ពីវិស្វករម្នាក់បែកគំនិត មកបណ្តុះផ្សិតលក់ដោយប្រើធុងជ័រ កំពុងធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំង

បើទោះបីជាមិនមានជំនាញខាងផ្នែកវិស័យកសិកម្មយ៉ាងណាក្តី ប៉ុន្តែលោក ស៊ាន សុរ្យផល្លា ដែលជាវិស្វករខាងផ្នែកទូរគមនាគមន៍មួយរូបបានស្រលាញ់​លើការងារដាំដុះ ជាពិសេសការដាំផ្សិតនេះតែម្តង ប៉ុន្តែអ្វីដែលធ្វើឱ្យគេមានការចាប់អារម្មណ៍ជាមួយការបណ្តុះផ្សិតរបស់គាត់នោះ គឺគាត់បានដាំផ្សិត ឬ បណ្តុះផ្សិតចេញពីក្នុងធុង តាមលក្ខណៈបច្ចេកទេសទំនើប ដែលធ្វើឱ្យគាត់អាចប្រមូលផលផ្សិតលក់នៅលើទីផ្សារជារៀងរាល់ថ្ងៃ ។ ហើយផ្ទះ និង ទីកន្លែងបណ្តុះផ្សិតរបស់លោកមានទីតាំងស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ស៊ាន សុរ្យផល្លា បានមានប្រសាសន៍ថា ខ្ញុំមិនមែនជាអ្នកជំនាញផ្នែកកសិកម្មនោះទេ ខ្ញុំជាវិស្វករខាងផ្នែកប្រព័ន្ធទូរគមនាគមន៍ ( ខាងប្រព័ន្ធទូរស័ព្ទឥតខ្សែ )ដោយខ្ញុំធ្លាប់ធ្វើការនៅក្នុងស្រុកខ្មែរ ជាមួយក្រុមហ៊ុនទូរស័ព្ទជាច្រើន បន្ទាប់មកខ្ញុំបានទៅធ្វើការនៅប្រទេសអ៊ីរ៉ាក់ អស់រយៈពេលជាង ១១ឆ្នាំ ជាអ្នកជំនាញខាងផ្នែកប្រព័ន្ធបច្ចេកវិជ្ជា ប្រព័ន្ធទូរស័ព្ទឥតខ្សែ ។ ​ប៉ុន្តែបន្ទាប់ពីធ្វើការលើវិស័យនេះ អស់រយៈពេលជាច្រើនឆ្នាំមកនោះ ហើយខ្ញុំមានចំណងចំណូលចិត្តទៅលើការដាំដុះផ្កា រុក្ខជាតិផ្សេងៗ ជាពិសេសគឺផ្សិតនេះតែម្តង ។ ដោយខ្ញុំមើលឃើញថា ផ្សិត ជាអាហារផ្តល់ប្រូតេអ៊ីន បើនិយាយពីផលប្រយោជន៍នៃផ្សិតគឺល្អខ្លាំងណាស់ ហើយផ្សិតមានជាច្រើនប្រភេទគឺប្រភេទផ្សិតពុល ប្រភេទផ្សិតថ្នាំ និង ប្រភេទផ្សិតញ៉ាំបាន ដូ​ច្នេះខ្ញុំមានការចាប់អារម្មណ៍ទៅលើប្រភេទផ្សិតញ៉ាំបាន ហើយទៅថ្ងៃអនាគត ខ្ញុំអាចវិវឌ្ឍន៍ដាំប្រភេទផ្សិតធ្វើថ្នាំ ។ គុណប្រយោជន៍របស់ផ្សិត ពេលយកទៅហូបមិនមានកាឡេស្តេរ៉ូល មិនមានជាតិអាស៊ីត ហើយទៅថ្ងៃអនាគតខ្ញុំមើលឃើញថា ទោះបីអ្នកមិនចូលចិត្តញ៉ាំផ្សិត ក៏ងាកមកញ៉ាំផ្សិតដែរ ដូច្នេះអាហារផ្សិតជា​អាហារដ៏ចាំបាច់មួយ សម្រាប់មនុស្សសម័យថ្មីនេះ ហើយទៅថ្ងៃអនាគតវារិតតែមានការចាំបាច់ទៀត ។ ផ្សិតប្រើប្រាស់ពីកាកសំណល់ ដែលគេបោះចោល ដូចជាក្រុមការងារ ដែលពួកយើងធ្វើនេះគឺយើងប្រើចំបើង ដែលយើងបានផ្តល់ការងារ និង កម្រៃដល់ប្រជាកសិករបន្ថែមទៀត ដោយពួកគាត់បានប្រមូលចំបើងយកមកលក់ឱ្យពួកយើង ។​

