ភ្នំខ្វាវ ទេសភាពស្អាតរកអ្វីប្រដូចពុំបាន ល្អបំផុតសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង

ថ្មីៗនេះ អ្នកទេសចរនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង បង្វែរទិសដៅការធ្វើដំណើរកម្សាន្តរបស់ខ្លួនបែបឡើងភ្នំ បោះតង់ នៅក្នុងព្រៃធម្មជាតិ ដើម្បីសម្រាកលំហែកាយជាមួយធម្មជាតិ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធពិតៗ ។

ក្រៅពីតំបន់ភ្នំជាច្រើនដែលត្រូវបានមន្ទីរទេសចចរណ៍ខេត្តនីមួយៗបានរកឃើញជាបន្តបន្ទាប់ ក្នុងនោះនៅក្នុងខេត្តពោធិ៍សាត់ ក៏លេចចេញនូវតំបន់ទេសចរណ៍ថ្មីមួយគឺភ្នំខ្វាវ ឬភ្នំរាំងខ្វាវ ហៅភ្នំតាក្រហមក ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ដែលទេសចរអាចឡើងទៅលើភ្នំដើម្បីមើលទេសភាពដ៏ស្រស់ត្រកាលនាខេត្តពោធិ៍សាត់ ។

មុននឹងទៅដល់ទេសភាពល្វឹងល្វើយពីលើកំពូលភ្នំ នៅតាមផ្លូវឡើងទៅលើភ្នំ ទេសចរអាចហែលទឹកលេងកម្សាន្តក្នុងទឹកថ្លាឆ្វង់ នៅដំណាក់ទី១ បន្ទាប់ពីឈានទៅដល់ដំណាក់ទី២ ដែលជាកំពូលភ្នំលោកតាក្រហមកតែម្ដង ជាកន្លែងដែលអាចឈរមើលព្រៃព្រឹក្សា និងទេសភាពជុំវិញភ្នំ ជាពិសេស មើលថ្ងៃលិចនៅលើកំពូលភ្នំបានយ៉ាងស្រស់ស្អាត ។

ហ៊ុមព័ទ្ធដោយព្រៃឈើ និងរុក្ខជាតិជាច្រើប្រភេទក៏ដូចជាប្រភពទឹកដែលអាចងូតលេងកម្សាន្ត សហគមន៍រាំងខ្វាវទាំងមូល មានចែកចេញជាកន្លែងកម្សាន្តដូចជា កំពូលភ្នំខ្វាវ ឬភ្នំលោកតាក្រហមករដែលមានកម្ពស់ ១៣០០ ម៉ែត្រ អណ្ដូងត្រាំស្បែកគង់ និងទឹកហូរស្ទឹងសេនាធិការយ៉ាងស្រស់ស្អាត ។

សហគមន៍រាំងខ្វាវមានផ្ទៃដី៧៧៦ហិកតា និងមានប្រជាពលរដ្ឋចំនួន ២៧៧ គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចសួយកំពុងរស់នៅ ។ ដូច្នេះប្រើភ្ញៀវទេសចរបានទៅដល់សហគមន៍រាំងខ្វាវ គឺអាចជ្រើសរើសកម្សាន្តនៅកន្លែងណាមួយដែលខ្លួនចង់ទៅដល់ ព្រមទាំងអាចស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់របស់ជនជាតិភាគតិចនៅតំបន់នោះ ដែលកំពុងរក្សាទំនៀមរម្លាប់បានយ៉ាងល្អផងដែរ ។

សូមបញ្ជាក់ថា ដើម្បីធ្វើដំណើរទៅលេងភ្នំលោកតាក្រហមករនេះ អ្នកទេសចរអាចមានជ្រើសរើសផ្លូវធ្វើដំណើរចំនួនបីផ្សេងគ្នា ដោយចេញពីភ្នំពេញទៅដល់ផ្លូវទី១ គឺចូលតាមបំណក់ (ច្រកល្អៀង) ដែលមានប្រវែងប្រហែល ៣០ គីឡូម៉ែត្រ ហើយផ្លូវទី ២ ចូលតាមព្រងឹលស្រុកភ្នំក្រវាញ ដែលមានចម្ងាយប្រហែល ៤៧ គីឡូម៉ែត្រ និងផ្លូវទី ៣ ចូលតាមក្លោងទ្វាវត្តកណ្ដាល (ទីរួមស្រុកក្រវាញ)កាត់តាមភូមិមុលដែលមានប្រវែង ៣៧ គីឡូម៉ែត្រ ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment