ក្រោយមានផេកមួយយករូប មាន សូនីតា សរសេរពាក្យអាសអាភាសរួច ស្រាប់តែនាងនិយាយបែបនេះ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងផ្ទុះខ្លាំង ដោយមានផេកថ្មីមួយយករូបភាពស្លៀកពាក់ស៊ិចស៊ីរបស់កញ្ញា មាន សូនីតា ទៅបង្ហោះ និងប្រើប្រាស់ភាសាមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាងផងដែរ។ ក្នុងនោះដែរ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ នាងតែងតែថតរូបជាមួយម៉ូតសម្លៀកបំបាក់បង្ហាញភាពស៊ិចស៊ីបង្ហោះលើបណ្ដាញសង្គម។ តែក៏មានជនឆ្លៀឱកាស បានយករូបភាពមួយចំនួនរបស់នាង ទៅបង្ហោះអមជាមួយសារអសុរោះ មិនសមរម្យទាល់តែសោះ។

យ៉ាងណាមិញ បន្ទាប់ពីឃើញផេកថ្មីនោះ យករូបភាពខ្លួនទៅបង្ហោះ រួចមកកញ្ញា មាន សូនីតា ក៏បានបង្ហោះវីដេអូនិយាយពីរឿងរ៉ាវ ដែលគេយករូបនាងទៅបង្ហោះធ្វើឲ្យប៉ះបាល់ដល់នាងនោះ នាងបាននិយាយថា ឲ្យម្ចាស់ផេកនោះចេញមុខមកសុំទោស បើមិនដូច្នេះទេ នាងនឹងចាត់ការតាមផ្លូវច្បាប់ ដោយសារពេលនេះនាងមានភស្តុតាងគ្រប់គ្រាន់សម្រាប់ចាប់ប្ដឹងដល់ម្ចាស់ផេកនោះ។

ជាក់ស្ដែង មុននេះបន្តិច កញ្ញា មាន សូនីតា ក៏បានបង្ហោះសារវែងអន្លាយនិយាយពីរឿងរ៉ាវកាលពីម្សិលមិញ និងសំណូមពរឲ្យបងប្អូនទាំងអស់ជួម Report ទំព័យហ្វេសប៊ុកនោះម្នាក់មួយផងដែរ ដោយសារនោះនាងបាននិយាយថា៖​

