លោកយាយវ័យ ៧៣ ឆ្នាំធ្លាប់ជាវីរនារីដោះមីនប្ដូរជីវិតប្រើដៃ និង កូនកាំបិតដោះជិត ៣ ពាន់គ្រាប់ ពេលនេះកំពុងខ្វះខាតខ្លាំង

លោកយាយ គង់ សារឿន បច្ចុប្បន្នវ័យ ៧៣ ឆ្នាំ មានរាងកាយស្គមស្គាំង ទឹកមុខស្រងូតស្រងាត់ ហាក់កំពុងឯកាកណ្ដោចកណ្ដែង ធ្លាប់ជាវីរនារីដោះមីនរាប់ពាន់គ្រាប់នៅកម្ពុជាកាលពីលោកយាយនៅវ័យក្មេង និងសុខភាពមាំមួន ។

មានទីលំនៅនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង​លោកគង់ សារឿន ធ្លាប់ជាវីរនារីដោះមីនមួយរូបដ៏ឆ្នើមកំពុងមានជីវភាពខ្វះខាតខ្លាំង ចាប់តាំងពីលោកយាយចូលដល់វ័យចាស់ជរាមិនអាចប្រកបការងារបានតទៅទៀត ។ បើតាមការបញ្ជាក់របស់ឯកឧត្ដម តូច ប៉ូលាវ៉ា អភិបាលរងខេត្តស្វាយរៀងឱ្យដឹងថា លោកយាយ គង់ សារឿន ត្រូវបានចាត់ទុកជាវីរនារីដ៏ឆ្នើមម្នាក់ក្នុងទសវត្សទី ៨០ គឺលោកយាយបានដោះគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានចំនួន ២៧៤៧ គ្រាប់ដោយប្រើដៃ និងកូនកាំបិតមួយក្នុងការដោះមីន បើគិតជាចំនួនប្រជាជនអាចជួយសង្គ្រោះអាយុជីវិតពីការជាន់មីនបានចំនួនប្រហែលជាង៣០០០នាក់ ។

ក្នុងបេសកកម្មដោះមីនសង្គ្រោះអាយុជីវិតប្រជាជនដោយមិនខ្លាចពីការគ្រោះថ្នាក់ និងភាពហត់នឿយនោះ លោកយាយគង់ សារឿន ធ្លាប់ទទួលបានគ្រឿងឥស្សរិយសពីរាជរដ្ឋាភិបាលរហូតដល់ ៦ គ្រឿងឯណោះ ។ ដូច្នេះសង្ឃឹមថាបងប្អូន សប្បុរសជន អ្នកមានធនធានទាំងឡាយ សូមជួយផ្ដល់ជាថវិកា អំណោយជាគ្រឿងឧបភោគបរិភោគជូនលោកយាយផងចុះ ៕

Related posts

Leave a Comment