កាបូបកំប្លោករបស់អ្នកស្រី សូរ សម្បត្តិ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុង និង ក្រៅប្រទេស

កំប្លោកគឺជារុក្ខជាតិទឹកម៉្យាង ដែលដុះពាសពេញបឹង ទន្លេ ដែលមនុស្សភាគច្រើនមើលរំលង និង ទុកវាចោល ប៉ុន្តែអ្នកស្រី សូរ សម្បត្តិ បានខិតខំប្រែក្លាយវាពីរបស់ឥតបានការ ទៅជាវត្ថុមានតម្លៃ សម្រាប់ធ្វើការនាំចេញទៀតផង ។ រយៈពេល​ជាង​ ១០​ឆ្នាំមកហើយ ដែលអ្នកស្រី បាន​ខិតខំប្រឹងប្រែង​កែច្នៃ​កាបូប​ពី​កំប្លោក ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ និង ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេសផង និង ក្រៅប្រទេស ។

បច្ចុប្បន្ន​នេះអ្នកស្រី សូរ សម្បត្តិ រស់នៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ខេត្តសៀមរាបបានប្រែក្លាយ​ និង កែច្នៃកំប្លោក ទោជាកាបូប កន្ត្រក មួក មើលទៅពិតជាមានភាពស្រស់ស្អាត និង ទាក់ទាញយ៉ាងខ្លាំង ។ បច្ចុប្បន្ន នៅក្នុងសិប្បកម្ម​របស់អ្នកស្រីមានបុគ្គលិកជាច្រើននាក់ ដែលភាគច្រើនជាស្រ្តី រស់នៅក្នុងសហគមន៍នេះផ្ទាល់តែម្តង ។ សិប្បកម្មរបស់អ្នកស្រីអាច​ផលិត​កាបូប​កំប្លោកបានចន្លោះពី​ ​៥០០ ទៅ ១ ០០០​ កាបូប​ក្នុង១ខែៗសម្រាប់ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ​។ ​

អ្នកស្រី សូរ សម្បត្តិ បានឱ្យដឹងថា គាត់បានច្នៃកាបូប​កំប្លោក​បានជាង ​១០០ ​ម៉ូត តាមតម្រូវការរបស់អតិថិជន​នៅ​ភ្នំពេញ និង ​នៅតាម​បណ្ដា​ខេត្ត និង មាន​គេកុម៉ង់យកទៅអាមេរិក ជប៉ុន កូរ៉េខាងត្បូង និង​ អាល្លឺម៉ង់ ទៀតផង ។​ ជាមធ្យម អតិថិជន​ទាំងនោះ បាន​បញ្ជា​ទិញ​កាបូប​កំប្លោក​ពី​អ្នកស្រី ជិត ​១០០០​ កាបូប ជារៀងរាល់ខែ ​។ ​ ​អ្នក​ភ្នំពេញ និង​ តាម​បណ្ដា​ខេត្ត​នានា ភាគច្រើន​ទិញ​យកទៅលក់​បន្ត អ្នកខ្លះ​ឱ្យ​ធ្វើ​ឱ្យ​គេ​ ៣០ ទៅ​ ៥០ ​កាបូប អ្នកខ្លះកុម៉ង់​ដល់​ទៅ​ ១០០ ​កាបូប​ក៏មាន បើ​គិត​ទៅ​ប្រមាណជា​ ៤០០ ​ទៅ ​៥០០ ​កាបូប​ សម្រាប់​អ្នកទិញ​នៅក្នុង​ប្រទេស​។ សម្រាប់​អ្នក​ក្រៅប្រទេស​បញ្ជា​ទិញ​ពី ​២០០ ​ទៅ ​៥០០កាបូប សម្រាប់ ខែខ្លះ គេទិញរហូតដល់ទៅ​ ១០០០ ​កាបូប​ក្នុង​មួយខែក៏មាន​ ។

អ្នកស្រី សម្បត្តិ បានបញ្ជាក់ទៀតថា ដំបូងឡើយគាត់ធ្វើកាបូបកំប្លោកលក់ធម្មតាៗ ប៉ុន្តែក្រោយមកគាត់ទទួលការបង្រៀនពីអង្គការមួយមកពីប្រទេស ជប៉ុន ក្នុងការច្នៃកំប្លោកត្បាញទៅជាកាបូបតាំងពី ឆ្នាំ២០០៧នោះមក បានធ្វើឱ្យគាត់បានចាប់យកជំនាញថ្មីនេះរហូតដល់សព្វថ្ងៃ ។ ការផលិតការបូបកំប្លោកមុនដំបូង មិនសូវទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុកប៉ុន្មានទេ ពោលគឺភាគច្រើនមានការបញ្ជាទិញពីក្រៅប្រទេស ប៉ុន្តែពេលនេះ អ្នកនៅក្នុងស្រុកក៏ចាប់អារម្មណ៍ក្នុងការប្រើប្រាស់កាបូបកំប្លោករបស់គាត់យ៉ាងច្រើនដែរ ។

ចំពោះការនាំចេញទៅក្រៅប្រទេសវិញ ភាគច្រើនអ្នកបញ្ជាទិញយកតែតួខ្លួននៃកាបូបប៉ុណ្ណោះ ពោលគឺពួកគេយកទៅច្នៃដាក់ដៃ ឬ ខ្សែស្បែកជាម៉ូតថ្មីបន្តទៀត ខុសពីពលរដ្ឋខ្មែរ ដែលទិញយកកាបូបស្រាប់ៗទៅលក់បន្ត ឬ ប្រើប្រាស់ ។ ចំពោះតម្លៃកាបូប គឺចាប់ពី ១០ ទៅដល់ ៣០ ដុល្លារ ទៅតាមម៉ូតនិមួយៗ ហើយកាបូបកំប្លោកអាចប្រើបានពី ៧ ទៅ ៨ ឆ្នាំ។ តាមរយៈ​ការធ្វើការបូបកំប្លោកលក់នេះ បានធ្វើឱ្យសិប្បកម្មផលិតកាបូបកំប្លោក បានផ្តល់ប្រាក់ខែឱ្យបុគ្គលិកបានយ៉ាងសមរម្យទៀតផង ។ ប្រសិនបើ ភ្ញៀវទេសចណ៍ ឬ លោកអ្នកចង់ទិញកាបូបកំប្លោក យកទៅប្រើប្រាស់ ឬ លក់បន្តអាចទាក់ទងទៅកាន់លេខទូរសព្ទ ០៩៥ ៥៨៦ ៥០៣ /០៩៧៦០២ ២៤ ២៥ ៕

Related posts

Leave a Comment