ដឹងការពិតហើយ ពីមូលហេតុដែលឪពុកម្ដាយចិន យកកូនស្រីទើបនឹងកើត ទៅចោលក្បែរធុងសំរាមកាលពីថ្ងៃមុន

ចិន៖ ជាការពិតណាស់ កាលចុងខែកក្កដាកន្លងទៅ មានរឿងគួរឲ្យសង្វេគមួយ ដោយទារិកាទើបនឹងកើតម្នាក់ ត្រូវបានឪពុកម្ដាយយកទៅបោះចោល នៅក្បែរធុងសំរាមមួយកន្លែង ក្នុងទីក្រុង Dongguan ខេត្ដ Guangdong ភាគខាងត្បូងប្រទេសចិន ហើយចំពោះមូលហេតុយ៉ាងណានោះ គេមិនបានដឹងឡើយ។

តែយ៉ាងណាមិញ យោងតាមសារព័ត៌មានអន្ដរជាតិ Daily Mail ចេញផ្សាយនៅថ្ងៃទី១២​ ខែសីហា បានឲ្យដឹងថា មូលហេតុដែលបុរសជាឪពុកមានឈ្មោះថា Zhang អាយុ ២៤ឆ្នាំ និងស្ត្រីជាម្ដាយឈ្មោះ Li អាយុ២១ឆ្នាំ សម្រេចយកកូនស្រីរបស់ខ្លួន ដែលទើបនឹងសម្រាលបានប៉ុន្មានម៉ោងទៅបោះចោល ក្បែរកន្លែងកខ្វក់បែបនេះ ពីព្រោះពួកគេចង់បានកូនប្រុស ដោយសារសព្វថ្ងៃមានកូនស្រីចំនួនពីរនាក់រួចទៅហើយ។

ប្ដីប្រពន្ធទាំងពីរ បាននិយាយថាពួកគេពិតជាខកចិត្ដណាស់ បន្ទាប់ពីឃើញកូនរបស់ពួកគេទើបនឹងកើត គឺជាស្រី។ ជាមួយគ្នានេះ លោក Zhang បានប្រាប់ប៉ូលិសដែរថា ក្ដីសុបិន្ដរបស់លោក ក្នុងការចង់បានកូនប្រុសត្រូវរលាយសាបសូន្យ នៅពេលកូនស្រីទីបីកើតមក។ តួយ៉ាង បើតាមប្រពៃណីចិន ចំពោះគ្រួសារនីមួយៗ កូនប្រុសគឺសំខាន់ណាស់ ព្រោះកូនប្រុសគឺជាអ្នកដែលស្នងបន្ដ នូវនាមត្រកូលរបស់គ្រួសារ។

គួរឲ្យដឹងដែរថា បើតាមស្ថិតិចុងក្រោយរបស់ចិន បានឲ្យដឹងថា ទារកប្រមាណ១០ម៉ឺនាក់ ត្រូវគេយកទៅបោះចោលជារៀងរាល់ឆ្នាំ ឬស្មើនឹង២៥០នាក់ជារៀងរាល់ថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment