តោះមករៀនធ្វើម្ហូប «ក្តាមបំពងទឹកជ្រលក់ផ្លែប៉ោម» ជូរផ្អែម ធានាជាប់ចិត្ត

បើនិយាយពីក្តាមស្រែ ឬ ក្តាមសមុទ្រ ប្រាកដណាស់ចុងភៅ ឬ ស្ត្រីមេផ្ទះគ្រប់រូបធ្លាប់បានយកទៅចម្អិនម្ហូបអាហារបានជាច្រើនមុខមកហើយ តែថ្ងៃនេះ នឹងជម្រាបពីរបៀបធ្វើក្តាមបំពងទឹកជ្រលក់ផ្លែប៉ោមវិញម្តង។

+ វិធីធ្វើក្តាមបំពងទឹកជ្រលក់ផ្លែប៉ោម
+ គ្រឿងផ្សំ៖
– ក្តាមសមុទ្រ ៣ ទៅ ៥ ក្បាល ឬ ក្តាមស្រែ (កន្លះគីឡូ), ស៊ុតមាន់ចំនួនមួយគ្រាប់, កម្ទេចនំប៉័ងកន្លះចានចង្កឺះ (កម្ទេចនំប៉័ង ជាកញ្ចប់មានលក់នៅទីផ្សារ), ការ៉ុត ១០០ ក្រាម, ដំឡូងបារាំង ១០០ ក្រាម, ប៊័រស្រស់ប្រភេទប្រៃ ១ ស្លាបព្រាបាយ, ប្រេងឆាសម្រាប់បំពង ។

+ គ្រឿងផ្សំទឹកជ្រលក់ផ្លែប៉ោម
– ផ្លែប៉ោមពណ៌ខៀវ ២ ផ្លែ, ស្ករស ១ ស្លាបព្រាបាយ, អំបិលម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ, ម្សៅឈើក្រអូប ១ ភាគ ៨ ស្លាបព្រាកាហ្វេ, ប៊័រស្រស់ប្រភេទប្រៃចំនួន ១ ស្លាបព្រាបាយ, ទឹកស្អាតធម្មតា។

+ វីធីធ្វើ:
១) ចំហុយក្តាមឲ្យឆ្អិន បកសំបកឲ្យស្អាត ។
២) វាយស៊ុតមាន់ឲ្យបែក រួចនាំយកក្តាមដាក់បំពង បន្ទាប់មកយកវាច្របល់ជាមួយកម្ទេចនំប៉័ង ហើយដាក់បំពងនៅក្នុងប្រេងឆា ប្រើភ្លើងល្មម រង់ចាំដល់តង្កៀបក្តាមឡើងពណ៌លឿង ទើបស្រង់ឡើង ។
៣) ហាន់ការ៉ុត និង ដំឡូងបារាំង ជាដុំតូចៗ រួចយកទៅឆាជាមួយប៊័រឲ្យឆ្អិន ។
៤) ចិតសម្បកផ្លែប៉ោម ហើយចិតផ្លែប៉ោមជាដុំៗ រួចប្រើទឹកបន្តិចស្ងោរឲ្យឆ្អិន ។
៥) បន្ទាប់មក បង់អំបិលម៉ដ្ឋ ប៊័រស្រស់ ស្ករស កូរចូលគ្នាឲ្យសព្វ រួចបង់ម្សៅឈើក្រអូប ទុកទទួលទានជាមួយក្តាមបំពង ការ៉ុត និង ដំឡូងបារាំងដែលបានឆាជាមួយ៕

Related posts

Leave a Comment