អេស៉្បាញ សម្លាប់សំពោចជិត ១០ ម៉ឺនក្បាលចោល ក្រោយរកឃើញភាគច្រើនមានផ្ទុកកូវីដ ១៩

ប្រទេស​អេស៉្បាញ បាន​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​សំពោច​ជិត ១០ ម៉ឺន​ក្បាល​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​នៅ​ភាគ​ឥសាន្ត​ប្រទេស ក្រោយ​ប្រកាស​រក​ឃើញ​ភាគ​ច្រើន​នៃ​សំពោច​ទាំង​នោះ​មាន​ផ្ទុក​វីរុស​កូវីដ ១៩ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ប្រចាំ​តំបន់​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ ខែ​កក្កដា​កន្លង​ទៅ​នេះ ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន លោក Joaquin Olona រដ្ឋ​មន្ត្រី​កសិកម្ម​ប្រចាំ​តំបន់ Aragon បាន​និយាយ​ថា ការ​សម្លាប់​នេះ រួម​បញ្ជូល​នឹង​ការ​សម្លាប់​សំពោច​ចំនួន ៩២ ៧០០ ក្បាល ដែល​ទុក​សម្រាប់​យក​ស្បែក និង ​រោម​នោះ ។

មាន​ទីតាំង​នៅ​តំបន់ Puebla de Valverde ចំងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ ភាគ​ពាយព្យ​នៃ​ឈូង​សមុទ្រ​ក្រុង Valencia កសិដ្ឋាន​ចិញ្ចឹម​សំពោច​នេះ ស្ថិត​ក្រោម​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​តាំង​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា​មក​ម៉្លេះ ក្រោយ​បុគ្គលិក​នៅ​ទីនោះ​ចំនួន ៧ នាក់​តេស្ត​វិជ្ជមាន​វីរុស​កូវីដ ១៩ ។ ចាប់​តាំង​ពី​ពេល​នោះ​មក សត្វ​ក្នុង​កសិដ្ឋាន​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​យក​ចេញ​ពី​ទីនោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កន្លែង​នោះ​នៅ​ជា​កសិដ្ឋាន​ចិញ្ចឹម​សំពោច​តែ​មួយ​គត់​ក្នុង​តំបន់ Aragon ។

លោក Olona បាន​ថ្លែង​បញ្ជាក់​ទៀត​ថា មន្ត្រី​ក្នុង​តំបន់​បាន​ចេញ​ប្រតិបត្តិការ​ធ្វើ​តេស្ត PCR ដែល​នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា​នេះ បាន​បង្ហាញ​លទ្ធផល​ថា ៨៧ ភាគរយ​នៃ​សត្វ​សំពោច​ទាំង​នោះ​មាន​ផ្ទុក​វីរុស​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​សម្លាប់​ពួកវា​ចោល ដើម្បី​ជា​ការ​បញ្ចៀស​ហានិភ័យ​ចម្លង​មក​មនុស្ស ៕

Related posts

Leave a Comment