វត្តបុរាណមួយនៅខេត្តបាត់ដំបង មានអាយុកាលជជាង ២០០ ឆ្នាំ នៅរក្សាបានក្បូរក្បាច់យ៉ាងល្អ

បាត់ដំបងជាខេត្តមួយដែលសម្បូរទៅដោយ ប្រាសាទបុរាណ និង សំណង់អគារដែលមានវ័យចំណាស់ជាច្រើនដែលនៅស្ទើរគ្រប់ទីកន្លែងទូទាំងខេត្ត ។ ទាំងអស់នេះបន្សល់ទុកពីបុព្វបុរសខ្មែរ និងសម័យអាណានិគមបារាំង ដែលកសាងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ។

ជាក់ស្តែងបើយើងក្រឡេកមកមើល វត្តចំណាស់មួយនៅបាត់ដំបង ដែលជាស្គាល់ជាថា វត្តកែវ ដែលកសាងឡើងនៅឆ្នាំ ១៧៧២ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាតដំបង ។ កាលពីដើមវត្តនេះ គឺជាកោះមួយដែលមានទឹកព័ទ្ធជុំវិញ គឺ​ខាង​លិច​ជាប់​ស្ទឹង ខាង​ជើង​ជាប់​ស្ទឹង ខាង​កើត​ជាប់​អូរ និង​ខាង​ត្បូង​ជាប់​អូរ ឬ​ទំនាប​វាល​ស្រែ​ ។ ទើបគេឱ្យឈ្មោះថា វត្តកោះកែវ ឫ វត្តមុន្នីរតនារាម ក្រោយមកពាក្យនេះបានស្ទួននឹងវត្តដទៃទៀត ក៍បានប្តូរឈ្មោះមកវត្តកែវរហូតមកដល់សព្វថ្ងៃនេះ ។

វត្តកែវមានទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ ក្នុងភូមិកំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងបាត់ដំបង ដោយឆ្លងតាមស្ពានថ្មថ្មី រួចជិះតាមផ្លូវមាត់ស្ទឹង ត្រើយខាងកើតរហូតទៅដល់វត្តកែវ ដែលមានចម្ងាយប្រមាណ ៦.៩៧ គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្តបាត់ដំបង ។

បើយើងក្រឡេកមើល​ពី​ខាងក្រៅ គេ​នឹង​ឃើញ​ព្រះ​វិហារ​ចំណាស់​មួយ ធ្វើ​ពី​ឥដ្ឋ និង​ឈើ​ប្រក់​ក្បឿង ​។ មាន​ហោជាង​ធ្វើ​ពី​ឈើ មាន​ឆ្លាក់​ក្បាច់​ផ្កា​ភ្ញីដ៏ល្អឯក លាប​ពណ៌​មាស​គួរ​ឱ្យ​ចង់​គយ​គន់​ នឹកភ្នកដល់ពីភាពប៉ិនប្រសប់វរបស់ដូនតាខ្មែរជំនាន់មុន ។ ក្រៅ​ពី​នោះនៅ​លើ​ពិដាន ក៏​មានបិទក្បាច់ដ៏​ឆើតឆាយ​ និងស្រស់ស្អាតជាទីបំផុត​ ។

អ្នកទេសចរដែលបានទៅដល់ខេត្តបាត់ដំបង ភាគច្រើនមិនដែលលំលងវត្តបុរាណនេះទេ ពិសេសភ្ញៀវទេសចរអន្តរជាតិ ។​ គ្រប់គ្នាដែលបានទៅទស្សនានៅវត្តនេះហើយ តែងពោលសរសើរពីស្នាដៃដ៏អស្ចារ្យ នឹងនឹកសម្រៃពីភាពរីចម្រើនរបស់ព្រះពុទ្ធសាសនាពីអតីតកាល ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment