ថ្មភ្នំចម្លែក បញ្ចេញពងរាល់ ៣០ ឆ្នាំម្ដង ធ្វើឲ្យអ្នកវិទ្យាសាស្ត្រឈឺក្បាល រកចម្លើយមិនឃើញ

តំបន់​ដាច់​ស្រយាល​មួយ​នៅ​ភាគ​និរតី​នៃ​ខេត្ត Guizhou ប្រទេស​ចិន មាន​ថ្ម​ភ្នំ​ដ៏​ចម្លែក​មួយ​ដែល​អ្នក​រស់​នៅ​តំបន់​នោះ​ហៅ​ថា Chan Da Ya (ថ្ម​ភ្នំ​បញ្ចេញ​ពង) ។

មូលហេតុ​ដែល​គ្រប់គ្នា​ឲ្យ​ឈ្មោះ​វា​បែប​នេះ ព្រោះ​តែ​ថ្ម​ចម្លែក​នេះ អាច​មាន​សមត្ថភាព​បញ្ចេញ​ពង​ថ្ម​បាន យ៉ាង​ចម្លែក​បំផុត ដែល​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​អាច​រក​ចម្លើយ​រាប់​សតវត្ស​មក​នេះ​នៅ​ឡើយ​ទេ ។

ថ្ម​ភ្នំ​នេះ​មាន​កម្ពស់ ២.៤ ម៉ែត្រ និង​ប្រវែង ១៩ ម៉ែត្រ ដែល​មាន​ខ្នាត​ទំហំ​ប្រហាក់​ប្រហែល​នឹង​ថ្ម​ដទៃ​ដែរ ។ អ្វី​ដែល​ចម្លែក​នោះ​គឺ​ថា នៅ​តាម​ជញ្ជាំង​នៃ​ថ្ម​ភ្នំ​នេះ គឺ​ពោរពេញ​ដោយ​ដុំ​ថ្ម​រលោង​មូលៗ មាន​ទំហំ​ផ្សេងៗ​ពី​គ្នា​ដុះ​ពាសពេញ​នោះ ។ ពី​មួយ​ពេល​ទៅ​មួយ​ពេល ពង​ថ្ម​ទាំង​នោះ កាន់​តែ​រីក​ធំ​ទៅៗ រហូត​ធ្វើ​ឲ្យ​វា​ដាច់​ធ្លាក់​ចុះ​មក​ក្រោម ដើម្បី​ទុក​កន្លែង​ឲ្យ​ពង​ថ្ម​ដទៃ​កកើត​ទៀត ។

បើ​តាម​សម្ដី​អ្នក​ភូមិ Gulu ដែល​រស់​នៅ​ទីនោះ​បាន​និយាយ​ថា ថ្ម​ភ្នំ Chan Da Ya ចំណាយ​ពេល ៣០ ឆ្នាំ​ម្ដង ក្នុង​ការ​ពង​បាន​ដុំ​ថ្ម​ចម្លែក​នេះ ។ ​

បច្ចុប្បន្ន ថ្ម​ភ្នំ Chan Da Ya បាន​ក្លាយ​ជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ហើយ​ភាគ​ច្រើន​នៃ​ពង​ថ្ម​ទាំង​នោះ​ត្រូវ​បាន​ពពួក​ទុច្ចរិត​លួច​យក​ទៅ​លក់​ដើម្បី​បំពេញ​តម្រូវ​ការ​ខ្លួន ហើយ​ពង​ថ្ម​ថ្មីៗ​ដែល​រៀប​នឹង​ជ្រុះ​ធ្លាក់​មក​នោះ ជា​ញឹកញាប់​ក៏​ត្រូវ​បាន​ពួក​ឈ្មួញ​លួច​កាត់​យក​ផង​ដែរ ។ មក​ទល់​ពេល​នេះ ពង​ថ្ម​ប្រមាណ​ត្រឹម ៧០ ប៉ុណ្ណោះ​ដែល​នៅ​សេសសល់ និង​កំពុង​ត្រូវ​បាន​អ្នក​រស់​នៅ​ក្នុង​តំបន់​នាំ​គ្នា​អភិរក្ស​ការពារ ៕

Related posts

Leave a Comment