ទុក្ខជាន់ទុក្ខ! ត្រឹមមួយថ្ងៃ ប្រទេសឥណ្ឌូនេស៊ីរងគ្រោះរញ្ជួយដីកម្រិតខ្លាំងៗ ៣ ដងផ្ទួនៗ

កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ ប្រទេសឥណ្ឌូនេស៊ីបានរងគ្រោះដោយរញ្ជួយដីកម្រិតខ្លាំងៗដល់ទៅ ៣ ដងជាប់គ្នាក្នុងពេលត្រឹមមួយថ្ងៃ ។

ទីភ្នាក់ងារឧតុនិយមប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា រញ្ជួយដីកម្រិត ៥.២ បានធ្វើឱ្យកក្រើកទីក្រុង Yogyakarta នៅលើកោះ Java និង តំបន់ជុំវិញនោះយ៉ាងខ្លាំង បង្ករការខូចខាតជាទម្ងន់ ។ គ្រោះរញ្ជួយដីនេះមានជម្រៅ ១០ គីឡូម៉ែត្រ និង ទំហំ ១០៥ គីឡូម៉ែត្រ គ្រប់ដណ្តប់ភាគខាងត្បូងឆៀងខាងលិចនៃទីក្រុង ។

បន្ទាប់ពីនោះមិនប៉ុន្មាន រញ្ជួយដីមួយទៀតបានវាយប្រហារនៅក្នុងតំបន់ Banda Aceh កោះស៊ូម៉ាត្រា មានកម្រិតរហូតទៅដល់ ៥.៥ ជាមួយជម្រៅ ១០ គីឡូម៉ែត្រ និង គ្រប់ដណ្តប់ ១២១ គីឡូម៉ែត្រ នៅភាគខាងត្បូងទីក្រុង ។ ហើយនៅក្នុងថ្ងៃជាមួយគ្នានោះទៀតសោត ក៏មានគ្រោះរញ្ជួយដី កម្រិត ៥.២ ថ្មីមួយទៀត វាយប្រហារលើកោះ Maluku ផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅមានយ៉ាងហោចណាស់ ភ្នំភ្លើងចំនួន ៤៥០ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលហាក់មានសកម្មភាពនៅឡើយ ដូច្នេះគ្រោះរញ្ជួយដីក៏នៅតែបង្ករកើតមាននៅក្នុងប្រទេសនេះជារឿយ ។ ទោះបីជាយ៉ាងណាក៏ដោយគ្រោះរញ្ជួយដីផ្ទួនៗគ្នាក្នុងកម្រិតខ្លាំងទាំង ៣ លើកនោះ មិនបានបង្ករឱ្យមានរលកយក្សស៊ូណាមិឡើយ ៕

Related posts

Leave a Comment