លើកដំបូង នី មុន្នីនាថ ដាច់ចិត្តទម្លាយរឿងបែកបាក់អតីតគូដណ្តឹងកាលពី ៣ ឆ្នាំមុន ទាំងទឹកភ្នែក

ប្រមាណជាបីឆ្នាំហើយដែលតារាសម្តែង នី មុន្នីនាថ បានបែកបាក់ជាមួយគូដណ្តឹងជាអណិកជនរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែយ៉ាងណាកន្លងមកតារាសម្តែងរូបនេះមិនដែលលើកយករឿងនេះមកបកស្រាយឡើយ បើទោះបីមានការចង់ដឹងពីសំណាក់អ្នកគាំទ្រជាច្រើនក៏ដោយ ទើបតែពេលនេះនាងបានលើកយកមកនិយាយទាំងទឹកភ្នែក ។

នី មុន្នីនាថ បាននិយាយទាំងទឹកភ្នែកនៅក្នុងការសម្ភាសមួយ ដោយក្នុងនោះនាងបានរំលឹកឡើងវិញពីរឿងចែកផ្លូវជាមួយអតីតគូដណ្តឹងថា ធម្មតាមនុស្សម្នាក់ៗបើយើងជ្រើសយកនរណាម្នាក់ជាគូអនាគតគឺយើងផ្តល់ការស្រឡាញ់ និង ជីវិតទៅដៃគូរបស់យើង តែធាតុពិតអ្វីៗបានបរាជ័យដោយក្នុងនោះនាងទទួលរងនូវរឿងជាច្រើនដែលមិនអាចទទួលយកបាន ។​​ កំឡុងពេលនោះសូម្បីតែក្រុមគ្រួសាររបស់នាងស្រឡាញ់ក៏ពេញចិត្តអតីតគូដណ្តឹងនាងជាខ្លាំង តែយ៉ាងណានៅថ្ងៃមួយអតីតគូដណ្តឹងរបស់នាងបានធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់នាង ទើបគាត់យល់ស្របតាមនាងដែលធ្វើឱ្យនាងសប្បាយចិត្តជាខ្លាំង ។ នី មុន្នីនាថ បាននិយាយទាំងអួលដើមកថា ពេលនោះនាងមានការបាក់ទឹកចិត្តខ្លាំងណាស់ តែនាងព្យាយាមបន្លប់ដោយការធ្វើការងារច្រើន ។

ទោះជាយ៉ាងនេះក្តី នី មុន្នីនាថ បានរំឭកទៅរឿងអតីតកាលទាំងនោះថា សម្រាប់នាងបើទោះបែកគ្នា នាងចង់បែកដោយស្ងាត់ៗ តែផ្ទុយទៅវិញអ្វីៗត្រូវបរាជ័យធ្វើឱ្យប៉ះពាល់រូបនាងជាខ្លាំង ។ នេះជាលើកទីមួយដែលតារាសម្តែងរូបស្រស់ម្នាក់នេះបានរំឭករឿងអតីតកាលរបស់នាង ។ ពេលនេះដែរ នី មុន្នីនាថ កាន់តែស្រស់ស្រាយយ៉ាងណាមិញនាងកំពុងតែមមាញឹកនៅក្នុងការងារសិល្បៈ ជាពិសេសកំពុងលេចធ្លោនៅក្នុងការសម្តែងរឿងក្នុងបទចម្រៀង «តាមដាន» របស់ផលិតកម្មហង្សមាសផងដែរ ៕

Related posts

Leave a Comment