សូមចូលរួមអបអរផង!ទីបំផុតពលរដ្ឋក្រីក្រ ២ ពាន់គ្រួសារនៅស្រុកបន្ទាយស្រី នឹងទទួលបានអង្ករពីស្រែសង្គមជុំទី ១

បើតាមការចុះផ្សាយ របស់មន្ទីរព័ត៌មានខេត្តសៀមរាបឱ្យដឹងថា អាជ្ញាធរស្រុកបន្ទាយស្រីបានចាប់ផ្តើមប្រមូលផលស្រូវពីស្រែសង្គមនៅជុំទី ១ ហើយ ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រមាណ ២ ពាន់គ្រួសារ ។

អាជ្ញាធរស្រុកបន្ទាយស្រីបានចាប់ផ្តើមប្រមូលផលស្រូវពី ស្រែសង្គមនៅជុំទី ១ ហើយ ក្នុងនោះសម្រាប់ការប្រមូលផលថ្ងៃដំបូងនេះ លើផ្ទៃដីទំហំ ១០ ហិកតា ក្នុងចំណោមផ្ទៃដីធ្វើបានសរុបទំហំ ៤០ ហិកតា ដែលស្ថិតនៅក្នុងឃុំព្រះដាក់ ។ ក្នុងការប្រមូលផលពីស្រែសង្គមជុំទី១ កាលពីថ្ងៃទី ៣១ កញ្ញា ២០២០ នេះ ក្នុងមួយហិកតាទទួលបានទិន្នផលពី ២ តោនកន្លះទៅ ៣ តោន ដូច្នេះបើសរុបផ្ទៃដីទាំង ៤០ ហិកតានោះ គឺទទួលបានផលស្រូវប្រមាណជា ១០០ តោន ដោយឡែកបើកិនទៅជាអង្ករ គឺបានប្រមាណជា ៥០ តោនផងដែរ ។

បន្ថែមពីនេះបើតាម លោក ឃឹម ហ្វីណង់ អភិបាកលស្រុកបន្ទាយស្រីបានឱ្យដឹងទៀតថា «សម្រាប់ផលស្រូវដែលយើងទទួលបានជាលើកដំបូងនេះ គឺត្រូវទូទាត់ជូនទៅម្ចាស់ស្រែដែលបានផ្តល់ស្រែឱ្យអាជ្ញាធរធ្វើ តាមកិច្ចសន្យារវាងរដ្ឋបាលស្រុកនិងម្ចាស់ស្រែ ហើយបន្ទាប់មក អាជ្ញាធរ នឹងកិនទៅជាអង្ករសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងស្រុកបន្ទាយស្រី ដែលមានប្រមាណជា ២ ពាន់គ្រួសារ »។

ម្យ៉ាងវិញទៀតអភិបាលស្រុកគ្រោងនឹងធ្វើនៅជុំទី ២ ទៀត នៅខែមករាឆ្នាំ ២០២១ ខាងមុខ ដើម្បីធ្វើយ៉ាងណាគៀងគរឱ្យបានជាស្រូវ និង ជាអង្ករឱ្យបានច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ នៅក្នុងស្រុកបន្ទាយស្រីបន្តទៀត ៕

Related posts

Leave a Comment