ចិញ្ចឹមមាន់ចេះតែខាត លោក ជា អឿន ងាកមកចិញ្ចឹមបង្កងវិញ កំពុងតែឱ្យផលល្អខ្លាំង

បន្ទាប់ពីមានការខាត់បង់ពីបើកកសិដ្ឋានចិញ្ចឹមមាន់អស់ប្រមាណជាង ២ម៉ឺនដុល្លារមកនោះ ឥឡូវនេះ កសិករ ជា អឿន បានងាកមកប្រកបរបរចិញ្ចឹមបង្កងទឹកសាបលក់វិញម្តង ។ ព្រោះថា ការចិញ្ចឹមបង្កងទឹកសាបនេះ មានលក្ខណៈងាយស្រួលចិញ្ចឹម ជាងការចិញ្ចឹមមាន់ មិនពិបាកក្នុងការថែទាំ ហើយវាស៊ីចំណីតិចទៀត ។

លោក ជា អឿន មានស្រះចិញ្ចឹមបង្កងចំនួន ៣ស្រះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រាំរនៀប ឃុំ អង្គពពេល ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។ ប៉ុន្តែមុនដំបូងនេះ លោកបានចិញ្ចឹមបង្កងតែពីស្រះប៉ុណ្ណោះ ហើយស្រះមួយទៀតទុកសម្រាប់រំលែក នៅពេលកូនបង្កងរបស់គាត់ធំ ។​ លោក ជា អឿន បានមានប្រសាសន៍ថា ខ្ញុំទើបតែចិញ្ចឹមបង្កងបានជាង ២ខែប៉ុណ្ណោះ កាលពីមុនខ្ញុំបានបើកកសិដ្ឋានចិញ្ចឹមមាន់ ដោយសារតែការចិញ្ចឹមមាន់មានការខាតបង់ច្រើនពេក ទើបខ្ញុំងាកមកប្រកបរបរចិញ្ចឹមបង្កងទឹកសាបនេះវិញម្តង ។​​

មូលហេតុដែលនាំឱ្យការចិញ្ចឹមមាន់ មានការខាតបង់នោះ ដោយសារតែទីផ្សារមាន់មិនទៀងទាត់ ដោយនៅពេលលក់ មាន់ចុះថោក និង ពេលដាក់កូនមាន់ចិញ្ចឹម មាន់ឡើងថ្លៃ ដែលធ្វើឱ្យខ្ញុំមានការខាតបង់យ៉ាងច្រើន ។ នៅពេលខ្ញុំចាប់ផ្តើមទិញដីគេ ខ្ញុំក៏ចាប់ផ្តើមចិញ្ចឹមបង្កងតែម្តងទៅ ។ កាលពីចិញ្ចឹមមាន់នោះ ខ្ញុំបានចិញ្ចឹមមាន់រហូតដល់ទៅជាង ២ម៉ឺនក្បាល( មាន់កសិកម្ម ) ខ្ញុំបានខាតបង់ដោយសារចិញ្ចឹមមាន់អស់ចំនួន ២ម៉ឺនដុល្លារ ខ្ញុំបានប្រកបរបរចិញ្ចឹមមាន់នេះអស់រយៈពេល ៨ឆ្នាំមកហើយ ។​ ទើបតែមានការខាតបង់ខ្លាំងនៅក្នុង​ឆ្នាំ ២០២០នេះប៉ុណ្ណោះ ជាពិសេសនៅពេលជំងឺកូវីដ ចូលរាតត្បាតតែម្តង ។

ការចិញ្ចឹមមាន់ និង ការចិញ្ចឹមបង្កងគឺការចិញ្ចឹមបង្កងមានលក្ខណៈងាយស្រួលជាង ទាំងការថែទាំ ការផ្តល់ចំណីឱ្យវាស៊ី ចំណីយើងដាក់ឱ្យវាស៊ីតែម្តងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយក្នុងម្តងដាក់តែ២ ឬ ៣គីឡូក្រាមតែប៉ុណ្ណោះ បើមាន់វិញ ក្ុងមួយថ្ងៃវាស៊ីចំណីម្តងអស់ប្រហែល ១០០បាវឯណោះ ។ ខ្ញុំបានទិញដីគេសម្រាប់ចិញ្ចឹមបង្កងនេះអស់ចំនួន ៣ម៉ឺនដុល្លារ ដែលមានទំហំ ៣៣អារ នៅជាប់នឹងដីរបស់ខ្ញុំនេះតែម្តង ហើយខ្ញុំបានជីកស្រះចំនួន ៣ស្រះ ។ សរុបទាំងជីកស្រះ និង ទិញដីគេអស់ប្រហែល ៤ម៉ឺនដុល្លារ ។ ហើយខ្ញុំបានទិញកូនបង្កងចំនួន ៧ម៉ឺនបង្កង ចំណាយលុយអស់ចំនួន ៣៥លានរៀល ដាក់នៅក្នុងស្រះចំនួន២ ហើយស្រះមួយទៀត សម្រាប់ទុករំលែក នៅពេលកូនបង្កងធំបន្តិច ។

