ចិនពិនិត្យឃើញវីរុសកូរ៉ូណា លើស្លាបមាន់ក្លាសេ ដែលនាំចូលពីប្រទេសប្រេស៊ីល

ចិន៖​​ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហាម្សិលមិញនេះ អាជ្ញាធរចិនបានឲ្យដឹងថា ស្លាបមាន់ក្លាសេដែលនាំចូលពីប្រទេសប្រេស៊ីល មានផ្ទុកវីរុសកូរ៉ូណា។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន MSN ។

រដ្ឋាភិបាលក្រុង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មេរោគនេះ បានពិនិត្យឃើញនៅថ្ងៃពុធ លើសំណាកដែលយកចេញពីស្លាបមាន់ កំឡុងពេលត្រួតពិនិត្យអាហារក្លាសេ ដែលនាំមកពីប្រទេសប្រេស៊ីល ចូលស្រុក Longgang ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។

រូបតំណាង

អាជ្ញាធរសុខាភិបាលទីក្រុង Shenzhen បានតាមដាន និងធ្វើតេស្ដភ្លាមៗចំពោះមនុស្សដែលបានប៉ះពាល់ជាមួយរបស់ទាំងនោះ ប៉ុន្ដែលទ្ធនៃការធ្វើតេស្ដចេញមកអវិជ្ជមាន។ ដោយឡែក រាល់ផលិតផលក្លាសេ ដែលមាននៅក្នុងស្ដុកផ្សេងទៀត ក៏ត្រូវបានធ្វើតេស្ត និងលទ្ធផលចេញមកអវិជ្ជមានផងដែរ។ ឥឡូវនេះ អាជ្ញាធរកំពុងតាមរកផលិតផលមានម៉ាកដូចគ្នា ដែលបានលក់ចេញរួច និងបាញ់ថ្នាំសម្លាប់មេរោគចំពោះតំបន់ណា ដែលរក្សាទុកស្លាបមាន់ទាំងនោះ។

រូបតំណាង

យ៉ាងណាមិញ សមាគមន៍ប្រូតេអុីនសត្វរបស់ប្រេស៊ីល (ABPA) បាននិយាយថា ខ្លួនកំពុងធ្វើការវិភាគអំពីករណីនេះ និងបានបញ្ជាក់ជាថ្មីថា មិនមានភស្ដុតាងវិទ្យាសាស្រ្ដណាមួយ ដែលបង្ហាញថា សាច់អាចចម្លងវីរុសបាននោះទេ។ ហើយមិនទាន់ដឹងច្បាស់ទេ ថាមកពីការវេចខ្ចប់មិនបានល្អ ឬ កើតឡើងកំឡុងពេលដឹកជញ្ជូនឡើយ។

គួររម្លឹកថា អាជ្ញាធរសុខាភិបាលរួមទាំងអង្គការសុខភាពពិភពលោក និង មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់អាមេរិក ក៏ធ្លាប់បាននិយាយថា លទ្ធភាពនៃការឆ្លងវីរុសតាមរយៈអាហារ គឺមានកម្រិតទាប៕

Related posts

Leave a Comment