អ្នកជំនាញប្រចាំ​មហាវិទ្យាល័យ Columbia បញ្ជាក់ថា យើងអាចនឹងមិនឆ្លងវីរុសកូវីដ ១៩ តាមអាហារក្លាសេឡើយ

ថ្មីៗ​នេះព័ត៌មាន​ជុំវិញ​ការ​រក​ឃើញ​វីរុស​កូវីដ ១៩ លើ​អាហារ​ក្លាសេ​ដែល​នាំ​ចូល​ក្នុង​ប្រទេស​ចិន កំពុង​ផ្ទុះ​ខ្លាំង​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ខាង​អ្នក​ជំនាញ​បាន​បញ្ជាក់​ប្រាប់​ថា កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ឡើយ ។

ក្នុង​កំលុងនេះ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​មហាជន​ជាច្រើន​ជុំវិញ​ព័ត៌មាន​ដែល​រក​ឃើញ​វីរុស​កូវីដ ១៩ លើ​ស្លាប​មាន់​ក្លាសេ​ដែល​នាំ​ចូល​ពី​ប្រទេស​ប្រេស៊ីល​មក​កាន់​ប្រទេស​ចិន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែ​សីហា​កន្លង​ទៅ​ថា លទ្ធភាព​នៃ​ការ​ឆ្លង​មក​មនុស្ស​តាម​រយៈ​អាហារ ជា​ពិសេស​អាហារ​កញ្ចប់ ឬ​ ក្លាសេ​នេះ គឺ​ភាគរយ​តិច​តួច​បំផុត ។

តាម​សម្ដី​លោក​ស្រី Angela Rasmussen អ្នក​ជំនាញ​ផ្នែក​រោគសាស្ត្រ​ប្រចាំ​មហាវិទ្យាល័យ Columbia បាន​និយាយ​ថា «ការ​រក​ឃើញ​វីរុស​នេះ​មាន​ន័យ​ថា អាចជានរណា​ម្នាក់​ដែល​ធ្វើការ​លើ​ស្លាប​មាន់​ទាំង​នោះ​មាន​ផ្ទុក​វីរុស​នេះ ប៉ុន្តែ​នេះ​មិន​មែន​មានន័យ​ថាអាហារក្លាស្សេទាំងនោះ​មាន​ផ្ទុក​រោគវីរ៉ុសនេះឡើយ» ។

បើ​តាម​គោលការណ៍​ណែនាំ​ពី​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​បាន​បញ្ជាក់​ថា «គ្មាន​ភស្តុតាង​ណា​លើក​ឡើង​ថា ការ​កាន់ ឬ​ ទទួល​ទាន​អាហារ​អាច​ពាក់ព័ន្ធ​ឆ្លង​វីរុស​កូវីដ ១៩ ឡើយ» ។ ចំណុច​សំខាន់​ដែល​អាចឱ្យ​វីរុស​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន គឺ​តាម​រយៈ​ការ​ក្អក កណ្ដាស់ និយាយ ឬ​ ដក​ដង្ហើម​ដាក់​គ្នា ៕

Related posts

Leave a Comment