អរគុណ ទឹកចិត្តអ្នកល្អណាស់! ក្រុមហ៊ុនជប៉ុនចំនួន១០ នឹងជួយធ្វើទីផ្សារបន្លែ កម្ពុជាហោះចេញទៅក្រៅប្រទេស ក្រោមយីហោកម្ពុជា…


យោងទៅតាមការចុះផ្សាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីទី២៣ ខែមិថុនា ឆ្នាំ២០២០នេះបានអោយដឹងថា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន។

នៅក្នុងជំនួបនេះផងដែរគឺមានបំណងសម្តែងការគួរសម និងពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន។

លោក Dr. Nabeshima បានជ្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាកសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើមដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូនជាដើម និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។

ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។ ឃើញច្បាស់អំពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន ១០ ប៉ុន្តែថ្ងៃនេះមានវត្តមានតែ ៥ គឺតំណាក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ បានអញ្ជើញមកជួបឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខាងលើនេះ បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះ ពោលគឺក្នុងទិសដៅរួមគ្នាមួយគឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ ប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។ ប្រភពអត្ថបទ៖ Business Cambodia

Related posts

Leave a Comment