កូនយន្ដហោះមួយគ្រឿង ធ្លាក់កណ្ដាលផ្លូវ តែសំណាងល្អ អ្នកបើកបរ និងអ្នករួមដំណើរមិនគ្រោះថ្នាក់ដល់ជីវិត

ប្រេសុីល៖ កាលពីថ្ងៃសៅរ៍ទី២៥ ខែកក្កដាសប្ដាហ៍មុននេះ នាវេលាម៉ោង១០:៣០នាទីព្រឹក មានកូនយន្ដហោះមួយគ្រឿង បានធ្លាក់ពីកម្ពស់ប្រមាណ៣០០ម៉ែត្រមកកណ្ដាលផ្លូវ ក្នុងទីក្រុង Guabriuba ប្រទេសប្រេសុីល។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងកូនយន្ដហោះនោះ មានអ្នកបើកបរម្នាក់ឈ្មោះថា Fábio Reis អាយុ៣៥ឆ្នាំ និងអ្នករួមដំណើរម្នាក់មានឈ្មោះថា Alessandro Cunhago អាយុ៣៣ឆ្នាំ។ ហើយពួកគេទាំងពីរមិនបានគ្រោះថ្នាក់ដល់ជីវិត ឬរងរបួសធ្ងន់ធ្ងរឡើយ ដោយពួកគេអាចលូនចេញពីគំនរបាក់បែកនៃបំណែកយន្ដហោះបានផងដែរ។ ចំពោះឯមូលហេតុនៃការធ្លាក់វិញ អាចបណ្ដាលមកពីម៉ាសុីនខូច។

ហើយបើយោងតាមឃ្លីបវីដេអូដែលត្រូវបានថតឡើងដោយកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា ខណៈពេលរថយន្ដចំនួនបួនគ្រឿងកំពុងបើកបរលើដងផ្លូវ និងនារីម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើង ស្រាប់តែកូនយន្ដហោះ បានធ្លាក់កណ្ដាលផ្លូវ ដែលធ្វើឲ្យនារីរូបនោះ ងាកមើលក្រោយទាំងភាពតក់ស្លុត។

យ៉ាងណាមិញ ក្រោយពីកើតហេតុរួចមក អ្នកបើកយន្ដហោះ និងអ្នកដំណើរ ត្រូវបានគេជួយសង្គ្រោះបឋមនៅកន្លែងកើតហេតុ ហើយបន្ទាប់មក ក៏បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសបន្ដផងដែរ៕

Related posts

Leave a Comment