សត្វក្រពាអាយុ ៨៣ ឆ្នាំក្នុងសួនសត្វ Belgrade ជាប់ឈ្មោះជាក្រពាចាស់ជាងគេបំផុតលើលោក

ក្រពា​ចិញ្ចឹម​មួយ​ក្បាល​មាន​ឈ្មោះ​ថា Muja បាន​រស់​នៅ​ដោយ​ឆ្លង​កាត់​ជំនាន់​សង្គ្រាម​ទម្លាក់​គ្រាប់​បែក​ជាច្រើន តែ​មិន​ដែល​ចាកចេញ​ពី​អាង​ទឹក​តូច​មួយ​របស់​ខ្លួន​ក្នុង​សួន​សត្វ​មួយ​កន្លែង​នៃ​ក្រុង Belgrade អស់​រយៈពេល​រហូត​ដល់ ៨៣ ឆ្នាំ ដែល​ធ្វើ​ឲ្យ​វា​បាន​ក្លាយ​ជា​ក្រពា​ចិញ្ចឹម​ដែល​មាន​អាយុ​ចាស់​ជាង​គេ​បំផុត​លើ​ពិភពលោក ។

ខណៈ​បុគ្គលិក​ក្នុង​សួន​សត្វ​មិន​បាន​ដឹង​ពេលវេលា​ជាក់លាក់​នៃ​ថ្ងៃ​ដែល​វា​បាន​ញាស់ សត្វ​ល្មូន​មួយ​នេះ​បាន​យក​​ពី​សួន​សត្វ​នៅ​អាល្លឺម៉ង់​មក​​ក្រុង Belgrade ក្នុង​ខែ​សីហា ឆ្នាំ ១៩៣៧ ។

ថ្លែង​ប្រាប់​សារព័ត៌មាន AFP លោក Jozef Edvedj ពេទ្យ​សត្វ​ប្រចាំ​សួន​ថា «គាត់​ជា​សុភាព​បុរស​វ័យ​ចំណាស់​ម្នាក់ ហើយ​ពួកយើង​គឺ​គោរព​វ័យ​របស់​គាត់​ណាស់» ។ Muja បាន​ក្លាយ​ជា​ក្រពា​ចិញ្ចឹម​ដែល​មាន​អាយុកាល​ច្រើន​ជា​ងគេ​បំផុត​លើ​លោក​ជា​ផ្លូវការ ក្រោយ​ក្រពា​ដ៏​ល្បី Saturn ប្រចាំ​សួន​សត្វ​នៅ​ក្រុង Moscow ដែល​កើត​ក្នុង​ឆ្នាំ ១៩៣៦ បាន​ងាប់​កាល​ពី​ខែ​ឧសភា ។

Muja អាច​គេច​ផុត​ពី​ការ​ស្លាប់​ក្នុង​ការ​ទម្លាក់​គ្រាប់​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ ដែល​សត្វ​ជាច្រើន​ក្នុង​សួន​បាន​ងាប់​នោះ គឺ​ដោយសារ​តែ​វា​មិន​សូវ​ចេញ​ក្រៅ​ឡើង​ពី​អាង​ទឹក​របស់​ខ្លួន​ឡើយ ។ បើ​ទោះ​បី​ជា​វ័យ​កាន់​តែ​ចាស់​ក៏​ពិត​មែន ប៉ុន្តែ Muja នៅ​មាន​សុខភាព​ល្អ​ណាស់ ៕

Related posts

Leave a Comment