មុខរបរភ្ញាស់ ចិញ្ចឹមត្រី និង កង្កែប អាចឱ្យលោក កែន ហេង រកបានពី ២៥ ទៅ ៣០ លានរៀលក្នុង ១ ឆ្នាំ

នៅកំឡុងពេលជំងឺកូវីដចូលរាតត្បាតប៉ុន្មានខែកន្លងមកនេះ ប្រជាពលរដ្ឋមួយចំនួនធំ បានងាកមកប្រកបរបរដាំបន្លែ បង្ការ និង ចិញ្ចឹមមាន់ ទា ត្រី សាច់ សម្រាប់លក់នៅលើទីផ្សារ ដើម្បីរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមទៀត ។ លោក កែន ហេង ត្រូវបានគេចាត់ទុកជាកសិករ និង ជាវារីវប្បករគំរូ ហើយក៏ជាគ្រូបង្គោលនៅក្នុងស្រុកបរសេដ្ឋ​ផងនោះ បានប្រកបរបរចិញ្ចឹមត្រីនេះអស់រយៈពេលជិត ២០ ឆ្នាំមកហើយ ដែលក្នុងមួយឆ្នាំៗលោកបានរកចំណូលពីការប្រកបរបរចិញ្ចឹមត្រីនេះបាន​ចន្លោះពី ២៥ ទៅ ៣០ លានរៀល ។

ដោយសារតែការប្រកបរបរចិញ្ចឹមត្រីនេះ បានធ្វើឱ្យគ្រួសាររបស់លោក កែន ហេង មានជីវភាពធូរធារ និង ប្រសើរជាងមុន ។ បច្ចុប្បន្នកសិដ្ឋាន ភ្ញាស់ និង ចិញ្ចឹមត្រីរបស់លោក កែន ហេង មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នៅកំឡុងពេល ដែល ឯកឧត្តម ​វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មចុះទៅធ្វើទស្សនកិច្ច និង ចែកជូនកូនត្រីអណ្តែង កូនកង្កែប និង សម្ភារចិញ្ចឹមមួយចំនួន ដល់ប្រជាកសិករចំនួន ៥៣គ្រួសារនៅក្នុងស្រុកភូមិនោះ លោក កែន ហេង បានរៀបរាប់ថា លោកបានចាប់ផ្តើមអាជីពចិញ្ចឹមត្រីនេះ តាំងពីឆ្នាំ២០០១មកម្ល៉េះ លើផ្ទៃដីទំហំ ១,៧៥ហិកត ។

ដោយកាលណោះ លោកទទួលបានការបណ្តុះ បណ្តាលបច្ចេកទេសចិញ្ចឹមពីមន្ទីរ និង រដ្ឋបាលជលផលខេត្តកំពង់ស្ពឺ ។ ហើយបច្ចុប្បន្ននេះ លោកមានលទ្ធភាពអាចផលិតកូនត្រី និង កូនកង្កែប សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋយកទៅចិញ្ចឹមទៀតផង ។ ដោយសារតែមុខរបរភ្ញាស់ និង ចិញ្ចឹមត្រី កង្កែបនេះ លោកអាចរកចំណូលបានគិតជាមធ្យមចន្លោះ ២៥- ៣០លានរៀលក្នុងឆ្នាំ ។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានបណ្តុំវារីវប្បករចំនួន ១១ (២១៦គ្រួសារ) កន្លែងបង្កាត់ ភ្ញាស់កូនត្រីមានចំនួន៣កន្លែងអាចផលិតកូនត្រីបានចំនួន ៤៨៥ ០០០កូន , បង្កាត់ និង ភ្ញាស់កូនកង្កែបមានចំនួន ៤កន្លែង អាចផលិតកូនកង្កែបបានចំនួន ២៣៥ ០០០កូន , ចិញ្ចឹមបង្កងអូស្រ្តាលីមានចំនួន ១២គ្រួសារ មានកូនបង្កងចំនួន ៣ ៣២០កូន និង មានគ្រួសារមួយទៀត ចិញ្ចឹមបង្កងទឹកសាបមានចំនួន ៧០ ០០០កូន ៕

Related posts

Leave a Comment