ស្ងាត់ៗ តូតា បោះទុនបើកជំនួញធំស្វាមគមន៍កូនដំបូង

អត់ខ្វល់ពីសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ពេលនេះតារាសម្តែងរូបស្រស់ តូតា បានបោះទុនបង្កើតជំនួញទៅតាមបំណងដែលនាងប្រាថ្នាជាយូរមកហើយ ។ ការបោះទុនបង្កើតជំនួញថ្មីរបស់ តូតា បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិសិល្បៈមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះនរណាក៏ដឹងថាជំនួញរបស់ តូតា សុទ្ធតែជាជំនួញគ្រាក់ៗមិនធម្មតាឡើយ ។

ថ្មីៗនេះ តូតា បានបោះទុនបង្កើតហាងលក់គ្រឿងអលង្ការដែលមានស្លាកយីហោថា «អលង្ការ តូតា» ដែលមានទីតាំងនៅជិតផ្សារសំាហាន់ ។ ដោយក្នុងនោះតារាសម្តែងរូបស្រស់ម្នាក់នេះបានបង្ហោះសារថា «ក្តីប្រាថ្នាបើកលក់គ្រឿងអលង្ការតាំងពីតូចរបស់នាងខ្ញុំឥលូវក្លាយជាការពិតហើយ» ។ បើពិនិត្យលើការតុបតែងលម្អហាង គេអាចប៉ាន់ស្មានថាហាងលក់គ្រឿងអលង្ការរបស់ តូតា ចំណាយដើមទុនមិនធម្មតានោះទេ ។ ក្នុងនោះក៏មានការសរសើរដល់តារាសម្តែង តូតា ដែលបោះទុនបើកជំនួញធំៗបន្ថែមពីលើការងារសម្តែង ខ្លះបន្ថែមថា តូតា បើករបរបន្ថែមស្វាមគមន៍កូនដំបូង ។

ពេលនេះដែរ តូតា ពពោះប្រមាណជាជិត ៧ ខែហើយ តែនាងមិនបានបង្ហើបពីភេទកូនក្នុងផ្ទៃឡើយ ។ ទោះជាពោះខ្ទាតធំតែសម្រស់របស់តារាសម្តែងដែលមានបបូរមាត់សិចស៊ីរូបនេះនៅតែស្រស់ស្អាត និង ទាក់ទាញដដែល ។ ហាក់ខុសពីតារាដទៃគ្រាន់តែពពោះភ្លាម តូតា មិន បានហក់ចូលក្នុងការសម្តែងរឿង ឬថតស្ប៉តអ្វីឡើយ ។ ក្នុងនោះក៏មានការបន្ថែមថាក្រោយពពោះ តូតា កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមី និង ក្រុមគ្រួសារសាច់ថ្លៃជាខ្លាំង ។ ក្រោយសម្រាលកូនគេមិនច្បាស់ថា តូតា អាចនឹងវិលចូលប្រឡូកក្នុងសិល្បៈឬយ៉ាងណាឡើយ​ ខណៈពេលនេះនាងមានមុខរបរធំៗនៅក្នុងដៃជាច្រើន ៕

Related posts

Leave a Comment