ប្រាសាទទឹងថ្ងៃ ហ៊ុមព័ទ្ធដោយព្រៃឫស្សី ទេសភាពដ៏ល្អឯកប្រៀបបានឋានសួគ៌ក្រោមមេឃ

ប្រាសាទ «ទទឹងថ្ងៃ» គឺជាប្រសាទបុរាណ​មួយដែលហ៊ុមព័ទ្ធដោយព្រៃឫស្សីជុំវិញ បានបង្កើតជាទេសភាពដ៏ស្រស់ត្រកាលប្រៀបបានជាឋានសួរធម្មជាតិ អបដោយសំឡេងវាយោបក់ផាយផាត់ប៉ះស្លឹកឫស្សីឮរវិចៗ រួមនឹងសំឡេងបក្សាបក្សីស្រែកច្រៀងកង់រំពង បានបង្កើតទៅតន្ត្រីធម្មជាតិមួយ ដែលអាចធ្វើឱ្យអ្នកទស្សនារំសាយទុក្ខកង្វល់សៅម៉ងទាំងឡាយបានដោយមិនដឹងខ្លួន ។

បើយើងអាចបង្វិលពេលវេលា ឬត្រឡប់ទៅអតីតកាលពី ១ ពាន់ឆ្នាំមុន យើងនឹងបានឃើញពីទិដ្ឋភាព និង ភាពដ៏មហស្ចារ្យ នៃប្រសាទបុរាណបុរាណនេះ ជាមិនខាន ។ ប្រាសាទ​ទទឹងថ្ងៃនេះបានកសាងឡើងនៅ ស.វ ទី១០ ដោយថ្មភក់ និង ឥដ្ឋ ដោយសារតែប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមផ្ទៃក្នុងជាច្រើនឆ្នាំ សង្គ្រាមឈ្លានពានពីប្រទេសជិតខាង និង ការបោះបង់ចោលនូវប្រាសាទនេះ ជាង ១០ ស.វ ដោយមិនមានការមើលថែផងនោះ បានធ្វើឱ្យប្រាសាទទទឹងថ្ងៃបាក់បែកស្ទើទាំងស្រុង​ ។

សព្វថ្ងៃនេះ គេឃើញមានតែតួទ្វារប្រាសាទប៉ុណ្ណោះដែលនៅសេសសល់ ហើយលក្ខណៈពិសេសរបស់ប្រាសាទនេះដែលខុសប្លែកពីប្រាសាទបុរាណដ៏ទៀតត្រង់ថា ប្រាសាទបុរាណភាគច្រើនស្ថិតក្នុងព្រៃឈើរធំៗ​ខ្ពស់ៗ តែសម្រាប់ប្រាសាទទទឹងថ្ងៃដ៏អស្ចារ្យនេះវិញ បែរជាមកលាក់ខ្លួនក្នុងព្រៃឫស្សីទៅវិញ និង បានបង្កើតទៅជាទេសភាពខុសពីគេ ប៉ុន្តែបែរជាមិនសូវមានអ្នកទេសចរទៅដល់ទៅវិញ ទាំងភ្ញៀវទែសចរជាតិ និង អន្តរជាតិ ។

ប្រាសាទដ៏អស្ចារ្យលាក់ខ្លួនក្នុងព្រៃឫស្សីនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ​សម្រាប់គូស្នេហ៍ដែលចង់ថតរូបមុនអាពាហ៍ពិពាហ៍ ប្រសិនបើអាចគួរតែទៅថតរូបនៅទីនោះព្រោះមានប្លង់ស្អាតៗ ហើយវាក៏បានរួមចំណែកផ្សព្វផ្សាយពីប្រាសាទដ៏ឯកោមួយនេះដល់ទេសចរឲ្យគេបានស្គាល់ផងដែរ ។

Related posts

Leave a Comment