ខ្លាំងមែន! ប្រឡូកសិល្បៈជាង ១០ ឆ្នាំអតីត Freshie Girl ៣ រូបនេះ នៅតែស្ថិតកំពូលតារាង

គេចាំបានថា តារាស្រីដែលមានរូបសម្បត្តិស្រស់សោភា ពោរពេញដោយសមត្ថភាពសិល្បៈជាច្រើន សាងបាននូវកេរ្ដិ៍ឈ្មោះ និងភាពល្បីល្បាញ នៅក្នុងវិស័យសិល្បៈបច្ចុប្បន្ន ច្រើនតែធ្លាប់បានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់នានា ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកតារាស្រី ៣ ដួង ដែលនៅលេចធ្លោ និងក្ដាប់ទីផ្សារសិល្បៈខ្លាំង បើទោះបីជាពួកគេ បានប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំហើយក្ដី ៖

១) សុខ សោម៉ាវត្តី

បើនិយាយដល់ឈ្មោះ សុខ សោម៉ាវត្ដី ទស្សនិកជនជាច្រើនច្បាស់ជាស្គាល់នាងច្បាស់ ក្នុងនាមជាពិធីការិនី ដ៏មានប្រជាប្រិយភាពមួយរូប និងជាតារាសម្ដែងស្រស់ស្អាត ដែលលេចធ្លោខ្លាំង នៅក្នុងវិស័យខ្សែភាពយន្ដនាពេលកន្លងមក ។ ពិធីការិនីកូនមួយរូបនេះ ធ្លាប់ជាអតីត Freshie Girl លេខ ២ សម័យប្រឡងឆ្នាំ ២០០៦ តែនាងក្ដោបបានទីផ្សារសិល្បៈខ្លាំង ។ ជាញឹកញាប់ តារាស្រី ដ៏ស្រស់ស្អាតរូបនេះ តែងឆក់បានតំណែងជាពិធីការិនី ក្នុងកម្មវិធីធំៗ សម្ដែងជាតួឯកក្នុងខ្សែភាពយន្ដ និងលេចមុខធ្វើជាអ្នកតំណាងផលិតផល ក្នុងស្ពតពាណិជ្ជកម្មផ្សេងៗជាច្រើន ។ បើទោះបីជាជួបរឿងស្នេហាមិនសមបំណង និងក្លាយខ្លួនជាអ្នកមេម៉ាយវ័យក្មេងក្ដី កំពូលតារាសម្ដែង និងពិធីការិនីជួរមុខរូបនេះ នៅតែតស៊ូក្នុងវិស័យសិល្បៈ ជម្នះឧបសគ្គផ្សេងៗ ឈរនៅលំដាប់ជួរមុខដដែល ។ បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងតែសាងសុភមង្គលស្នេហាថ្មីជាមួយ កីឡាបាល់ទាត់សង្ហា លី វ៉ាហេទ ។

២) ហ៊ិន ចាន់និរ័ត្ន

ហ៊ិន ចាន់និរ័ត្ន ជាអតីត Freshie Girl លេខ ១ សម័យប្រឡងឆ្នាំ ២០០៧ ។ អតីតស្រីស្អាតលេខ១ រូបនេះ បានឆក់បានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីរូបនាងឈានជើងចូលប្រឡូកវិស័យសិល្បៈ និងឆក់បានតំណែងជាពិធីការិនីនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន្ដ ។ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ទេពកោសល្បលេចធ្លោ ក្នុងនាមជាពិធីការិនីឡើយ កំពូលតារាស្រីរូបនេះ ក៏មានសមត្ថភាពខាងផ្នែកសម្ដែងមិនណយដែរ ។ យូរៗម្ដង គេឃើញនាង លេចមុខនៅក្នុងខ្សែភាពយន្ដ ហើយឆក់បានប្រជាប្រិយភាពខ្លាំងដដែល ។ បើទោះបីជាប្រឡូកសិល្បៈ ១៣ ឆ្នាំហើយក្ដី នៅតែរក្សាបាននូវកេរ្ដិ៍ឈ្មោះ ល្បីល្បាញខ្លាំង ក្ដោបបានការងារធំៗជាច្រើន ។

៣) មាន សូនីតា

អតីត Freashy Girl ២០០៩ មានសូនីតា ដែលត្រូវបានមហាជនដាក់រហ័សនាមឲ្យថា «រាជិនីក្រម៉ា» ជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប ដែលតែងតែទទួលបានការចាប់អារម្មណ៍ពីខ្លាំងពីទស្សនិកជនទៅលើសមត្ថភាពសិល្បៈ និងរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង ។ បើទោះបីជាតារាស្រីរូបនេះ មិនទទួលបានចំណាត់ថ្នាក់ លេខ ១ ក៏ដោយ តែកំពូលតារាស្រីរូបនេះ នៅតែអាចសាងភាពលេចធ្លោ និងកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងមកទល់សព្វថ្ងៃ ។ ស្ថិតក្នុងវ័យ ៣០ ឆ្នាំ បច្ចុប្បន្ន តារាស្រីដែលមានសំឡេងស្រួយស្រេះរូបនេះ ហាក់មិនសូវប្រឡូកខ្លាំងនៅក្នុងការសម្ដែងខ្សែភាពយន្ដទេ យូរៗម្ដងប៉ុណ្ណោះដែលនាង សម្រេចចិត្តសម្ដែងនៅក្នុងខ្សែភាពយន្ដនានា ប៉ុន្ដែប្រជាប្រិយភាពនៅតែកប់ខ្លាំង ។ មួយរយៈចុងក្រោយនេះ នាងតែងតែលេចមុខជាអ្នកតំណាងផលិតផល និងនៅក្នុងវីដេអូឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម ឱ្យក្រុមហ៊ុនធំល្បីៗជាច្រើន ៕

Related posts

Leave a Comment