កុំចេះតែផ្អើលញ៉ាំតាមគ្នា! ស្វែងយល់សិនប្រយ័ត្នប៉ះអាពុលគ្រោះថ្នាក់ដល់សុខភាព

មួយរយៈក្រោយនេះ គេសង្កេតឃើញថាការបរិភោគដំបងយករាងសំប៉ែត ហាក់​ពេញ​និយម​ជាខ្លាំង ដោយ​មាន​ទាំង​ការ​កាត់​ដាក់លក់​ពេញ​បណ្តាញ​សង្គម។ យ៉ាងណាមិញ​ មិនមែន​គ្រប់​រុក្ខជាតិ​ប្រភេទ​នេះ​សុទ្ធ​តែ​អាច​បរិភោ​គ​បាន​ទាំងអស់​នោះ​ទេ អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន និង ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ទទួលទាន ចៀសវាង​បញ្ហា​ពុល ប៉ះពាល់​សុខភាព។យោងតាមទំព័រ​ បុរាណាចារ្យ បាន​រៀបរាប់​ឱ្យ​ដឹងថា ៖ «ដំបងយក្សបាតដៃអាច​ហូប​បាន​ឬ​ទេ? ដំបងយក្ស​រាង​សំប៉ែត ឬ ​ដែល​យើង​ស្គាល់​ថា​ជា​ប្រទាល​បាតដៃ​នោះ ឃើញ​ថា​កំពុង​ពេញនិយម​បរិភោគ​ជា​ខ្លាំង​ក្នុង​បណ្តាញ​សង្គម នា​ពេល​បច្ចុប្បន្ន​នេះ ដំបង​យក្ស​បាតដៃ​ជា​រុ​ក្ខជាតិ​ស្ថិត​ក្នុង​ប្រភេទ​ដំបង​យក្ស មាន​ប្រភព​ដើម​នៅ​ទ្វីប​អាមេរិក ហើយបន្ត​ដុះ​ហូរហៀរ​មក​ដល់​ទ្វីប​អាស៊ី។

– Opuntia ficus-indica វិញ មានកម្ពស់រហូតដល់ ៥ ម៉ែត្រ មានសន្លឹកធំ ប្រវែងពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ ទំហំពី ១៨ ទី ២៥ សង់ទីម៉ែត្រ ផ្ការីកមាន ៣ ពណ៌ ស លឿង ក្រហម ឯផ្លែមានទំហំធំដូចគ្នា គឺមានប្រវែងរហូតដល់ ១០ សង់ទីម៉ែត្រ និង ទំហំ ៩ សង់ទីម៉ែត្រ។ ទាំងសន្លឹក និង ផ្លែសុទ្ធសឹងតែប្រើប្រាស់ជាអាហារបរិភោគបាន»៕

– ប្រភេទដំបងយក្សបាតដៃ ដែលគេ​និយម​បរិភោគ មាន​ឈ្មោះ​ថា Opuntia ficus-indica ជា​រុក្ខជាតិ​ហូប​ផ្លែ​ នាំ​ចេញ​យ៉ាង​សំខាន់​របស់​ប្រទេស​ម៉ិកស៊ិក និង ​ប្រទេស​ឈីលី ដោយមាន​លក្ខណៈ​ពិសេស​អាច​បរិភោគ​បាន​ទាំងផ្លែ រហូត​ដល់​សន្លឹក។ ផ្លែ​របស់​វា​មាន​រសជាតិ​ស្រដៀង​នឹង​ផ្លែស្រការ​នាគ​ដែរ មានទាំង​រសជាតិ​​ជូរ និង ​ផ្អែម។

– ដំបងយក្ស​បាតដៃ មួយ​ប្រភេទ​ទៀត​ដែល​ច្រើន​ដុះ​នៅ​ស្រុកខ្មែរ មាន​ឈ្មោះថា Opuntia cochenillifera មាន​រូបរាង​ដូច​គ្នា​បេះបិទ​នឹង Opuntia ficus-indica ប៉ុន្តែ​មិន​ត្រូវ​បាន​រាប់​ជា​ប្រភេទ​ហូបផ្លែ​ទេ។ គេច្រើន​យក​មក​ធ្វើថ្នាំ ឬ ​យក​សម្រាប់​ចិញ្ចឹម​សត្វល្អិត​ ជា​ដើម ប្រហែល​ជា​ដោយសារកត្តា​រសជាតិ ឬ​ក៏​ក​ម្រិត​ជាតិ​ពុល​នៅ​ក្នុង​ផ្លែ​ ជា​ដើម។

យ៉ាងណាមិញ ​ក៏​មិនទាន់​មាន​ការ​ស្រាវជ្រាវ​ជាក់លាក់​ណា​មួយ ពី​ដំបង​យក្ស​សំប៉ែត​ប្រភេទ​នេះ​ដែរ ថា​តើ​អាច​បរិភោគ​ដោយ​មានសុ​វត្ថិភាព​ឬ​ទេ? ហេតុដូចនេះ ​មុន​នឹង​យើង​ទៅ​បេះ​ដំបង​យក្ស​បាតដៃ ពី​កៀន​ផ្ទះ​មក​បរិភោគ យើង​ត្រូវ​ធ្វើ​បំណែង​ចែក​ឱ្យ​ច្បាស់ ថាមួយណា​ជា​ប្រភេទ​បរិភោគ​កើត មួយណា​បរិភោគ​មិនកើត​ ឬ គួរតែ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​មួយ​ចេញ​មក​បកស្រាយឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​រឿង​ទាំងនេះ។ កន្លងមកនេះ​ ឃើញ​អ្នក​ខ្លះ​ច្រឡំ​​រហូត​ទៅ​ដល់​បរិភោគ​ដំបង​យក្ស​ធំៗឆ្លង​ប្រភេទ​ទៀត ដែល​ជា​រឿង​គ្រោះថ្នាក់​បំផុត ព្រោះ​យើង​មិន​ដឹង​ថា ដំបង​យក្ស​ណា​ខ្លះ​បរិភោគ​បាន ដំបងយក្ស​ណា​ខ្លះ​ពុល​នោះ​ទេ។ ប្រភព Popular Magazine