កសិករ តាក់ ណោ ប្តូរពីដាំដំឡូងមី មកដាំបន្លែចម្រុះទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន

ជាច្រើនឆ្នាំមកហើយ ដែលតម្លៃដំឡូងមីមិនទៀងទាត់ បានធ្វើកសិករមួយចំនួនឈប់ដាំដំឡូងមីងាកទៅរកដាំដំណាំផ្សេងៗជុំនួសវិញ ។ ក្នុងនោះកសិករ តាក់ ណោ រស់នៅក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ដែលមានដីចំការចំនួន ២០ ហិកតា ក៏បានប្តូរពីការដាំដំឡូងមីមកដាំបន្លែចម្រុះវិញម្តង ដែលធ្វើឱ្យគាត់បានចំណូលច្រើនជាងមុនផងដែរ ។

កសិករ តាក់ ណោ បានរៀប់រាប់ថា ក្នុងដីចម្ការរបស់គាត់ ២០ ហិកតា ពីមុនគាត់ដាំដំឡូងមី ប៉ុន្តែដោយសារតែទីផ្សារមិនទៀងទាត់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះគាត់ក៏សម្រេចចិត្តដាំបន្លែចម្រុះវិញម្តង ។ ពេលនេះគាត់កំពុងដាំត្រប់វែង ត្រប់ស្រួយ និង ត្រប់មូល លើផ្ទៃដី ៧ ហិកតា ដាំឪឡឹក ៦ ហិកតា ដាំត្រឡាច ១ ហិកតា ដាំឆៃថាវ ១ ហិកតា ដាំល្ពៅ ១,២ ហិកតា និង ដីនៅសល់គាត់ដាំបន្លែផ្សេងៗទៀត ដែលកំពុងចាប់ផ្តើមប្រមូលផលដំណាំគ្រប់មុខជាបណ្តើរៗហើយ ។

កសិករ តាក់ ណោ ក៏បានត្អូញត្អែពីបញ្ហាទីផ្សារលក់បន្លែផងដែរ ព្រោះតម្លៃបន្លែវាមិនទៀងទាត់ ម្តងឡើងម្តងចុះ ឆ្នាំនេះផ្លែឪឡឹកលក់​ក្នុង ១ ម៉ែត្រគូប ៣០ ម៉ឺនរៀល ក្នុងមួយឆ្នាំគាត់ដាំឪឡឹកពីរដងដែលកាលពីលើកទី ១ គាត់ លក់បាន ៣០ ម៉ែត្រគូប បានចំណូលជាង ៩ លានរៀល ចំពោះត្រប់វែង ខ្លី ស្រួយ គាត់លក់ ១ គីឡូក្រាម ក្នុងតម្លៃ ៦០០ រៀល ត្រឡាចលក់ ១ គីឡូក្រាម ក្នុងតម្លៃ ១០០០ រៀល ល្ពៅលក់ ១ គីឡូក្រាម ក្នុងតម្លៃ ១៥០០ ទៅ ២០០០ រៀល ចំពោះឆៃថាវវិញគាត់ដាំ ២ ដងក្នុង ១ ឆ្នាំ ដែលក្នុង ១ ដងដាំបាន ២៥ ទៅ ៣០ ​តោន គាត់លក់ក្នុង ១ ហិកតា ១២ លានរៀល ។ ឆៃថាវជាដំណាំស្រួលដាំជាងគេ ព្រោះដាំតែរយៈពេល ៥០ ថ្ងៃនឹងបានផល ។

ទោះបីកសិករ តាក់ ណោ មិនបានបង្ហាញពីផលចំណេញប្រចាំឆ្នាំរបស់គាត់ក្តី ក៏គាត់បានបង្ហើបឱ្យដឹងថា គាត់បានចំណូលច្រើនគួរសមជាងដាំដំឡូងមី ប៉ុន្តែវាហត់ជាងដាំដំឡូងមីបន្តិច ។ គាត់បន្តថា ដើម្បីដាំបន្លែទទួលបានជោគជ័យ គាត់បានរៀបចំប្រព័ន្ធស្រោចស្រប់យ៉ាងត្រឹមត្រូវ ហើយធ្វើការថែទាំយ៉ាងដិតដល់ ទើបទទួលផលបានល្អ ។

ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ក្នុងពេលចុះពិនិត្យកសិដ្ឋានដាំបន្លែរបស់កសិករ តាក់ ណោ នាពេលថ្មីៗនេះបានមានប្រសាសន៍ថា កសិករគួរតែចាប់យកមុខរបរដាំបន្លែនេះឱ្យបានច្រើន ដូចកសិករ តាក់ ណោ ព្រោះក្នុងកាលៈទេសៈនេះប្រទេសកម្ពុជាយើងត្រូវការបន្លែច្រើនណាស់ ប៉ុន្តែដើម្បីទទួលបានការគាំទ្រពីអ្នកបរិភោគ គឺទាមទារឱ្យកសិករអ្នកដាំបន្លែមានបច្ចេកទេសត្រឹមត្រូវ គ្មានប្រប្រាស់គីមី ។ ប្រសិនបើបងប្អូនត្រូវការទិញឪឡឹក ឬ បន្លែគ្រប់មុខនោះ អាចទាក់ទងមកកសិករ តាក់ ណោ តាមរយៈទូរស័ព្ទ ០៨៨ ៤៤ ១៦ ៩៩៦ ៕

Related posts

Leave a Comment