ក្រុមហ៊ុនCoca-Cola ត្រៀមកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ខណៈអត្រាលក់ភេសជ្ជៈរបស់ខ្លួនត្រូវបានប៉ះពាល់ដោយសារវិបត្តិ COVID-19

(អាមេរិក)៖ ក្រុមហ៊ុនភេសជ្ជៈអាមេរិក Coke ឬ Coca-Cola នៅថ្ងៃសុក្រនេះ បានប្រកាសអំពីគម្រោងកាត់ការងារបុគ្គលិករាប់ពាន់នាក់ និងការបន្ថយអង្គភាពប្រតិបត្តិការអាជីវកម្មមួយចំនួនរបស់ខ្លួន ខណៈកំពុងប្រឈមការធ្លាក់ចុះនូវអត្រាលក់ភេសជ្ជៈ ក្នុងសម័យរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។
ក្រុមហ៊ុន Coca-Cola មិនបានបញ្ជាក់ឲ្យច្បាស់ថា បុគ្គលិកសរុបប៉ុន្មាននាក់ឲ្យប្រាកដដែលនឹងត្រូវបាត់បង់ការងាររបស់ពួកគេនោះឡើយ។ គិតត្រឹមដំណាច់ឆ្នាំ២០១៩ ក្រុមហ៊ុនភេសជ្ជៈដ៏ធំនេះ មានបុគ្គលិកសរុប ៨៦,២០០នាក់ ក្នុងចំណោមនោះប្រហែល១០,១០០នាក់ ស្ថិតនៅក្នុងសហរដ្ឋអាមេរិក។

Coca-Cola បានបញ្ជាក់ទៀតថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយអង្គភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលបច្ចុប្បន្នមានចំនួន១៧នៅក្នុងតំបន់ចំនួន៤ទូទាំងពិភពលោក មកនៅត្រឹម៩វិញ។ Coca-Cola នឹងផ្តោតទៅលើប្រេនភេសជ្ជៈល្បីៗរបស់ខ្លួន រួមមាន Coca-Cola ផ្ទាល់ និងផលិតផលដូចជាភេសជ្ជៈប៉ូវកម្លាំង កាហ្វេ តែ ទឹកបរិសុទ្ធ និងទឹករុក្ខជាតិ ជាដើម ហើយបញ្ចប់ប្រេនភេសជ្ជៈដែលហាក់ពុំមានការរីកចម្រើន ។
គួរជម្រាបថា ក្នុងត្រីមាសទីពីរឆ្នាំ២០២០នេះ ដែលគិតត្រឹមចុងខែមិថុនា ក្រុមហ៊ុន Coca-Cola បានធ្លាក់ចុះអត្រាលក់២៨ភាគរយ គឺមកនៅ៧.២ពាន់លានដុល្លារ ដោយសារតែការប៉ះពាល់ពីវិបត្តិ COVID-19៕
ប្រភព: freshnew

Related posts

Leave a Comment