ល្បីនៅឆ្នេរកែប គៀបស៊ីទេសចរតាំងពីផ្លូវចូលដល់ផ្លូវចេញ គ្រាន់តែថ្លៃកន្ទេល ១ អស់ ១០ ម៉ឺនរៀល

កែបក៏ជាខេត្តមួយដែលជាប់ចំណាត់ថ្នាក់ មានទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះកររហូតដល់ជាង ១០ ម៉ឺននាក់ក្នុងថ្ងៃឈប់សម្រាក ៥ ថ្ងៃកន្លងទៅនេះ ។ យ៉ាងណាមិញទន្ទឹមនឹងទទួលបានទេសចរដ៏ច្រើនលើសលុបហើយនោះ ក៏មានការមិនពេញចិត្តពីប្រជាពលរដ្ឋដែលទៅកម្សាន្តនៅទីនោះទៅលើការចំណាយផ្សេងៗតាំងពីផ្លូវចូលរហូតដល់ផ្លូវចេញ រាប់តាំងពីថ្លៃរថយន្ត ថ្លៃកន្ទេល ថ្លៃអាហារ ហាក់មានការកើនថ្លៃហួសប្រមាណ ។

តាមទំព័រហ្វេសប៊ុកឈ្មោះ Phnom Penh News ដែលបង្ហោះរៀបរាប់ពីការចំណាយដ៏ច្រើនពីសំណាក់ភ្ញៀវទេសចរពេលទៅកម្សាន្តឆ្នេរកែប ក៏មានពលរដ្ឋជាច្រើនចូលបញ្ចេញមតិហូរហែថាពិតជាបែបនោះមែន ។ ក្នុងនោះពេលចូលទឹកដីខេត្តកែបបើចង់មើលឆ្នេរកែប ទេសចរត្រូវចំណាយហោចណាស់ ៤០០០ រៀលសម្រាប់អ្នកជិះរថយន្ត ហើយពេលទៅដល់ឆ្នេរកែប ចង់រកកន្លែងអង្គុយគយគន់ទេសភាពអ្នកត្រូវចំណាយប្រមាណ ១០ ម៉ឺនរៀល (កន្ទេលក្រាលលើការ៉ូឡា) ។

តាមប្រភពខាងលើបញ្ជាក់ទៀតថា បើចង់ចតឡាននៅក្បែរឆ្នេរទៀតនោះ ទេសចរត្រូវចំណាយប្រមាណ ២០០០០ រៀលទៀត ។ បើចង់ញ៉ាំអាហារ ក៏ត្រូវចំណាយប្រមាណ ៦០០០០ រៀលសម្រាប់ម្ហូបមួយមុខ ។

យ៉ាងណាក្ដីប្រភពខាងលើក៏បានបញ្ជាក់ដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្ដា បានផ្ដល់បទសម្ភាសថា បានហៅអាជីវករមកអប់រំណែនាំរួចហើយមុនថ្ងៃឈប់សម្រាក ដើម្បីកុំឱ្យឡើងថ្លៃសេវាកម្មម្ហូបអាហារ និង ផ្ទះសំណាក់ សណ្ឋាគារ តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ នៅក្នុងស្ថានភាពជាក់ស្ដែង ៕

Related posts

Leave a Comment