នេះហើយជា «សូត្រមាសភាច» ដ៏ប្រណីតរបស់ខ្មែរ ដែលមានតម្លែខ្ពស់ត្បាញរាប់ឆ្នាំ ទើបបានមួយក្បិនៗ

«សូត្រមាសភាច» គឺជានិមិត្តរូបនៃប្រណិតភាពសូត្រមាសខ្មែរ និងមោទកភាពនៃប្រពៃណីតម្បាញសូត្រដោយដៃ ស្ថិតនៅភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។


លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចែករំលែកពីគុណតម្លៃដ៏វិសេសវិសាលនៃ «សូត្រមាសភាច» ដោយលើកឡើងពី «សំពត់ចរបាប់ដែលធ្វើឡើងពីសូត្រខ្មែរ ១០០% និងត្បាញដោយដៃ ក្នុងមួយក្បិនត្រូវការពេលចាប់ពី ២ ទៅ ៣ ឆ្នាំ ឆ្លងកាត់ថ្វីដៃអ្នកតម្បាញដ៏ប៉ិនប្រសព្វជាច្រើននាក់ និងអាចមានតម្លៃរាប់ម៉ឺនដុល្លារ ។


តម្បាញសូត្រ គឺជាកេរមត៌កវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរ ដែលមានប្រវត្តិយូរលង់ និងល្បីល្បាញតាំងពីសម័យហ្វុណនមកម្ល៉េះ។ នាពេលនោះ អ្នកត្បាញសូត្រត្រូវបានទទួលកម្រៃជាពិសេសដើម្បីធ្វើការផលិត ផ្គត់ផ្គង់ និងពាក់បានសម្រាប់តែព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងអ្នកវណ្ណៈខ្ពស់ក្នុងសង្គមតែប៉ុណ្ណោះ។


«សូត្រមាសភាច» គឺជាសិប្បកម្មតម្បាញសូត្រដ៏កម្រមួយដែលបានព្យាយាមអភិរក្សប្រពៃណីនេះ និងគោរពបទដ្ឋាននៃបច្ចេកទេសបុរាណទាំងស្រុង ដែលជាហេតុតម្រូវឱ្យសិប្បកម្មនេះត្រូវមានច្រវាក់ផលិតកម្មទាំងមូលនៅក្នុងកន្លែងតែមួយដោយខ្លួនឯង រាប់តាំងពីការដាំស្លឹកមន ចិញ្ចឹមកូននាងយកសម្បុក ការច្នៃរចនាម៉ូដ ការងារតម្បាញ ការផលិតពណ៌ដោយធម្មជាតិ និងហាងតាំងលក់ផលិតផលសូត្រ។ «សូត្រមាសភាច» ផលិតតែផលិតផលដែលធ្វើដោយដៃ ដោយសម្រិតសម្រាំងយកតែសរសៃសូត្រ និងក្បូរក្បាច់រចនាដែលមានគុណភាពខ្ពស់បំផុត ដែលសូម្បីតែស្លឹកមន និងកូននាងត្រូវបានដាំនិង ចិញ្ចឹមនៅក្នុងបរិស្ថានដែលត្រូវធានាឱ្យបានថាមិនមានការប្រើប្រាស់ជាតិគីមីជាដាច់ខាត។

Related posts

Leave a Comment