ទៅលេងបាត់ដំបង កុំភ្លេចទៅ ជិះឡូរី លេងកម្សាន្ត នៅភ្នំបាណន់

ខេត្តបាត់ដំបង​សម្បូរ​ទៅដោយ ​កន្លែងទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរជា​ច្រើន​កន្លែង​រាប់មិនអស់ ហើយ​សុទ្ធតែ​សប្បាយៗ​ផងដែរ​។ ​​ភ្ញៀវទេសចរ​នៅពេល​បាន​ទៅលេង​ខេត្តបាត់ដំបង ​គេ​មិនដែល​ភ្លេច​ឡើយ ​ក្នុងការ​ធ្វើដំណើរកម្សាន្ដទៅ​ជិះ​ឡូរី​​នៅ​ជើងភ្នំបាណន់ ពោលគឺ​ក្រៅ​ពី​ចូល​មើល​ចំការ​ទំពាំង​បាយ​ជូរ,​ ឡើង​លេងលើ​ភ្នំ​បាណន់ ​គឺ​ជិះ​ឡូរីនេះឯង…។​

​ឡូរី ដែល​គេ​តែងតែនិយមហៅលេងថា ​គ្រែ​ហោះ ​បំពាក់កង់ចំនួន ៤ និងជា ប្រភេទយាន​ចល័តមួយប្រភេទ ដើរ​ដោយ​ម៉ាស៊ីន​សម្រាប់​ដឹក​ភ្ញៀវទេសចរ ត្រូវបាន​ដំណើរការ ដឹកភ្ញៀវទេសចររាប់រយនាក់ជារៀង​រាល់ថ្ងៃ​ នៅជាប់​ជើងភ្នំបាណន់ ស្ថិតក្នុងភូមិឈើទាល ឃុំកន្ទឺ២ ​ស្រុក បាណន់ ខេត្ត បាត់ដំបង។​ ​ប្រសិនបើភ្ញៀវទេសចរ មានបំណង​ចង់ទៅកម្សាន្ដ​នៅទីនោះ លោកអ្នកគ្រាន់​តែធ្វើដំណើរ ចម្ងាយ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង តាមផ្លូវក្រាលកៅស៊ូ មាត់ស្ទឹងសង្កែខាងលិច។

ឡូរី ក្បែរ​ជើងភ្នំ​បាណន់ ហាក់​មាន​ភាពទំនើប និង​ពិសេស​ជាង​ឡូរី​ដទៃទៀត ​ដោយសារតែ ឡូរី មានគំនិតច្នៃប្រឌិតជា​ពិសេស​ ស្អាត​ជាង​មុន ឯ​ផ្លូវ​ធ្វើដំណើរ​វិញមាន​ភាពទាក់ទាញខ្លាំង ដោយមានការដាំ​ផ្កាលំអ និង​រៀបចំ​សួន​យ៉ាងស្រស់ស្អាត​ប្លែក។ ជាពិសេស លោកអ្នកអាច​ធ្វើដំណើរជិះឡូរី កម្សាន្ដលេង គយគន់ទេសភាពដ៏ស្រស់​ត្រកាលនៃ ព្រៃ ភ្នំ ភោគផលដំណាំកសិកម្ម វាលស្រែដ៏ខៀវស្រងាត់នៅរដូវវស្សា និង​ពណ៌មាសនៅរដូវប្រាំង​ទៀតផង។

គួរឱ្យដឹងដែរថា ឡូរី មាន​តាំងពី​យូរយារណាស់​មកហើយ គ្រាន់តែ​កាលពីអតីតកាល ​ប្រជាពលរដ្ឋ​ប្រកបមុខរបររត់​ឡូរី​ ដើម្បី​ធ្វើជាមធ្យោបាយដឹកជញ្ជូនសម្ភារៈធន់ស្រាល និងអ្នកដំណើរ​ប៉ុណ្ណោះ ហើយ​ពេលខ្លះ​ក៏មាន​ការ​ដង្ហែ​កឋិន​តាម​ឡូរី​ម្តងម្កាល​ដែរ។ នៅ​រដូវ​បុណ្យទាន​ម្តងៗ គេឃើញមាន​ភ្ញៀវ​ទេសចរណ៍ជាច្រើន មានការចាប់​អារម្មណ៍​ ​ជិះ​ឡូរី​កម្សាន្ដលេងព្រោងព្រាត ទើប​មានការរៀបចំ​ក្លាយជា​សហគមន៍​ទេសចរណ៍ និង​មាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​អ្នក​ជ្រោមជ្រែង តែ​ក្រោយមក​ដោយសារតែ​រដ្ឋាភិបាលរៀបចំ​ស្តារ​ផ្លូវដែក​ឡើងវិញ ទើប​ធ្វើឱ្យ​សហគមន៍​ឡូរី​ខាងលើ​មិនអាច​ដំណើរការបាន ​ក៏​សម្រេចចិត្ត​បង្កើតមណ្ឌលកម្សាន្ដឡូរី​ថ្មី​ នៅ​ស្រុក​បាណន់​តែម្តង៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment