រំភើបណាស់! ជាតិខ្មែរលេចរូបរាងនៅទីក្រុងឌូបៃ ផ្អើលភ្ញៀវអន្តរជាតិទៅទស្សនាឈូឆរ

ជារឿងដ៏គួរឱ្យមោទកភាពណាស់ ពន្លាជាតិកម្ពុជាស្ថិតនៅទីក្រុងឌូបៃ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនអារ៉ាប់ និង ភ្ញៀវអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម ក្រោយឈានចូលដល់សប្តាហ៍ទី ២ បន្ទាប់ពីបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពន្លាជាតិកម្ពុជានេះ ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីត តាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និង ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រវាងសម័យកាលសំខាន់ៗចំនួន ៤ គឺ សម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក (ឬសម័យឧត្តុង្គ) និង សម័យចតុមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តមរយៈពន្លាជាតិនេះ ភ្ញៀវទស្សនាភាគច្រើន មានការភ្ញាក់ផ្អើល និងមានអារម្មណ៍ហាក់ដូចខ្លួនបានមកដល់ប្រទេសកម្ពុជា ដែនដីសុវណ្ណភូមិមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏ចំណាស់ពិតៗអញ្ចឹង ព្រោះតែរូបភាពទាំងអស់ ត្រូវបានតុបតែងរចនាឱ្យដូចជាក់ស្តែងពិតៗ ហើយរូបចម្លាក់ធ្ងន់ៗដូចជា ម៉ាកែតប្រាសាទអង្គរវត្ត ព្រះបាទជ័យវរ័្មនទី ៧ ព្រហ្មមុខ៤ ចម្លាក់តោ ព្រះវិស្ណុ ព្រះសិវៈ ឆ្មាំប្រាសាទ ។ល។ ត្រូវបានដឹកពីកម្ពុជាផ្ទាល់ ដើម្បីរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា ពន្លាជាតិកម្ពុជា ឋិតក្នុងចំណោមពន្លាជាតិជាង ៣០ ប្រទេស ត្រូវបានគណៈកម្មការពិព័រណ៍ពិភពលោក ជ្រើសរើសដាក់ឱ្យដំណើរការបើកសាកល្បង កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១។ មកទល់ពេលនេះ ពន្លាជាតិកម្ពុជា មានអ្នកចូលទស្សនារាប់ពាន់នាក់ ហើយបានទទួលការចាប់អារម្មណ៍ និង កោតសរសើរយ៉ាងខ្លាំងបំផុតពីសំណាក់ភ្ញៀវអន្តរជាតិ ជាពិសេសប្រជាជនអារ៉ាប់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម មានរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ មានការចូលរួមពីបណ្ដាប្រទេស និង អង្គការអន្តរជាតិធំៗ ចំនួន ១៩២៕