សង្គមគំរូបំផុត យុវជន ២ នាក់ស៊ូដើររាប់ម៉ោងឡើងភ្នំខ្នងផ្សារ ទៅរែកសំរាមដែលគេបោះចោលចុះមកវិញ

ខ្នងផ្សារទីឋានមួយកន្លែងស្ថិតនៅមុំបីចន្លោះខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ ត្រូវបានគេប្រដូចទៅនឹងឋានសួគ៌ក្រោមមេឃ ត្រូវមនុស្សម្នារសម្រុកទៅលេង ថតរូបកម្សាន្ត មិនដែលលុះថ្ងៃ ។ តែអ្វីដែលគួរឱ្យខកចិត្តបំផុតនោះ មិនបានប៉ុន្មានផងទីនោះ ដែលធ្លាប់លតែស្ងប់ស្ងាត់ ដែលធ្លាប់ជាទីសុខសាន្តនៃធម្មជាតិ ម្រឹគីម្រឹគា ប្រែក្លាយជាទីកន្លែងមួយ ដែលបន្សល់ទុកនូវគំនរសំរាមប្លាស្ទិកក្រោមស្នាដៃអ្នកទៅដល់ចោលគ្មានសណ្ដាប់ធ្នាប់ ។

ជារឿងគួរឱ្យស្ងប់ស្ងែងមួយយុវជនពីរនាក់ មានឆន្ទះហាក់ផ្ទុយពីមនុស្សមួយចំនួនដែលគ្រាន់តែចង់ឃើញទេសភាព ដែលខ្លួនប្រាថ្នាហើយក៏គ្រវែងសំរាមចោលចុះមកវិញនោះទេ តែពួកគេបានប្រមូលសំរាមដាក់ក្នុងកញ្ច្រែង និងរែកចុះមកវិញ ។ រយៈចម្ងាយនៃការឡើងភ្នំ និងឧបសគ្គលំបាកៗក្រោយផ្គរភ្លៀងមិនងាយស្រួល ដើម្បីទៅដល់ទីនោះឡើយ តែយុវជនទាំងពីរមិនបានរុញរាឡើយ ខំតស៊ូជម្នះរាល់ការលំបាកទៅយកសំរាមទាំងនោះចុះមកវិញ ដើម្បីធម្មជាតិដ៏ស្រស់បំព្រងនេះ ។

តាមរយៈគណនីយុវជនឈ្មោះ Chounchan Rita បានបង្ហោះពីសកម្មភាពប្រមូលសំរាមនៅលើភ្នំខ្នងផ្សារ ព្រមទាំងភ្ជាប់នូវសារប៉ុន្មានឃ្លាសរសេរជាភាសាខ្មែរ លាយអង់គ្លេសក្នុងន័យថា «ជំហានទី ១ នៅខ្នងផ្សារ ខ្ញុំមិនមានពាក្យអ្វីនិយាយទេ មានតែការសម្អាតប៉ុណ្ណោះ ប្រកួតយកសំរាមចុះពីភ្នំ» ។

បន្ទាប់ពីបានឃើញនូវទង្វើដ៏ប្រពៃនេះបានធ្វើឱ្យអ្នកប្រើបណ្ដាញសង្គម កោតសរសើរជាខ្លាំង តែក៏ពិតជាខកចិត្តនឹងអ្នកទេសចរទាំងនោះ មិនគួរណាតស៊ូឡើងភ្នំរាប់ម៉ោងបាន តែសំរាមតិចតួចយកចុះមកវិញមិនបានដូច្នេះសោះ ៕

Related posts

Leave a Comment