ហុងកុងចាត់វិធានការកាន់តែតឹងរ៉ឹង ចំពោះអ្នកមិនពាក់ម៉ាស់ ដោយពិន័យជាប្រាក់រហូតដល់៦៤៥ដុល្លារ

ហុងកុង៖ ទីក្រុងហុងកុងនឹងធ្វើឲ្យការពាក់ម៉ាស់នៅតាមទីសាធារណៈ ក្លាយជាកាតព្វកិច្ចដែលត្រូវធ្វើ និងដាក់កំហិតលើការប្រមូលផ្ដុំមនុស្សមិនលើសពី២នាក់ ខណៈដែលមន្ត្រីនៅក្នុងទីក្រុងនេះបានដោះស្រាយការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណា។

កាលពីថ្ងៃចន្ទ លោក Matthew Cheung អគ្គលេខាធិការហុងកុងបានប្រកាសថា ការពាក់ម៉ាស់នឹងចាំបាច់ទាំងនៅខាងក្នុងនិងក្រៅទីសាធារណៈ ចាប់ពីថ្ងៃពុធនេះតទៅ ដោយអ្នកល្មើសបទបញ្ជានេះនឹងទទួលការពិន័យជាប្រាក់រហូតដល់៥ពាន់ដុល្លារហុងកុង (៦៤៥ដុល្លារ) បើទោះបីជាលោកមិនបានបញ្ជាក់ពីរបៀបនៃការអនុវត្តវិធានការថ្មីក៏ដោយ។ គាត់បានបន្ថែមទៀតថា មានករណីមួយចំនួនដូចជាលក្ខខណ្ឌសុខភាពឬកុមារអាយុក្រោម២ឆ្នាំ នឹងត្រូវបានលើកលែង។

ការពាក់ម៉ាស់គឺជាកាតព្វកិច្ចដែលត្រូវធ្វើនៅក្នុងទីក្រុងហុងកុង

លោក Cheung ក៏បានប្រកាសថា រដ្ឋាភិបាលកណ្ដាលចិននឹងជួយសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ន បែបទីក្រុងវូហាន ក្បែរអាកាសយានដ្ឋានហុងកុង ដែលមានគ្រែមន្ទីរពេទ្យប្រហែល២,០០០។ ការដាក់កម្រិតនេះកើតឡើង នៅពេលដែលទីក្រុងនេះប្រឈមនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលនៅក្នុងតំបន់ត្រូវបានគេហៅថា «រលកទី៣» ជាមួយនឹងប្រភពដើមនៃការឆ្លងជាច្រើន ដែលមិនទាន់បានដឹង។

ហុងកុងត្រូវបានគេសរសើរថា ទទួលបានជោគជ័យទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ទោះជាយ៉ាងណា កាលពីថ្ងៃចន្ទ អាជ្ញាធរហុងកុងបានរាយការណ៍អំពីករណីថ្មីចំនួនជាង១០០ សម្រាប់ថ្ងៃទី៦ជាប់គ្នា ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងទីក្រុងកើនដល់ ជាង២,៧០០នាក់៕

Related posts

Leave a Comment