦/១០/២០២១ លិចលក្ខណៈទ្រង់ទ្រាយធំ ពីផ្លូវចូលផ្ទះរបស់ខ្ញុំលិចជម្រៅ ២ ម៉ែត្រ។ ស្ទឹងព្រែកត្នោត»។

បន្ថែមលើសពីនេះ បើតាមគណនីមួយទៀតដែលមានឈ្មោះ Kim Ejung ដែលជាពលរដ្ឋរងគ្រោះក្នុងតំបន់ខាងលើក៏បានបង្ហាញពីរូបភាពលិចលង់ក្នុងភូមិសាស្ត្ររបស់ខ្លួន ព្រមទាំងបង្ហោះសារថា ៖ «លិចម្ដងនេះគ្រប់ទឹកហើយ»៕