វី​តា​ល់​នាំ​បុគ្គលិក​ដាំ​កូនឈើ​កោង​កាង ១០០០​ ដើម​ ​ដើម្បី​សាទរ​ទិវា​អភិរក្ស​ដើម​កោង​កាង​ពិភពលោក​

​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​នាំ​បុគ្គលិក​ប្រមាណ​៣០​នាក់ រួមគ្នា​ជាមួយ​សហគមន៍​ត្រពាំង​សង្កែ និង​មានការ​គាំទ្រ​ពី​មន្ទីរ​បរិស្ថាន​ខេត្តកំពត បានរៀបចំ​កម្មវិធី​ដាំ​ដើម​កោង​កាង​ចំនួន​ ១០០០ ដើម​នៅ​ដៃសមុទ្រ​បរិវេណ​សហគមន៍​ត្រពាំង​សង្កែ ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ ​២០២០ កន្លងទៅនេះ​ ។

​កម្ម​វី​ធី​នេះ រៀបចំឡើង​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិរក្ស​បន្ត​ដាំ​ដើម​កោង​កាង និង​ដើម្បី​អបអរសាទរ​ទៅនឹង​ទិវា​អភិរក្ស​ព្រៃកោងកាង​ពិភពលោក ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ​២៦ ខែកក្កដា ឆ្នាំ​ ២០២០ ខាងមុខនេះ​ ។​

​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​គ្រប់គ្រង​ទីផ្សារ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​មានប្រសាសន៍ថា ដើម​កោង​កាង​ពិត​ជាតិ​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្សជាតិ​។ ក្នុងនោះ ដើម​កោង​កាង​មាន​តួនាទី​ជា​របាំង​ការពារ​ខ្យល់ព្យុះ​នៅតាម​ឆ្នេរសមុទ្រ ហើយក៏​ជាទី​ជំរក​របស់​ជីវៈ​មានជីវិត​នៅក្នុង​ទឹក និង​ព្រមទាំង​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ​ទៀតផង ​។​

​លោក ព្រំ វិសិដ្ឋ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត បានបញ្ជាក់​ឲ្យ​ដឹងថា ការដាំ​ដើម​កោង​កាង​នៅថ្ងៃនេះ ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការជួយ​អភិរក្ស​ព្រៃកោងកាង និង​រួមគ្នា​ថែរក្សា​លើកកម្ពស់​បរិស្ថាន​។ លោក​សង្ឃឹមថា សកម្មភាព​នេះ នឹង​ជំរុញ​ឲ្យ​មានការ​ចូលរួម​បន្ថែម​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ក្នុងការ​រួមគ្នា​អភិរក្ស​ព្រៃកោងកាង​បន្តទៅទៀត ​។​

​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ក៏បាន​បន្តទៀតថា «​ការរួម​គ្នា​ដាំ​ដើម​កោង​កាង​នៅថ្ងៃនេះ បង្ហាញ​អំពី​ស្មារតី​រួបរួម​នៃ​មនុស្សជាតិ​ដើម្បី​លើកកម្ពស់​បរិស្ថាន និង​បង្កើត​ឲ្យ​មានការ​ចង់ចាំ​ដ៏​ប្រពៃ​អំពី​ការ​បត​ស្នង​របស់​មនុស្សជាតិ​ចំពោះ​បរិស្ថាន​វិញ» ​។​ ​ជាង​ចុងក្រោយ លោក​ប្រធាន​គ្រប់គ្រង​ទីផ្សារ នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​យល់ដឹង​អំពី​អត្ថប្រយោជន៍​ដើម​កោង​កាង និង​បន្ត​រួមគ្នា​ដាំ​និង​អភិរក្ស​ដើម​កោង​កាង​ទាំងអស់គ្នា​ដើម្បី​សុខដុមរមនា​នៃ​បរិស្ថាន​ជាតិ​ ។​

​គូរ​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​សប្បុរសធម៌​ជាច្រើន ក្នុងនោះ មានដូចជា​ការដាំ​ដើមឈើ ការផ្តល់​អំណោយ​សប្បុរសធម៌ ការឧបត្ថម្ភ​កម្មវិធី និង​កា​រៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​ជាច្រើន​ដើម្បី​សង្គម​ ៕

Related posts

Leave a Comment