ក្រោយពេលទតឃើញករណីសាហាវៗកើតឡើងមិនឈប់ ព្រះមហាក្សត្រ មានព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះគួរអោយព្រួយបារម្ភ ហើយ….

ដូចប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានថ្ងៃនេះ មានករណីសាហាវៗកើតឡើងជាច្រើន ធ្វើឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិខុសៗគ្នា និងមានអារម្មណ៍ថាភ័យខ្លាច ខណៈពេលដែលសង្គមខ្មែរ ពេលនេះហាក់មានការធ្លាក់ចុះនៅការគិត ហ៊ានធ្វើអ្វីដែលមិនអាចទទួលយកបាន និងនឹកស្មានមិនដល់។

ទោះបីយ៉ាងណា បញ្ហានេះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហោះខ្លឹមសារមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយព្រះអង្គមាន ព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះគួរអោយព្រួយបារម្ភណាស់ ។

ព្រះមហាក្សត្រ មាន ព្រះបរមរាជឱង្ការ ថា បច្ចុប្បន្ននេះសាកលលោកយើង កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរីកចម្រើននិងជឿនលឿន ដោយមានជំនាញខាងវិទ្យាសាស្ត្រ និង សម្ភារៈ ដែលមិនធ្លាប់មានពីមុនមក ។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និង អភិសមាចារ

(មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ ។ ភាពអន់ថយនៃសីលធម៌ និង គុណធម៌សង្គម នាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និង និរន្តរភាពនៃវប្បធម៌ និង ចីរភាពរបស់សង្គមនិយមទៅអនាគត ៕

Related posts

Leave a Comment