បាត់មុខពីសិល្បៈរាប់ឆ្នាំ តាមពិត អាណា សំងំរស់នៅជាមួយគ្រួសារតូចដ៏មានសុភមង្គល

បើសិនជាក្រឡេកទៅរយៈពេលជិត ១៥ ឆ្នាំមុន មហាជនដែលទាន់នៅការបើកដំណើរការរបស់ផលិតកម្ម SSB ច្បាស់ជាស្គាល់ហើយនូវតារាចម្រៀងពេញនិយម អាណា ម្ចាស់បទ «ម្ចាស់គ្រងបេះដូង» ។ តារាចម្រៀងរូបនេះក៏បានបាត់មុខក្នុងវិស័យសិល្បៈរយៈពេលជាង ១៤ ឆ្នាំហើយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននឹករលឹក និងចង់ដឹងពីសុខទុក្ខរបស់តារាស្រីរូបនេះផងដែរ ។

យ៉ាងណាមិញ គេបានដឹងថាអតីតតារាចម្រៀង អាណា បានរៀបអាពាហ៍ពិពាហ៍រួចមកហើយបន្ទាប់ពីនាងបានបញ្ឈប់អាជីពជាតារាចម្រៀងកាលពីជាង ១៤ ឆ្នាំមុនមកម្ល៉េះ ។ មកដល់ពេលនេះ បើតាមការបង្ហោះរូបភាពនៅក្នុងគណនី Instagram របស់នាង មើលទៅក្នុងជីវិតឯកជនក្រោយពីបញ្ឈប់ពីវិថីសិល្បៈនោះគឺ អាណា ហាក់ទទួលបានសុភមង្គលយ៉ាងខ្លាំងជាមួយនឹងក្រុមគ្រួសារតូចរបស់នាង ដោយបច្ចុប្បន្នអតីតតារារូបនេះ និង ស្វាមីទទួលបានកូនស្រីចំនួន ២ នាក់រួចមកហើយ ។

គួររំឭកដែរថា អតីតតារាចម្រៀង អាណា គឺជាតារាចម្រៀងស្រីយុវវ័យដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងផលិតកម្ម SSB ដែលមានការគ្រប់គ្រងដោយអ្នកដឹកនាំល្បីលោក ហ្វៃ សំអាង កាលពីកំឡុងឆ្នាំ ២០០០ ហើយបទចម្រៀងដែលតារារូបនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនោះមានដូចជាបទ «ម្ចាស់គ្រងបេះដូង» «ទឹកភ្នែកលាងស្នេហ៍» និង «ស៊ើបអង្កេតស្នេហ៍» ជាដើម ៕

Related posts

Leave a Comment