កែវ ចាន់និមល ស្ទុះទាំងប្រជាប្រិយភាព ស្ទុះទាំងមុខជំនួញ

ចាប់តាំងពីលេចមុខនៅក្នុងអាជីពជាពិធីការិនីមក គេមិនដែលឃើញ កែវ ចាន់និមល បង្ហាញពីអាជីពជំនួញអ្វីបន្ថែមដូចតារាដទៃឡើយ ប៉ុន្តែថ្មីៗនេះពិធីការិនីរូបនេះបានបង្ហាញជំនួញទ្រង់ទា្រយធំមួយគឺហាង ភីជធី ដែលនាងទើបបើកសម្ពោធកាលពីប៉ុន្មានថ្ងៃមុននោះ ហើយអ្វីដែលភ្ញាក់ផ្អើលនោះនាងក៏មានគម្រោងបង្កើតសាខាមួយបន្ថែមទៀតនៅខេត្តព្រះសីហនុ ។

កែវ ចាន់និមល បានបញ្ជាក់ថា មិនមែនជាជំនួញទីមួយទេតាមពិតនាង និង ស្វាមីមានរបរបន្ថែមមួយចំនួន គ្រាន់តែនាងមិនដែលបង្ហាញតែប៉ុណ្ណោះ ហើយហាង ភីជធី កាហ្វេនេះក៏មិនមែនជាសាខាដំបូងទេ គឺជាសាខាទីប្រាំ ហើយនាងក៏មានបំណងបើកសាខាទី ៦ បន្តទៀតនៅខេត្តព្រះសីហនុនៅ ក្នុងពេលប៉ុន្មានខែខាងមុខនេះ ។ បើទោះបី កែវ ចាន់និមល មិនបានបញ្ជាក់ថាជំនួញមួយនេះបោះទុនប៉ុន្មានក៏ដោយ តែបើតាមការប៉ាន់ស្មានគេជឿជាក់ថាបោះទុនមិនតិចនោះទេ ។ ក្នុងនោះពិធីការិនីរូប នេះបានបន្ថែមថា មិនមែនជារបស់នាងតែម្នាក់ទេគឺជាការដាក់ទុនរួមគ្នាជាមួយបងប្អូន សម្រាប់នាងរំពឹងថារបរនេះនឹងទទួលជោគជ័យ ។

ហាក់ជឿជាក់ចំពោះរបររបស់ខ្លួន កែវ ចាន់និមល បានព្រលយថា ទៅថ្ងៃក្រោយនាងនឹងពង្រីកការងារមួយនេះឱ្យកាន់តែមានទ្រង់ទ្រាយធំបន្ថែមទៀត ។ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កែវ ចាន់និមល ជាពិធីការិនីឆ្នើមមួយរូបប្រចាំទូរទស្សន៍ហង្សមាស និង ក្ដោបក្ដាប់តំណែងក្នុងកម្មវិធីធំជាច្រើន ទើបធ្វើឱ្យប្រជាប្រិយភាពរបស់តារារូបនេះកាន់តែកើនឡើងជាលំដាប់ ៕

Related posts

Leave a Comment