លោកនាយករដ្ឋមន្ត្រីជប៉ុន Abe សម្រេចលាលែងពីតំណែង ដោយសារបញ្ហាសុខភាព

លោក​នាយករដ្ឋ​មន្ត្រី​ប្រទេស​ជប៉ុន Shinzo Abe បាន​សម្រេច​លា​លែង​ពី​តំណែង ដោយ​សារ​តែ​បញ្ហា​សុខភាព​របស់​លោក​វិវដ្ត​កាន់​តែ​ធ្ងន់ធ្ងរ នេះ​បើ​តាម​ប្រភព​ជិតស្និទ្ធ​នឹង​មន្ត្រី​គណបក្ស​កាន់​អំណាច​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី ២៨ ខែ​សីហា​នេះ ។

«ការ​លាលែង​ពី​តំណែង​ត្រូវ​បាន​ព្រមព្រៀង​រួច​រាល់» ប្រភព​ជិត​ស្និទ្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ប្រចាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​លោក Abe បាន​បញ្ជាក់ ។

លោក​នាយករដ្ឋ​មន្ត្រី Abe បាន​សុំ​ការ​ឈប់​សម្រាក​ចំនួន ៣ ថ្ងៃ​​ក្នុង​ខែ​នេះ ហើយ​នៅ​ក្នុង​ថ្ងៃ​ទី ១៧ ខែ​សីហា លោក​ក៏​ត្រូវ​បាន​ឲ្យ​ដឹង​ថា​បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ដោយ​មិន​បាន​ព្រៀង​ទុក ដោយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈពេល​ច្រើន​ម៉ោង ដើម្បី​ទទួល​ការ​ពិនិត្យ​សុខភាព ។

មួយ​សប្ដាហ៍​ក្រោយ លោក​ក៏​បាន​ទៅ​មន្ទីរពេទ្យ​ដដែល ដើម្បី​ទទួល​ការ​ពិនិត្យ​បន្ថែម ហើយ​នៅ​ពេល​នោះ​ដែរ លោក​ក៏​បាន​និយាយ​ថា លោក​មាន​បំណង​បន្ត​ការងារ​របស់​លោក​ត​ទៅ​ទៀត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ត្រូវ​សម្រេច​ចិត្ត​លា​លែង​ពី​តំណែង​ជា​ថ្មី ដោយ​សារ​តែ​ស្ថាន​ភាព​ជំងឺ​ហាក់​មិន​ថមថយ និង​កាន់​តែ​អាក្រក់​ឡើង ។

គួរ​បញ្ជាក់​ថា លោក Abe ធ្លាប់​បាន​លា​លែង​ពី​តំណែង​ម្ដង​រួច​មក​ហើយ​ក្នុង​ឆ្នាំ ២០០៧ ដោយ​សារ​តែ​បញ្ហា​សុខភាព​នេះ​ដូច​គ្នា ហើយ​លោក​បាន​ត្រឡប់​មក​កាន់​តំណែង​វិញ​ក្នុង​ឆ្នាំ ២០១២ ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មេ​ដឹកនាំ​មួយ​រូប​ដែល​បាន​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ជប៉ុន​រហូត​ដល់ ៧ ឆ្នាំ ៕

ប្រភព៖ CNA

Related posts

Leave a Comment