កំពូលស្ត្រីដៃឆៅបំផុតទាំង ៣ ប្រចាំឆ្នាំនីមួយៗ មានចិត្តឃោឃៅ មហាជនចាំមិនភ្លេច

រឿងរ៉ាវធ្វើទារុណកម្ម និងឃាតកម្ម ដោយជនបង្ករសុទ្ធតែស្ត្រីត្រូវបានមហាជនផ្ទុះការខឹងសម្បារជាខ្លាំង ។ ជនដៃដល់ជាស្ត្រីទាំង ៣ នាក់ត្រូវបានកត់ត្រាទុកជាជនដៃឆៅបំផុតប្រចាំឆ្នាំនីមួយៗ ។ ក្នុងនោះរួមមាន៖

១. ឆ្នាំ ២០១៨ ស្ត្រីវ័យ ៣៣ ឆ្នាំធ្វើទារុណកម្មលើក្មេងស្រីរយៈពេល ៤ ឆ្នាំ

​កាលពីខែឧសភា ឆ្នាំ ២០១៨ រឿងរ៉ាវស្ត្រីម្នាក់ធ្វើទារុណកម្មលើក្មេងស្រីអាយុ ១៦ ឆ្នាំបានផ្ទុះកក្រើកពេញផ្ទៃប្រទេស ។ កាលនោះជនដៃដល់​ឈ្មោះ​ ម៉េ​ង​ រ័​ត្ន​ពិសី​ អាយុ​ ៣៣​ ឆ្នាំ​ ជា​ម្ចាស់​ហាង​លក់​សម្លៀក​បំពាក់​នៅ​សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បានធ្វើទារុណកម្ម​លើ​ក្មេង​ស្រី​អាយុ​១៦​ ឆ្នាំ​ជា​កូនឈ្នួលយ៉ាងព្រៃផ្សៃ ។​

ស្ត្រីដ៏កំណាចនេះ បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​ជា​កូនឈ្នួល​តាំងពី​មាន​អាយុ​ ១២​ ឆ្នាំ​ ពោល​គឺ​ រយៈពេល​ ៤​ ឆ្នាំ​ ​។​ តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក្នុងឆ្នាំនោះ ក្មេង​ស្រីរងគ្រោះមាន​អាយុ​ ១៦​ ឆ្នាំ​ ​ឈ្មោះ​ ជា​ ស្រី​នូ​ ហៅ​ ស្រី​ពៅ​ មានស្រុក​កំណើត​ភូមិ​ទំនប់​ថ្មី​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ បាន​ចាប់ផ្តើម​ធ្វើ​ជា​អ្នកបម្រើ​នៅផ្ទះ​ជនសង្ស័យ​រ័​ត្ន​ពិសី​ចាប់តាំងពី​មាន​អាយុ​ ១២​ ឆ្នាំ​ ។​ ចាប់ពី​ពេល​នោះ​ហើយ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​រង​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ ​។​ ក្មេង​ស្រី​រង​គ្រោះ​ អះអាង​ថា​ ថៅកែ​ស្រី​បាន​យក​ដែក​វា​យក​ដំ​ជាំ​ពេញ​រាង​កាយ​ស្ទើរ​រាល់ថ្ងៃ​ក្នុង​រយៈពេល​ ៤​ ឆ្នាំ​កន្លង​មកនេះ ​។​ ស្រី​នូ​ថា​ ពេល​ខ្លះ​ម្ចាស់ផ្ទះ​រូប​នេះ​ បាន​យក​ម្ជុលដេរ​ខោអាវ​ចាក់​ពោះ​ និង​ភ្លៅនាង​ថែម​ទៀត​ផង ​។

២. ក្នុងឆ្នាំ ២០១៩ ស្ត្រីវ័យ ៣៥ ឆ្នាំ សម្លាប់មិត្តភក្ដិកាត់ជាកង់ៗដាក់ក្នុងទូរទឹកកក

រឿងរ៉ាវឃាតកម្មដ៏កក្រើកបំផុតមួយបានកើតឡើងក្នុងឆ្នាំ ២០១៩ ដោយស្ត្រីម្នាក់បានសម្លាប់មិត្តភក្ដិជាស្ត្រីដូចគ្នា កាត់ជាកង់ៗ ហើយបានដាក់ក្នុងទូរទឹកកក ។ ពេលនោះឃាតកម្មមួយនេះ ត្រូវបានល្បីរន្ទឺពាសពេញប្រទេស ក្រោយស្ត្រីជនដៃដល់បានសារភាព និងធ្វើត្រាប់ពេលសម្លាប់ជនរងគ្រោះដោយគ្មានញញើតមាត់អ្វីបន្តិចសោះ ។

គេនៅចាំមិនភ្លេចឃាតកម្មសម្លាប់មិត្តភក្ដិញាត់ទូរទឹកកកនេះ បានកើតឡើងក្រោយស្ត្រីរងគ្រោះឈ្មោះ គឹម យ៉ានាង បានទៅទារបំណុល ៧០០០ ដុល្លារ ។ ពេលនោះត្រូវស្ត្រីដៃឆៅឈ្មោះ ស៊ិន សុផល សម្លាប់ និងកាត់ជាកង់ៗដាក់ទូរទឹកក្លាស្សេ ។

៣. ក្នុងឆ្នាំ ២០២០ ស្ត្រីអាយុ ៤៣ ឆ្នាំ បានធ្វើទារុណកម្មក្មេងស្រីអាយុ ៥ ឆ្នាំដោយយកកាំបិតអារមុខស្រស់ៗ

មហាជនស្ទើរទូទាំងប្រទេសមានក្ដីអាណិតអាសូរជាពន់ពេកលើកុមារីអាយុ ៥ ឆ្នាំ ត្រូវស្ត្រីចិត្តឃោឃៅយកកាំបិតអាមុខ ច្រមុះ និងដៃឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ អំពើដ៏ព្រៃផ្សៃនេះបានកើតឡើង ព្រោះគំនុំគុំកួនរបស់ស្ត្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលខឹងក្មេងស្រីធ្វើឱ្យកូនប្រុសខ្លួនរបួសត្រង់ក្បាលបន្តិចបន្តួច ។ រំលងបាន ២ ថ្ងៃ ក្រោយក្មេងៗឈ្លោះគ្នា ស្រាប់តែស្ត្រីរូបនេះ បានចាប់ក្មេងស្រីមកអារ មុខ និងច្រមុះ ដៃ ធ្វើឱ្យឈាមស្រោចពេញខ្លួនគួរឱ្យខ្លោចផ្សារបំផុត ។

បើតាមសម្ដីរបស់ស្ត្រីជនដៃដល់វិញ បានរៀបរាប់មុខសមត្ថកិច្ចថា ខ្លួនពិតជាខឹងដែលក្មេងរងគ្រោះ ធ្វើឱ្យកូនខ្លួនមានរបួស ព្រោះកូនខ្លួនធំឡើងនឹងក្លាយជាតារា ។ មូលហេតុដែលនាំឱ្យខ្លួនហ៊ានធ្វើបែបនេះ ព្រោះចង់ឱ្យក្មេងស្រីនោះ មានស្លាកស្នាមដូចកូនខ្លួនដែរ ៕

Related posts

Leave a Comment