សូនីតា ពិតជាត្រូវការជំនួយពីបងប្អូនទាំងអស់គ្នាខ្លាំងណាស់!សូមមេត្តា Report ទំព័រហ្វេសប៊ុកមួយនេះ ដែលបានប្រើប្រាស់រូបភាពរបស់នាងខ្ញុំ ដោយពុំមានការអនុញ្ញាតពីនាងខ្ញុំ។
ទំព័រហ្វេសប៊ុកមួយនេះ បានព្យាយាមយករូបថតរបស់នាងខ្ញុំជាច្រើន ភាគច្រើនជារូបភាពសិល្បៈបែបស៊ិចស៊ី ទៅបង្ហោះ ជាមួយខ្លឹមសារ ដែលគួរអោយខ្ពើមរអើម ប្រើប្រាស់ភាសាអាសអាភាស ភាសាកុហក ក្រឡៃការពិត ដើម្បីជាប្រយោជន៍លើកកម្ពស់ការស្អប់ ការឆបោក យាយី ដែលទាំងនេះ ពិតជា ជាថាមពលអាក្រក់ចំពោះសិល្បករដូចជារូបនាងខ្ញុំ។ អំពើនេះ ជាការបង្កាច់បង្ខូចកិត្តិយសនាងខ្ញុំអាក្រក់ណាស់ ដែលគ្រាន់ជាមនុស្សធម្មតាម្នាក់ ជាមនុស្សស្រី និងជាសិល្បករមួយរូប។
នាងខ្ញុំមិនកំពុងខឹង ទំព័រហ្វេសប៊ុកមួយនេះ ដោយគ្រាន់តែយករូបថតទៅប្រើប្រាស់ជាសារធារណនោះទេ។ កុំថាឡើយការប្រើប្រាស់ រូបភាពធម្មតា ដែលវាជាការរំលោភលើកម្មសិទ្ធិបញ្ញាបាត់ទៅហើយនោះ ចុះទំរាំការប្រើប្រាស់រូបភាពបែបស៊ិចស៊ី អមជាមួយភាសាអាសអាភាស ភាសាកុហក ខុសអត្ថន័យ អត្ថរូប នៃរូបភាពរបស់នាងខ្ញុំទាំងស្រុងនេះ ក្នុងន័យបង្កាច់បង្ខូច ដូចបងបងប្អូនបាបឃើញ វាជាអំពើដែលមិនអាចទទួល យកបានមួយកំរិតទៀត។
ខ្ញុំកោតចិត្ត ចំពោះបុគ្គលណា ដែលបានគិត និងនិយាយថា «អោយវាសមមុខទៅ ពាក់ស៊ិចស៊ី ថតរូបស៊ិចស៊ីអីចឹង គេផុសអីចឹងសមហើយ» នាងខ្ញុំសុំមិនបញ្ជេញយោបល់ ថាបុគ្គលនោះ ជាបុគ្គលបែបណា ហើយនាងខ្ញុំក៏មិនមានពេល សន្សំចិត្តខឹង ចំពោះបុគ្គលនោះដែរ ព្រោះថា នេះជាសិទ្ធរបស់បុគ្គលម្នាក់ៗ ក្នុងការបញ្ចេញមតិ តែនាងខ្ញុំចង់ចែករំលែកថា បើទោះបីនាងខ្ញុំ ជាសិល្បករ ជាបុគ្គលសាធារណ ក៏ពិតមែន ក៏ពុំមិនន័យថា បុគ្គលគ្រប់រូបមានសិទ្ធប្រើប្រាស់រូបភាព សំលេង វីដេអូ និងឈ្មោះរបស់នាងខ្ញុំ ដោយសេរីឡើយ។ ពិសេសរាល់អំពើទាំងឡាយណា ដែលមិនបានបង្ហាញ មិនតំណាងឱ្យខ្ញុំទាល់តែសោះ។ ជាក់ស្តែង ដូចសកម្មភាព ដែលទំព័រហ្វេសប៊ុកមួយនេះកំពុងតែប្រព្រឹត្តអីចឹង។
សូនីតា ក៏សុំបញ្ជាក់បន្ថែមទៀតថា រាល់រូបភាព ដែលបងប្អូនបានឃើញកន្លងមក គឺសុទ្ធសឹង ជារូបភាពបែបសិល្បៈ ដែលនាងខ្ញុំ និងក្រុមការងារផលិតឡើង អមជាមួយ គំនិត (concept) ផ្សេងៗ ពីគ្នា មិនថារូបភាពពីក្រមាខ្មែរ រូបភាពបែបប្រពៃណី បែបសប្បាយៗ ឬក៏ បែបស៊ិចស៊ី។ នាងខ្ញុំ ផលិតនូវស្នាដៃសិល្បៈផ្សេងៗគ្នា តំរូវតាមកាលទេស និងបែបបទ នៃពេលវេលា។ មានរូបថតរបៀបរស់នៅនៅសមុទ្រឆ្នេរខ្សាច់ (Lifestyle at the sea) ថែមទាំងការថតរូប ដែលទទួលឥទ្ធិពលរបស់ប្រទេសម៉ិកស៊ិកូ (រូបនាងខ្ញុំមានស្បែក បែបក្រម៉ៅបន្តិច និងមានប្រជុយ) ការថតរូបបែបគំនិតម៉ូដខ្ពស់ (high fashion) ជាដើម ដែលរាល់ការផលិតនីមួយ អមដោយគំនិត និងគោលដៅបែបសិល្បៈច្បាស់លាស់។ មិនដូចបុគ្គលមួយចំនួន ពោលថា «មើលថតរូប ដូចចង់ឈរស្រាតហើយ‍» បុគ្គលខ្លះទៀតក៏ថា «ស្រីខ្មែរណាស្លៀកពាក់អីចឹង» «សូនីតាថតចង់បានប្តី» មានច្រើនទៀត! ហត់នឹងទៅចាំ។

សុំសួរថា៖​
– អោយតែមនុស្សស្រីបង្ហាញភាពស៊ិចស៊ី គឺដឹងតែខុស?
– អាចទេ និយមន័យនៃភាពស៊ិចស៊ី គឺខុសហ្នឹងរបៀបម៉េចវិញ?
– ភាពស៊ិចស៊ី ជាអ្វីអោយប្រាកដ? ខុសប្រពៃណី វប្បធម៌ខ្មែរ? ខុសកន្លែងណា? បើត្រូវ ត្រូវកន្លែងណា?
– តំលៃរបស់មនុស្សស្រី កំណត់បានតាមការស្លៀកពាក់ តែមួយមុខទេ?
– រូបភាពរបស់គេបង្ហាញន័យ «ក» អ្នកបង្ហោះត បង្ហាញន័យ «ខ» បែបហ្នឹង ត្រឹមត្រូវដែរ? ធ្វើបានតាមតែចិត្តបានដែរ អ្នកបង្ហោះតអើយ? ម្តងទៀតណា៎ សូនីតាសុំបញ្ជាក់ពីគោលបំណង អ្វីដែល នាងខ្ញុំចង់និយាយ វាមិនត្រឹមតែ អំពីការរក្សាសិទ្ធិកម្មសិទ្ធិបញ្ញាប៉ុណ្ណោះទេ តែចង់និយាយអំពីការបង្កាច់បង្ខូចកិត្តិយស។ អ្នកមានសិទ្ធិរបស់អ្នក។ ខ្ញុំមានសិទ្ធិរបស់ខ្ញុំ។ អ្វីដែលយើងត្រូវធ្វើឱ្យច្បាស់ គឺយើងមិនរំលោភសិទ្ធិគ្នាទេ!
សូមមេត្តាជ្រាប!
អរគុណចំពោះការគាំទ្រ និងយោគយល់។
អធ្យាស្រ័យ បើការប្រើប្រាស់ពាក្យសំដី មានខុស មានលើស ត្រង់ណា៕
សម្ដី មាន សូនីតា
សូមទស្សនារូបភាពខាងក្រោម៖​

Related posts

Leave a Comment