វ៉ាន់ នីឡា នៅតែទន្ទឹងចង់បានយុត្តិធម៌ ខណៈរឿងក្តីអូសបន្លាយអស់ ៣ ឆ្នាំ

វ៉ាន់ នីឡា បានបង្ហាញនូវអារម្មណ៍កើតទុក្ខមិនសុខចិត្តដែលរហូតមកដល់ពេលនេះរឿងក្តីរបស់នាងជាមួយអតីតគូស្នេហ៍នៅតែមិនទាន់ដាច់ស្រេច ជាពិសេសនាងនៅតែមិនទាន់ទទួលបានយុត្តិធម៌ទៀតផង ប៉ុន្តែយ៉ាងណាអតីតតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខតរូបនេះនៅតែរំពឹងថាថ្ងៃណាមួយនាងនឹងទទួលបានយុត្តិធម៌ក្នុងនាមជាជនរងគ្រោះ ។

វ៉ាន់ នីឡា បានបង្ហោះសារខ្លីថា «រឿងក្តីខ្ញំុមិនដឹងថ្ងៃណាទើបចប់ មិនដឹងថ្ងៃណាទទួលបានយុត្តិធម៌ បើបង្វិលចុះបង្វិលឡើងបែបនេះ ។ រយៈពេលប៉ុន្មានឆ្នាំនេះ ឃើញខ្ញំុសើចសប្បាយក្អាកក្អាយ គិតថាខ្ញំុអាចរំសាយចិត្តមែន? គិតថាយូរៗទៅពេលដែលកាន់តែមិនទទួលបានយុត្តិធម៌ ខ្ញុំនឹងខ្ជិល លែងខ្វាយខ្វល់? ហេតុអីក៏បញ្ហាដែលកើតឡើងលើបណ្តាញសង្គម អ្នកទាំងនោះតែងតែមានច្បាប់ការពារដោះស្រោយឱ្យផ្តល់ភាពយុត្តិធម៌? ហើយចុះរឿងរបស់ខ្ញុំម៉េចបានមិនចេះចប់? ម្នាក់នឹងគេ មានអំណាចខ្លាំងសម្បើមណាស់មែនទេ បានជាជននេះនៅរួចខ្លួន ធ្វើដូចគ្មានរឿងអ្វីកើតឡើង ព័ត៌មានលម្អិតឱ្យកាន់តែច្បាស់ឱ្យកាន់តែភ្លឺ ខ្ញុំបកស្រាយនៅពេលឆាប់ ៗនេះ ។ ខ្ញុំជឿហើយបុរសពាក់ស័ក្តិលើស្មាដែលមានឪពុកជាមន្រ្តីជាន់ខ្ពស់ អាចធ្វើអ្វីបានស្រេចចិត្តដោយគ្មានអ្នកចាប់ទោស» ។

ការលើកឡើងរបស់ប្អូនស្រីកវីនិពន្ធ សុខ ជំនោរ ក៏មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រមួយចំនួនផងដែរ ដោយក្នុងនោះក៏មានអ្នកខ្លះបានបញ្ចេញមតិថាគួរ តែឈប់បន្តទៅគ្មានសង្ឃឹមទេ តែក៏មានមហាជនជាច្រើននៅតែគាំទ្រ និង លើកទឹកចិត្តឱ្យ វ៉ាន់ នីឡា តស៊ូចំពោះរឿងក្តីមួយនេះរហូតដល់ទីបញ្ចប់ ។

គេចាំបានថា វ៉ាន់ នីឡា បានដាក់ពាក្យបណ្តឹងទៅលើអតីតគូស្នេហ៍ពីបទហឹង្សាដោយចេតនា និង ចែកចាយរូបភាពអាសអាភាសកាលពីឆ្នាំ ២០១៦ ហើយនៅឆ្នាំ ២០១៧ រឿងក្តីរបស់ វ៉ាន់ នីឡា ត្រូវបានប្រកាសសាលក្រមដោយឱ្យអតីតគូស្នេហ៍ជាប់ពន្ធនាគារមួយឆ្នាំ និង សងជម្ងឺចិត្តចំនួន ២០០ លានរៀល ដែលធ្វើឱ្យនាងរីករាយជាខ្លាំង តែយ៉ាងណារហូតមកដល់ពេលនេះអតីតគូស្នេហ៍របស់នាងនៅមិនទាន់អនុវត្តន៍ច្បាប់នោះឡើយ ជាហេតុធ្វើឱ្យអតីតតារាចម្រៀងរូបនេះនៅតែកើតទុក្ខមិនសុខចិត្តចំពោះរឿងក្តីរបស់នាង ។ អ្វីដែលកត់សម្គាល់ដោយសារតែរឿងអាស្រូវមួយនេះហើយដែលធ្វើឱ្យ វ៉ាន់ នីឡា បានចាកចេញពីអាជីពសិល្បៈទាំងកំពុងមានប្រជាប្រិយភាព ប៉ុន្តែយ៉ាងណាឆាប់ៗខាងមុខនេះតារារូបស្រស់ម្នាក់នេះក៏មានគម្រោងវិលចូលច្រៀងជាថ្មីម្តងទៀត នៅក្នុងផលិតកម្មបងប្រុសរបស់នាងផងដែរ ៕

Related posts

Leave a Comment