ម្ដាយក្មេងស្រីរងគ្រោះ លម្អិតថ្ងៃក្មេងៗឈ្លោះគ្នា គាត់សុំទោសចេញថ្លៃព្យាបាល ឱ្យកូនស្ត្រីកំណាចនោះទៀត(មានវីដេអូ)

មហាជនស្ទើរទូទាំងប្រទេសមានក្ដីអាណិតអាសូរជាពន់ពេកលើកុមារីអាយុ ៥ ឆ្នាំ ត្រូវស្ត្រីចិត្តឃោឃៅយកកាំបិតអាមុខ ច្រមុះ និងដៃឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ អំពើដ៏ព្រៃផ្សៃនេះបានកើតឡើង ព្រោះគំនុំគុំកួនរបស់ស្ត្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលខឹងក្មេងស្រីធ្វើឱ្យកូនប្រុសខ្លួនរបួសត្រង់ក្បាលបន្តិចបន្តួច ។ ក្រោយរំលងបាន ២ ថ្ងៃ ក្រោយក្មេងៗឈ្លោះគ្នា ស្រាប់តែស្ត្រីរូបនេះ បានចាប់ក្មេងស្រីមកអារ មុខ និងច្រមុះ ដៃ ធ្វើឱ្យឈាមស្រោចពេញខ្លួនគួរឱ្យខ្លោចផ្សារបំផុត ។

ដោយឡែកបើតាមវីដេអូមួយ ដែលលោកជំទាវ ដេត ម៉ាលីណា ភរិយាឧកញ៉ា ឌួង ឆាយ បានបង្ហោះពេលទៅសួរសុខទុក្ខក្មេងស្រីរងគ្រោះ ម្ដាយក្មេងស្រីបានរៀបរាប់ថានៅថ្ងៃកើតហេតុកូនរបស់គាត់បានធ្វើឱ្យក្មេងប្រុស ត្រូវជាកូនស្ត្រីជនដៃដល់រងរបួសត្រង់ក្បាលប្រហែលប៉ុនកូនដៃ ហើយនៅថ្ងៃនោះអ្នកស្រីបានទៅសុំទោស និងថែមទាំងបានជូនទៅមន្ទីរពេទ្យចេញថ្លៃព្យាបាលទៀតផង ។ អ្នកស្រីមិននឹកស្មានថាស្ត្រីជាម្ដាយក្មេងប្រុសរូបនោះ មានការគុំកួន ហើយបានធ្វើបាបកូនស្រីឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ ។

បើតាមសម្ដីរបស់ស្ត្រីជនដៃដល់វិញ បានរៀបរាប់មុខសមត្ថកិច្ចថា ខ្លួនពិតជាខឹងដែលក្មេងរងគ្រោះ ធ្វើឱ្យកូនខ្លួនមានរបួស ព្រោះកូនខ្លួនធំឡើងនឹងក្លាយជាតារា ។ មូលហេតុដែលនាំឱ្យខ្លួនហ៊ានធ្វើបែបនេះ ព្រោះចង់ឱ្យក្មេងស្រីនោះ មានស្លាកស្នាមដូចកូនខ្លួនដែរ ៕

សូមទស្សនាវីដេអូ

Related posts

Leave a Comment