ឯកឧត្តមបណ្ឌិត ថោង ខុន ប្រកាសអត្ថន័យស្លាកសញ្ញា រូបសត្វតំណាង និង បាវចនា កីឡាស៊ីហ្គេមឆ្នាំ ២០២៣

កលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ ស្ថិតនៅក្នុងកម្មវីធីប្រកាសរាប់ថយក្រោយ ១ ពាន់ថ្ងៃ ឆ្ពោះទៅកាន់កីឡាស៊ីហ្គេម ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ឆ្នាំ ២០២៣ បានធ្វើការប្រកាសមកស្រាយអំពីអត្ថន័យ នៃស្លាកសញ្ញា រូបសត្វតំណាង និង បាវចនា កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលមានដូចតទៅ ៖

១-អំពីស្លាកសញ្ញា ៖ មាននិមិត្តរូបប្រាសាទអង្គរវត្តពណ៌ទឹកមាស រូបនាគព័ន្ធ ៤ ពណ៌ខុសគ្នា ជាមួយរូបកងចំនួន ១១ ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពណ៌ទឹកមាស និង ភាសាអង់គ្លេសខាងក្រោម «The 32nd SEA Games Cambodia Phnom Penh» ។ រីឯស្លាកសញ្ញាការប្រកួតកីឡាជនពិការមាននិមិត្តរូបដូចគ្នា ខុសតែស្លាកសញ្ញាកីឡាជនពិការអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ ។ ខ្លឹមសារអត្ថន័យ អត្ថរសនៃ Logo ទាំងពីរបង្កប់នូវថាមពល នៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចះត្រចង់របស់ខ្មែរគ្រប់ជំនាន់ជាមួយនឹងស្មារតីនាគព័ន្ធ គឺសាមគ្គីភាព សហប្រតិបត្តិការនៃបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាសមាជិក SEA Games ។

២-រូបសត្វតំណាង Mascot ៖ ជានិមិត្តរូបសុភាទន្សាយញីឈ្មោលចំនួនពីរមានឈ្មោះថា «បុរី» និង «រំដួល» ដែលតួអង្គឈ្មោលដៃស្តាំកាន់ភ្លើងគប់កីឡា តួអង្គញីសំពះស្វាគមន៍ភ្ញៀវ ហើយតួអង្គទាំងពីរបញ្ចេញទឹកមុខ និង ស្នាមញញឹមខ្មែរ រួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ ប្រតិភូ និង ភ្ញៀវ SEA Games លើកទី ៣២ ឆ្នាំ ២០២៣ ។

រីឯការគ្រងសម្លៀកបំពាក់ជាកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ គឺជាប្រភេទកីឡាដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយជាតិពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង បានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិរបស់អង្គការ UNESCO ផងដែរ ។ ខ្លឹមសារអត្ថន័យ អត្ថរសនៃ Mascot គឺជារូបសុភាទន្សាយតំណាងឲ្យតួអង្គសន្តិភាពនិយម ជាតួអង្គសុភាពរាបសារ ទន់ភ្លន់ បញ្ញាឈ្លាសវៃ យុត្តិធម៌គួរឲ្យស្រឡាញ់ នៃប្រជាជនខ្មែរគ្រប់រូប គ្រប់ជំនាន់ ពិសេសគុណសម្បត្តិ និង គុណតម្លៃដ៏អស្ចារ្យនៃសុភាទន្សាយបានលេចត្រដែតក្នុងរឿងនិទានខ្មែរ ដែលជាអក្សរសិល្ប៍ប្រជាប្រិយខ្មែរដ៏ល្អឥតខ្ចោះ ។ ម្យ៉ាងទៀត ឆ្នាំ ២០២៣ គឺជាឆ្នាំថោះ ឆ្នាំសត្វទន្សាយផងដែរ ។

៣-បាវចនា Motto៖ «កីឡារស់ក្នុងសន្តិភាព» «SPORTS LIVE IN PEACE» មានអត្ថន័យស៊ីជម្រៅក្នុងគុណប្រយោជន៍នៃសន្តិភាព មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និង កីឡាមានការអភិវឌ្ឍ ។ យ៉ាងណាមិញ SEA Games លើកទី ៣២ ឆ្នាំ ២០២៣ កើតមានបានដោយសារកម្ពុជាមានសន្តិភាព ជាកត្តាសត្យានុម័ត ។ គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ គ្មានសន្តិភាព គ្មានសិទ្ធិធ្វើសកម្មភាពកីឡា គ្មានសិទ្ធិរៀបចំប្រកួតកីឡា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មាន SEA Games នៅកម្ពុជាផងដែរ ៕

Related posts

Leave a Comment