ទុនយកមកវិនិយោគក្នុងការចិញ្ចឹមបង្កងនេះ ជាទុនផ្ទាល់ខ្លួនរបស់ខ្ញុំខ្លះ និង ទុនខ្ចីពីធនាគារខ្លះ មុននឹងធ្វើការចិញ្ចឹមបង្កងនេះ ខ្ញុំបានទៅរៀនបទពិសោធពីលោកគ្រូម្នាក់ ដែលគាត់ជាមន្ត្រីមន្ទីរកសិកម្មផង និង ជាអ្នកប្រកបរបរចិញ្ចឹមបង្កងនេះផង ។ ហើយគាត់ ក៏ជាអ្នកភ្ញាស់កូនបង្កងលក់ចែកចាយឱ្យប្រជាពលរដ្ឋតែម្តង ។ ក្នុងរយៈពេល ២ខែកន្លងមកនេះ បង្កងរបស់ខ្ញុំមានការលូតលាស់ល្អ កាលពីទើបតែទិញដំបូងមានទំហំ ប៉ុនជើងធូបប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ មានទំហំប៉ុនមេដៃ និង ប៉ុនមេជើងហើយ ។ ការចិញ្ចឹមបង្កងនេះ មានរយៈពេល ៧ ឬ ៨ខែ យើងអាចលក់វាបានហើយ នៅពេលនោះបង្កងមានទម្ងន់ប្រហែល ២ខាំក្នុងមួយក្បាល ។

ការចិញ្ចឹមបង្កងនេះ យើងថែទាំតាំងពីទឹករបស់វា យើងមើលកម្រិតទឹករបស់វា តើកម្រិតទឹកនោះអាចគ្រប់គ្រាន់ ឬ អត់ ? ដោយការចិញ្ចឹមបង្កងមុនដំបូង យើងដាក់ទឹកកម្ពស់ ១ម៉ែត្រពីបាតស្រះ កាលណាដល់ពេលកន្លះខែ យើងថែមទឹក ២តឹកទៀត ហើយយើងថែទាំចំណី ដោយយើងកំប្លោកឱ្យវាជ្រក ។ បង្កងស៊ីចំណីតិចណាស់ ចំណី ១បាវ យើងដាក់ឱ្យបង្កងស៊ីបានជិត ១ខែ ក្នុងចំណោមកូនបង្កង ៧ម៉ឺនក្បាលនោះ ។ ចំណីក្នុង១បាវមានតម្លៃ ៤៥ដុល្លារ គឺស្មើ ២០គីឡូក្រាម ក្នុង១ថ្ងៃយើងដាក់ចំណីឱ្យវាស៊ីតែម្តងប៉ុណ្ណោះ នៅវេលាម៉ោង ៥ល្ងាច ។

លោក ជា អឿន បានមានប្រសាសន៍បន្តទៀតថា យើងអាចពិនិត្យមើលបង្កងលូតលាសល្អ ឬ មិនល្អ គឺយើងពិនិត្យទៅលើសម្បកបង្កងស្អាតល្អ មិនមានកន្ទួល និង មេរោគនៅលើសម្បករបស់វា ដូ​ចជាមួយសប្តាហ៍វាត្រូវសកសម្បកម្តង ហើយសាច់វាថ្លាល្អ ។ ទីផ្សារបង្កងល្អ ដែលខ្ញុំបានទិញហូបរាល់ថ្ងៃនេះ គឺ១គីឡូក្រាមមានតម្លៃ ៤៥ដុល្លារ យើងគិតតែ ១គីឡូក្រាម ៣០ដុល្លារចុះ ក៏វាគ្រាន់បើជាងការចិញ្ចឹំមមាន់ដែរ ។

បើយើងចង់ឱ្យទឹកមានពណ៌ខៀវយើងដាក់អាចម៍មាន់ ដែលជាបច្ចេកទេសងាយៗ ។ ការចិញ្ចឹមបង្កងនេះគឺយើងប្រើធម្មជាតិសុទ្ធតែម្តង ហើយនៅក្នុងស្រះនោះខ្ញុំមានដាំស្រូវទៀត ដើម្បីឱ្យវាលេងនៅតាមគុម្ពស្រូវ ។ នៅពេលនេះ ខ្ញុំសុំសំណូ​មពរ ឱ្យប្រជាពលរដ្ឋបែរមកចិញ្ចឹមបង្កង ត្រី កង្កែបវិញ ។ ការចិញ្ចឹមបង្កងនេះ យើងអស់ទុនច្រើនតែមុនដំបូងប៉ុណ្ណោះ ​ហើយការប្រមូលផលបានច្រើនជាងមាន់ ៕

Related posts

Leave a Comment