ទីបំផុត!!​ជម្លោះរវាងផលិតកម្មថោន និង ខេម ត្រូវបញ្ចប់ហើយ ក្រោមស្នាដៃលោក ហេង ឡុង

ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវវាយប្រហារគ្នាលើបណ្តាញសង្គមរវាងតារាចម្រៀង ខេម និង ផលិតកម្មថោនបានក្លាយជាប្រធានបទក្តៅមួយធ្វើឱ្យមហាជនអ្នកគាំទ្រតាមដានមិនតិចទេ ដោយក្នុងនោះក៏មានការចង់ដឹងដែរថាតើភាគីណាមួយខុស និង ភាគីណាត្រូវ ប៉ុន្តែយ៉ាងណាក្រោយអូបន្លាយជាច្រើនថ្ងៃមក ពេលនេះរឿងរ៉ាវជម្លោះនោះត្រូវបានបញ្ចប់ហើយ ។

បើតាមលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានបង្ហោះសារលើបណ្តាញសង្គមនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ភាគីទាំងសងខាងយល់ព្រមបញ្ចប់ជម្លោះ បញ្ឈប់ការវាយប្រហារគ្នា ដោយអន់ឱនឱ្យគ្នា ហើយបន្តរាប់អានគ្នាជាបងប្អូនខ្មែរតែមួយ ។

«ដំណឹងល្អសម្រាប់បងប្អូន 🙏🙏 បន្ទាប់ពីចំណាយពេលជាង ៣ ម៉ោងរហូតដល់ម៉ោង ១ យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន និង តារាចម្រៀង ខេម ។ ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះអត់ឱនអធ្យាស្រ័យឱ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។ អរគុណសន្តិភាព!» ។

គួរឱ្យដឹងដែរថា រឿងរ៉ាវជម្លោះរវាងតារាចម្រៀង ខេម និង ផលិតកម្មថោននេះ បានកើតឡើងកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីផលិតកម្មថោនបានចេញសេចក្ដីជូនដំណឹងឱ្យតារាចម្រៀង ខេម មានឈ្មោះដើម ប៉ុន សុណារិន ចូលខ្លួនមកផលិតកម្ម ដើម្បីស្រាយបំភ្លឺទាក់ទងនឹងរឿងមិនទាន់ចប់កិច្ចសន្យា ប៉ុន្តែទៅចេញបទចម្រៀងនៅក្នុងផលិតកម្មផ្សេង ដែលធ្វើឱ្យតារាចម្រៀង ខេម ក្តៅស្លឹកសត្រចៀកបង្ហោះសារវាយបកវិញភ្លាមៗ ។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ ទាំងភាគីតារាចម្រៀង ខេម និង ខាងផលិតកម្មថោនបានបញ្ចប់ជាស្ថាពរហើយ ក្រោមការជួយដោះស្រាយ និង អន្តរាគមន៍ពីលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ៕

Related posts

Leave a Comment