ហើយការរៀបចំធុងនេះគឺយើងមានអ្នកបច្ចេកទេស ដែលធ្វើការរៀបចំពូជ ហើយការវេចខ្ចប់ទាំងអស់គឺកសិករយើងជាអ្នកធ្វើ ដែលធ្វើឱ្យពួកគាត់អាចរកចំណូលបានមួយផ្នែកទៀត ដូចជាការរៀបចំធុង ការចុះធុង ការបិទធុង គឺជាការផ្តល់ចំណូលដល់ប្រជាកសិករ ហើយយើងមើលទៅលើការងារធំៗ ។ ការងារដាំផ្សិតក្នុងធុងនេះ ខ្ញុំបានធ្វើការស្រាវជ្រាវមួយរយៈពេលមកហើយ គឺចាប់តាំងពីខ្ញុំធ្វើការនៅស្រុកគេមកម្ល៉េះ ក្រៅពីពេលទំនេរ ខ្ញុំបានឈ្លៀតពេលរៀនតាមអនឡាញ ។

បន្ទាប់ពីខ្ញុំរៀនហើយ ពេលខ្ញុំវិលត្រឡប់មកស្រុកខ្មែរវិញ នៅចុងឆ្នាំ ២០១៨ ខ្ញុំក៏បានចាប់ផ្តើមបង់លុយរៀនពីជំនាញដាំផ្សិតតាមអនឡាញ នៅប្រទេសអង់គ្លេសបន្ថែមទៀត ។ បន្ទាប់មក ខ្ញុំក៏ចាប់ផ្តើមការដាំដុះវា ហើយការដាំផ្សិតមាន បីដំណាក់កាលធំៗ គឺទី១ យើងប្រមូលវត្ថុធាតុដើម យកមកសំអាត ឬ ចំហុយ ។ ជាពិសេសចំបើង យើងដឹងហើយថា នៅក្នុងចំបើងមានជាតិផ្អែម មានជាតិប្រូតេអ៊ីន បើយើងយកទៅដាក់ត្រាំថ្នាំបំបាត់មេរោគ វាបាត់ជាតិនឹងអស់ ដូច្នេះយើងយកវាទៅចំហុយ យើងចំហុយសម្លាប់មេរោគ បន្ទាប់មកយើងដាក់ជាមួយពូជផ្សិតរបស់យើង ។ ហើយចូលដល់ដំណាក់កាលទី២ គឺយើងរៀបចំទុកនៅក្នុងបន្ទប់មួយ ដែលមានអនាម័យខ្ពស់ មិនឱ្យមានអីចូលទាំងអស់ ដើម្បីឱ្យមេផ្សិតវាកាត់ចំបើង នៅពេលវាកាត់ចំបើងអស់ហើយ ជាពេលដែលយើងប្រមូលផល ។

នៅពេលខ្ញុំចាប់ផ្តើមដំណើរការងារនេះ ខ្ញុំបានស្គាល់ និង ទាក់ទងអ្នកជំនាញក្នុងការដាំផ្សិតនេះ ហើយយើងបានធ្វើការណាត់ជួបគ្នានិយាយពីគម្រោងនេះ យើងក៏ចាប់ផ្តើមធ្វើការងារនេះជាមួយគ្នា ។ ហើយរោងផ្សិតរបស់ខ្ញុំទើបតែចាប់ផ្តើមសាងសង់នៅដើមឆ្នាំនេះគឺនៅដើមខែ៣ ។ ដូចជានៅបណ្តាប្រទេសមួយចំនួន ដែលត្រជាក់ខ្លាំង គឺគេធ្វើការដាំផ្សិត នៅក្នុងសីតុណ្ហភាពមួយដែលគ្រប់គ្រងបាន គឺយើងចាប់ផ្តើមរុញទៅដល់ចំណុចមួយ ដែលគ្រប់គ្រងសីតុណ្ហភាពបានដែរ អ៊ីចឹងនៅក្នុងរោងផ្សិតរបស់យើងមានម៉ាស៊ីនត្រជាក់​ មានប្រព័ន្ធបាញ់ទឹក ប្រព័ន្ធបឺតខ្យល់ ហើយថ្មីៗនេះយើងបញ្ចូលប្រព័ន្ធអូហ្ស៊ូនបន្ថែមទៀត ប្រព័ន្ធបាញ់ផ្សែងដើម្បី​ឱ្យផ្សិតនៅក្នុងសីតុណ្ហភាពមួយត្រជាក់ មានសំណើម មិនមានបាក់តេរីអ្វីទាំងអស់ ។

