លោក ហង់ ជួន​ណារ៉ុន៖ ខេត្តព្រះសីហនុ​ ហាក់​បី​ដូចជា​ប្រទេសសិង្ហបុរី ​


លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា​បាន​បង្ហាញ​​​ចំណាប់​អារម្មណ៍ថា ខេត្ត​ព្រះសីហនុ​ហាក់បីដូច ជាប្រទេសសិង្ហបុរី​ដោយសារ​តែ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដែល​កម្ពុជា​ទទួល​បាន​នូវ​សុខសន្តិភាពស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមកម្ពុជាមានការរីកចម្រើនហើយយុទ្ធសាស្ត្រចតុកោណបានប្រែក្លាយតំបន់៣ ជាប៉ូល​អភិវឌ្ឍន៍​ជាតិ​ដ៏​មានសារៈសំខាន់ក្នុងនោះមានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដែល​មាន​ការ​ទាក់​ទាញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុប្រែក្លាយជាគុជមួយនៃកម្ពុជា ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​អន្តរជាតិ នាពេលអនាគត ។

ថ្លែង​ក្នុង​ពីធី​ប្រកាស​តែងតាំង​ប្រធានមន្ទីរអប់រំ​ថ្មី​​កាល​ពីព្រឹក​មិញ​លោក​​បានបន្តថា ក្រសួងអប់រំ​ជម្រុញ​ឱ្យជ្រើសរើសសាលាក្នុងខេត្ត​ព្រះសីហនុជាសាលាគំរូដើម្បីពង្រឹង​គុណភាពកម្រិតឧត្តម​សិក្សាដោយ​ធ្វើការបណ្តុះបណ្តាល ជំនាញបច្ចេកទេសទីផ្សារ បដិសណ្ឋារកិច្ច ទាមទារឱ្យ​យើង​បង្កើត​គ្រឹះស្ថានឧត្តមសិក្សាឆ្លើយតបតទៅនឹងតម្រូវការទីផ្សារនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ​​បាន​មាន​ប្រសាសន៍​ថា​ខេត្តព្រះសីហនុ​ជាតំបន់​ប៉ូល​អភិវឌ្ឍន៍ជាតិមួយ​ដ៏សំខាន់នៅតំបន់ឆ្នេរមានសក្តានុពលសេដ្ឋកិច្ចក្នុងការទាក់ទាញវិនិយោគ​និងភ្ញៀវទេសចរចូលមកលេងកម្សាន្តតាមឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ខេត្តមានកំពង់ផែអន្តរជាតិ អាកាសយាន្តដ្ឋានអន្តរ ជាតិ និងធនធានធម្មជាតិដ៏សំបូរបែប ។ ការស្ថាបនាផ្លូវអាទិភាព ៣៤ខ្សែ​ប្រវែង ៨២.៥០៥ម៉ែត្រ ចែកចេញជាបីប្រភេទរួមមាន មហាវិថី វិថី និងអនុវិថី ដែលរចនា​សម្រាប់​ទីក្រុង​ទំនើបផ្ដោតលើគុណភាពភាពធន់នឹងអាកាសធាតុផ្ដល់ជាអាទិភាពទៅលើផ្លូវថ្មើរជើង ផ្លូវជិះ​កង់ សួនជំរាបទឹកធម្មជាតិតាមដងផ្លូវ ផ្លូវដែលមិនរំខានដល់ទេសចរណ៍តំបន់ឆ្នេរ និងផ្លូវដើរ​ដែល​មាន​មេត្រីភាពរវាងមនុស្ស និងធម្មជាតិប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងឆ្លាតវៃ និងជាតំបន់​សេដ្ឋកិច្ច​ពិសេសគំរូពហុបំណងដែលមានសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និង​ធុរកិច្ចស្របតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ក្នុងចក្ខុវិស័យឆ្នាំ២០៣០។

Related posts

Leave a Comment