កូនកសិករក្រសឹងរកបាយហូបគ្មាន ខំប្រឹងរៀនរហូតទទួលបានអាហារូបករណ៍ពី Harvard

ការតស៊ូអំណត់ ព្យាយាមគង់តែទទួលបានភាពជោគជ័យនៅថ្ងៃណាមួយ។ ប្រៀបដូចជាក្មេងប្រុសជនជាតិភីលីពីនម្នាក់ដែលជម្នះជាមួយភាពក្រីក្រ រហូតមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យហាវើត (Harvard University) ដ៏ល្បីល្បាញ។

Romnick L. Blanco លូតលាស់ធំធាត់នៅក្នុងខេត្ត Bulacan ក្នុងគ្រួសារកសិករមួយ។ ទោះបីជាយ៉ាងណាក៏ដោយក៏គ្រួសាររបស់ Romnick បានឱ្យកូនទទួលការអប់រំនៅសាលា ហើយ Romnick ទៀតសោតក៏ខិតខំប្រឹងប្រែងយ៉ាងខ្លាំងទោះបីជាត្រូវឆ្លងទន្លេជារៀងរាល់ថ្ងៃយ៉ាងលំបាកដើម្បីទៅដល់សាលា ព្រោះមិនចង់ឱ្យឪពុកខកបំណង។

ការខិតខំប្រឹងប្រែង និងភាពវ័យឆ្លាតរបស់ Romnick បានធ្វើឱ្យគេទទួលការឧបត្ថម្ភពីអង្គការក្នុងតំបន់មួយដើម្បីឱ្យគេបានរៀនជំនាញផ្សេងទៀតដូចជាភាសាអង់គ្លេស និង កំព្យូទ័រជាដើម។​​

បន្ទាប់មក Romnick ក៏បានបញ្ចប់ការសិក្សានៅសាលាអន្តរជាតិម៉ានីឡាដោយជំនួយពីអង្គការខាងលើ ជាមួយនឹងពិន្ទុខ្ពស់ជាងគេបំផុត ដែលធ្វើឱ្យគេទទួលបានការចាប់អារម្មណ៍ នឹងទទួលបានអាហារូបករណ៍ ជាច្រើនពីសាកលវិទ្យាល័យបរទេស ។ ក្នុងចំណោមនោះក៏មានសាកលវិទ្យាល័យហាវើត ដែលជាជម្រើសរបស់គេ។

រឿងរបស់ក្មេងប្រុសម្នាក់នេះបានក្លាយជាការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់សិស្សទាំងអស់ដែលមានជីវភាពក្រីក្រ ហើយអស់សង្ឃឹមក្នុងការបន្តឈោងចាប់ក្តីស្រមៃរបស់ខ្លួន ៕

Related posts

Leave a Comment