ផ្សិតរបស់យើងនេះ មានភាពស្រស់ថ្លាល្អ និង មិនក្រៀមស្វិត ដូចផ្សិតដែលប្រជាពលរដ្ឋយើងដាំតាមបែបបុរាណ ។ ក្នុងការដែលយើងចាប់ដៃគូជាមួយគ្នានោះ យើងឱ្យគេផ្តល់លក្ខណបច្ចេកទេស ដំណាក់កាលទី១ និង ដំណាក់កាលទី ២ ​ហើយប្រមូលយកដំណាក់កាលទី៣មកដាក់នៅក្នុងរោងតែម្តង បានន័យថា ធុងផ្សិតមកដល់ក្នុងរោងរបស់ខ្ញុំក្នុងរយៈពេល៥ថ្ងៃ គឺខ្ញុំចាប់ផ្តើមប្រមូលផល យ៉ាងយូរបំផុតរយៈពេលមួយសប្តាហ៍ ។ ក្នុងការដាំផ្សិតតាមលក្ខណបច្ចេកទេសបែបនេះគឺរយៈពេល២ខែគឺយើងអាចប្រមូលផលបានហើយ នៅក្នុងរោងរបស់ខ្ញុំនេះមានធុងផ្សិតចំនួន ១៥០ធុង ខ្ញុំបេះវាជារៀងរាល់ថ្ងៃ ដោយជាមធ្យមក្នុងមួយថ្ងៃ ខ្ញុំបេះផ្សិតបានចំនួន ៧គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមលក់បាន ៣ដុល្លារ លក់តាមអនឡាញ។ ផ្សិតនេះមានការលូតលាស់លឿនណាស់ នៅពេលមានសំណើម និង សីតុណ្ហភាពគ្រប់គ្រាន់ ។

យើងធ្វើនេះគឺយើងមានគោលដៅចំនួន ៣គឺទី១ ខ្ញុំលក់ជាធុង បើបងប្អូនប្រជាពលរដ្ឋយើងដែលចង់ទិញជាធុង ចង់ដាំទទួួលទានជាលក្ខណគ្រួសារគឺយើងលក់ជាធុង ដោយក្នុងមួយធុងលក់ក្នុងតម្លៃ ២៥ដុល្លារ អាចយកទៅប្រើប្រាស់ ឬ បេះបានរយៈពេល ៣ខែ ។ ហើយធុងដែលលក់ជូនទៅអតិថិជន ហើយនោះគឺយើងទិញត្រឡប់មកវិញ ក្នុងតម្លៃ ៥០០០រៀល សម្រាប់ធុងមួយ ។ ប្រភេទផ្សិតដែលខ្ញុំបានដាំនេះ ជាប្រភេទផ្សិតអំបោះ ឬ ផ្សិតខ្យង់ ប៉ុន្តែរបស់យើងគឺពូជផ្សិតអំបោះប៉ៅហ៊ឺ ។ ដើមទុនដែលយើងធ្វើផ្សិតនេះគឺខ្ទង់ពី១០ ០០០ ទៅ ១៥ ០០០ដុល្លារ ។ យើងរៀបចំកញ្ចប់ ៣ ០០០ធុង នៅក្នុងកញ្ចប់អាជីវកម្មគឺយើងលក់១ធុង ១៣ដុល្លារ ។ ហើយកញ្ចប់អាជីវកម្មរបស់យើងគឺយើងដើរនៅលើផ្លូវ ៥០ភាគរយម្នាក់ ខាងក្រុមការងាររបស់ខ្ញុំចេញ ៥០ភាគរយ ខាងម្ចាស់ផ្ទះចេញ ៥០ភាគរយ ពីព្រោះនៅក្នុងការប្រកបអាជិវកម្មផ្សិត យើងត្រូវការរកអ្នកមានបេះដូងផ្សិត ។

បន្ទាប់មកនៅពេលយើងប្រមូលផ្សិតទៅលក់នៅលើទីផ្សារបាន ១០០ភាគរយគឺ ២០ភាគរយត្រូវបានក្រុមទីផ្សារដកយក ហើយនៅសល់ ៨០ភាគគឺត្រូវចែកគ្នារវាងម្ចាស់ផ្ទះ និង ខាងក្រុមការងារយើង ។ ក្នុងការដាំផ្សិតប្រភេទនេះគឺក្រុមការងារជាអ្នករៀបចំឱ្យទាំងអស់ ទាំងការថែទាំ និង ការរកទីផ្សារ មានន័យថា ម្ចាស់ផ្ទះចាំតែយកលុយតែប៉ុណ្ណោះ ។

ប្រសិនបើបងប្អូន មានចំណាប់អារម្មណ៍ចង់បើកអាជីវកម្មដាំផ្សិតប្រភេទនេះ ឬ ចង់ដឹងពត៌មានបន្ថែមទៀតនោះអាចទាក់ទងទៅលោក ស៊ាន សុរ្យផល្លា ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៨១ ៨៦២ ៨៨៨,០៦៦ ៨៦២ ៨៨៨ ៕

Related posts

Leave a Comment