ចិញ្ចឹមទាក្នុងស្រែ ធ្វើឱ្យកសិករ ផល ភាព បានទាំងផលស្រូវ និង លក់ទាបានប្រាក់ជាង ២ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ

វាពិតជាគួរឱ្យសរសើរខ្លាំងណាស់ ដែលកសិករនៅខេត្តព្រៃវែង មួយគ្រួសារ បានជ្រើសរើសយករបរចិញ្ចឹមទាក្នុងស្រែដែលស្ទូងរួច ដើម្បីបង្កើនជីវភាពគ្រួសាររបស់គាត់ឱ្យមានភាពប្រសើរឡើង ។ ការចិញ្ចឹមទា​ ឬ មាន់បែបនេះ គេធ្លាប់តែឮ និង ឃើញមាននៅប្រទេសចិន ឬ នៅប្រទេសជប៉ុន ។ ប៉ុន្តែគ្រួសាររបស់ កសិករ ឈ្មោះ ផល ភាព បានប្រកបរបរចិញ្ចឹមទាបែបនេះទទួលបានជោគជ័យ ហើយក៏កំពុងតែទទួលបានការចាប់អារម្មណ៍ និង កោតសរសើរពីអាជ្ញាធរ និង មន្ត្រីជំនាញ ។ បច្ចុប្បន្នគ្រួសាររបស់កសិកររស់នៅក្នុងភូមិកំពង់ស្វាយលិច ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបានប្រកបរបរមួយនេះ អស់រយៈពេលជិត១០ឆ្នាំមកហើយ បានធ្វើឱ្យគ្រួសារគាត់មានជីភាពធូរធាជាងមុន ។

កសិករ ផល ភាព បានឱ្យដឹងថា គាត់បានចិញ្ចឹមទាចំនួន ៣ ០០០ ក្បាល ដោយឱ្យវាដើរស៊ី ចំណីក្នុងសន្ទួងរបស់គាត់ និង ក្នុងសន្ទូងរបស់អ្នកភូមិផងដែរ ពេលទារបស់គាត់បានលក់ ស្រូវក៏ល្មមដល់ពេលច្រូតផងដែរ ។ ឯទិន្ធផលស្រូវក៏បានខ្ពស់ ឯទាក៏បានលក់ល្មមដែរ ។ ការចិញ្ចឹមទាឱ្យដើរស៊ីចំណីក្នុងសន្ទូង វាធ្វើឱ្យស្រូវល្អ ព្រោះលាមកទាជាជីសម្រាប់ឱ្យស្រូវល្អ ដោយគាត់មិនបាច់ដាក់ជីគីមីដល់ស្រូវ ហើយទាក៏បានចូលរួមកំចាត់សត្វល្អិតដែរ ព្រោះវាបានទៅស៊ី សត្វល្អិតដែលបំផ្លាញ ដោយគាត់មិនបាច់ចំណាយលុយបាញ់ថ្នាំកំចាត់សត្វមកបំផ្លាញស្រូវអ្វីឡើយ ។

ក្រៅពីការឱ្យទា រកចំណីក្នុងស្រែខ្លួនឯង ក៏មានអ្នកភូមិរបស់គាត់ជាច្រើនគ្រួសារ បានមកសុំឱ្យគាត់យកទាទៅរកចំណីក្នុងស្រែរបស់ពួកគាត់ផងដែរ​ ដោយអ្នកខ្លះបានសុំឱ្យយកទា ទៅឱ្យស៊ីក្នុងស្រែមិនទាន់ស្ទូង ដើម្បីយកលាមកទាធ្វើជាជី និង អ្នកខ្លះនៅពេលស្រូវចាប់ផ្តើមបែកគុំក៏បានសុំគាត់ឱ្យទាទៅរកចំណីក្នុងស្រែគេដែរព្រោះបានផ្តល់ជីដល់ស្រូវដែលកំពង់បែកគំ និង សម្លាប់សត្វល្អិតដែលបំផ្លាញស្រូវទៀតផង ។

កសិករ ឈ្មោះ ផល ភាព បានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំ គាត់ចំណាយ លុយអស់ ២០ លានរៀលលើការទិញកូនទា និង ទិញចំណីឱ្យកូនទា តែ១ ខែកន្លះ ពេលវានៅតូចប៉ុណ្ណោះ ក្រៅពីនោះ គាត់គ្រាន់តែចំណាយពេលកៀងទាចូលស្រែឱ្យស៊ីចំណីជាការស្រេច ។ ទារបស់គាត់ចិញ្ចឹមពី ៥ ទៅ ៦ ខែ គាត់អាចលក់វាបានហើយ ។ ដោយគាត់លក់ទាឱ្យគេយកទៅចិញ្ចឹមយកពង ក្នុង ១ ក្បាល ៤ ដុល្លារ ។

ហើយក្នុងមួយឆ្នាំ គាត់ចិញ្ចឹមទាពីរដង ដោយម្តង គាត់ លក់ទាបានចំនួន ១២ ០០០ ដុល្លារ ដូចនេះបើគិតទៅក្នុង ១ ឆ្នាំ គាត់អាចរកបានចំណូលពីការលក់ទាបានចំនួន ២៤ ០០០ ដុល្លារ ។ ប្រសិនបើបងប្អូនចង់ទិញទាយកទៅចិញ្ចឹមយកពងលក់ ឬ ចង់ទិញទាយកលក់បន្ត អាចទាក់ទងទៅកាន់កសិករ ផល ភាព ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៨៨ ៨១៣៦ ២៦៣ ៕

Related posts

Leave a Comment